អន្តរជាតិ
ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កំពុងជះឥទ្ធិពលលើការរស់នៅរបស់​មនុស្សបណ្ដើរៗ
03, Jul 2022 , 9:30 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
បច្ចុប្បន្ន បម្រែបម្រួលអាកាសធាតុកំពុងជះឥទ្ធិពលលើការរស់នៅរបស់មនុស្សតាមវិធី​ផ្សេងៗគ្នាបណ្ដើរៗហើយ។ ការរំខានដោយសារតែការឡើងកម្ដៅផែនដីបានប៉ះពាល់ដល់​បញ្ហាសុខភាពសាធារណៈ ថ្លៃចំណាយលើការរស់​នៅ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ ដែលបានអង្រួនសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង។ អង្គការសុខភាពពិភពលោក (WHO) បានលើក​ឡើងថា ការឡើងកម្ដៅផែនដី ជាកត្តាគំរាមកំហែងដ៏ធំបំផុតដែលកំពុងប្រឈមមុខនឹង​មនុស្សជាតិ។ ​

 
មនុស្សប្រហែលជាគិតថា ការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ដល់ការរស់នៅរបស់​មនុស្សនៅថ្ងៃអនាគត។ ប៉ុន្តែវាមិនដូច្នោះទេ ផលប៉ះពាល់នៃការឡើងកម្ដៅផែនដីកំពុងជះ​ឥទ្ធិពលមកលើការរស់នៅរបស់មនុស្សបណ្ដើរៗហើយ។ បញ្ហាដែលបង្កដោយការឡើង​កម្ដៅផែនដីទាំងនោះរួមមានដូចជា៖
 
១. បញ្ហាសុខភាពសាធារណៈ
 
បម្រែបម្រួលអាកាសធាតុ ជាកត្តាគំរាមកំហែងដល់សុខភាពដ៏ធំដែលមនុស្សជាតិកំពុងប្រឈម។ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា កម្ដៅផែនដីនឹងបង្កឱ្យមនុស្ស​ប្រមាណ ២៥ម៉ឺននាក់បាត់បង់ជីវិតក្នុងមួ​យឆ្នាំៗ ចន្លោះពីឆ្នាំ ២០៣០ ទៅដល់ ២០៥០។ ការស្លាប់ទាំងនោះអាចបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ គ្រុនចាញ់ រាគ និងភាពតានតឹង​ដោយសារកម្ដៅ។ ការកើនឡើងកម្ដៅផែនដីក៏រួមចំណែកធ្វើឱ្យគុណភាពខ្យល់កាន់តែ​អាក្រក់ ដែលអាចបង្កើនហានិភ័យ និងភាពធ្ងន់ធ្ងរនៃជំងឺហឺត។
 
២. បង្កើនឱកាសនៃការកើតមានជំងឺឆ្លងថ្មី
 
បម្រែបម្រួលអាកាសធាតុធ្វើឱ្យជំងឺរាតត្បាតថ្មី កាន់តែងាយកើតមាន ពីព្រោះនៅពេល​សីតុណ្ហភាពកើនឡើង សត្វព្រៃនឹងត្រូវផ្លាស់ប្តូរទីជម្រក។ នេះអាចនាំឱ្យពួកវាផ្លាស់​ទីមក​រស់នៅជិតចំនួនមនុស្ស ហើយបង្កើនឱកាសឱ្យមេរោគឆ្លងមកមនុស្ស និងបណ្តាលឱ្យមាន​ការរាតត្បាតនៃជំងឺថ្មីៗបន្តបន្ទាប់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយទិនានុប្បវត្តិ​វិទ្យាសាស្ត្រធម្មជាតិ។
 
៣. បង្កើនថ្លៃចំណាយក្នុងការរស់នៅ
 
អាកាសធាតុត្រជាក់ខ្លាំងពេក​ ក្ដៅពេក ការមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងពិសេស​ការរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាសង្គ្រាមអ៊ុយក្រែន បានក្លាយជាដើមហេតុដ៏អាក្រក់បង្ក​ផលប៉ះពាល់យ៉ាងខ្លាំងចំពោះបញ្ហាខ្សែច្រវាក់ផលិតកម្មផលិតផលផ្សេងៗសម្រាប់ផ្គត់ផ្គង់តម្រូវការពិភពលោកនាពេលថ្មីៗ​នេះ។ អស្ថិរភាពនៃការច្រវាក់ផលិតកម្ម បានធ្វើឱ្យតម្លៃ​ទំនិញកើនឡើង ពិសេសតម្លៃ​ចំណីអាហារ។
 
បញ្ហាបម្រែបម្រួលអាកាសធាតុជាបញ្ហាសកល និងគ្មានព្រំដែន ហើយថែមទាំងមានទំនាក់​ទំនងទៅនឹងគ្រប់វិស័យពិសេសសុខាភិបាល និងសេដ្ឋកិច្ច។ ផលប៉ះពាល់នៃការឡើងកម្ដៅ​កំពុងគំរាមកំហែងដល់ការរស់នៅរបស់មនុស្សហើយនាពេលឥឡូវនេះ។ វាលែងជាបញ្ហានា​ពេលអនាគតតទៅទៀតហើយ ដូច្នេះមនុស្សគួរតែយកចិត្តទុកដាក់លើបញ្ហាបរិស្ថានឱ្យ​បានខ្លាំងជាងមុន៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com