អន្តរជាតិ
៣នាក់ស្លាប់ក្នុងការបាញ់ប្រហារក្នុងផ្សារទំនើបនៅដាណឺម៉ាក
04, Jul 2022 , 2:00 pm        
រូបភាព
ប៉ូលិសដាណឺម៉ាក យាមកាមក្រោយការបាញ់ប្រហារ។ រូបថត Anadoulu Agency
ប៉ូលិសដាណឺម៉ាក យាមកាមក្រោយការបាញ់ប្រហារ។ រូបថត Anadoulu Agency
មនុស្សយ៉ាងហោចណាស់ ៣នាក់ត្រូវបានស្លាប់ និងជាច្រើននាក់​ទៀតត្រូវរងរបួសក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយនៅថ្ងៃទី៣ ខែកក្កដា ក្នុងផ្សារទំនើប Fisketorvet នៃរាជធានីកូប៉ិនហាក របស់​ដាណឺម៉ាក។ បើតាមមន្ត្រីប៉ូលិសដាណឺម៉ាក ខ្មាន់កាំភ្លើងដែលជាជនជាតិដាណឺម៉ាក ត្រូវបាន​ចាប់​ខ្លួន​រួចហើយ។

 
ខ្មាន់កាំភ្លើងក្នុងផ្សារទំនើបក្នុងទីក្រុងកូប៉ិនហាក ជាបុរសជនជាតិដាណឺម៉ាកវ័យ ២២ឆ្នាំម្នាក់។ រូបគេបានបាញ់សម្លាប់មនុស្ស៣នាក់ និងបណ្ដាលឱ្យ​មនុស្សជាច្រើននាក់ទៀតរងរបួស។ អធិការ​ក្រុងកូប៉ិនហាក លោក Soren Thomassen បានប្រាប់ទូរទស្សន៍ Aljazeera ថាក្នុងជនរងគ្រោះ ៣នាក់នោះ​មានម្នាក់​ជាបុរសអាយុ ៤០ឆ្នាំ និង២នាក់ទៀតជាក្មេង ហើយមនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស ក្នុង​នោះ​មាន​៣​នាក់​របួសធ្ងន់។ 
 
ការបាញ់ប្រហារនេះបង្កការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងដល់ប្រជាជនដាណឺម៉ាកនៅថ្ងៃចុងសប្តាហ៍ ស្របពេលប្រទេសនេះរៀបចំការប្រណាំងកង់ Tour de France ដែលមាន​អ្នក​គាំទ្រ​រាប់​សែន​នាក់​ចូល​រួម​តាម​ដង​ផ្លូវ​ទូទាំង​ប្រទេស។ 
 
«​​រាជធានីដ៏​ស្រស់​ស្អាត និងតែងតែមានសុវត្ថិភាព​របស់​យើង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ក្នុង​ពេលមួយ​វិនាទី​»។ នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានលើកឡើងបែបនេះក្នុង​សេចក្តីថ្លែងការណ៍​មួយ​នា​ល្ងាចថ្ងៃទី៣ ខែកក្កដា។ លោកស្រីលើកទឹកចិត្ត​ប្រជាជនឱ្យឈរជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក​ក្នុងគ្រាដ៏លំបាកនេះ។ 
 
យោងតាមសាក្សីក្នុងហេតុការណ៍ នៅពេលដែលការបាញ់ប្រហារផ្ទុះឡើង មនុស្សមួយចំនួន​ព្យាយាម​លាក់ខ្លួននៅក្នុងហាង ខណៈពេលដែលអ្នកផ្សេងទៀតភ័យស្លន់ស្លោររត់ជាន់គ្នា​ដើម្បីគេចខ្លួន។ ការបាញ់ប្រហារ ចាប់ផ្ដើមនៅម៉ោង៥និង៣៧នាទីល្ងាច ហើយជន​ល្មើសត្រូវបានចាប់ខ្លួន ១១​នាទី​ក្រោយពីធ្វើសកម្មភាព។ 
 
បន្ទាប់ពីការបាញ់ប្រហារ ព្រះរាជវាំងដាណឺម៉ាកបានលុបចោលការចូលរួមរបស់ព្រះ​អង្គម្ចាស់ Frederik ដែលត្រូវទៅស្វាគមន៍ការប្រណាំងកង់ Tour de France នៅ​ទីក្រុង Seonderborg៕
 

Tag:
 ដាណឺម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com