អន្តរជាតិ
អូស្ត្រាលី នឹងហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ហើយផ្ដល់រថពាសដែកឱ្យអ៊ុយក្រែនបន្ថែម
04, Jul 2022 , 3:15 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងកៀវ។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងកៀវ។ រូបថត AFP
រដ្ឋធានីកៀវនៅថ្ងៃទី៣ ខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស បានប្រកាសពីការផ្ដល់ជំនួយយោធាបន្ថែមទៀតឱ្យអ៊ុយក្រែនដើម្បីទប់ទល់សកម្មភាពយោធារុស្ស៊ី។ លើសពីនេះ អូស្ត្រាលីក៏​នឹងហាមឃាត់ការនាំចូលមាសពីរុស្ស៊ីដែរ។ លោក អាល់បានីស សន្យានឹងបង្ហាញពិភពលោក​ឱ្យកាន់​តែ​ច្បាស់ពីសាមគ្គីភាពរវាង​ប្រជាជនអូស្ត្រាលី និងប្រជាជនអ៊ុយក្រែន។

 
ថ្លែងក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីកៀវជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស បានលើកឡើងថា​​ អូស្ត្រាលីនឹងឈប់នាំចូល​មាស​ពីរុស្ស៊ី ហើយក៏នឹងដាក់​ទណ្ឌកម្មព្រមទាំង​បម្រាម​ធ្វើ​ដំណើរ​ទៅ​លើ​រដ្ឋមន្ត្រីនិង​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី១៦​រូប​ទៀត​ដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ បូកសរុបតួលេខចុងក្រោយ​ បុគ្គលរុស្ស៊ី​ដែល​ត្រូវ​រង​ទណ្ឌកម្មអូស្រ្តាលីសរុបមានរហូតដល់៨៤៣នាក់។
 
ជាមួយគ្នានោះ លោកអាល់បានីសបានប្រកាសថា ក្រុងកង់ប៉េរ៉ានឹងផ្ដល់ជំនួយយោធាចំនួន១០០ លាន​ដុល្លារអូស្ត្រាលីបន្ថែមទៀត (ស្មើនឹង៦៨លានដុល្លារអាម៉េរិក)។ មេដឹកនាំ​អូស្ត្រាលី​រូបនេះក៏​​បញ្ជាក់ថា អូស្ត្រាលីនឹងផ្ដល់សម្ភារយោធាបន្ថែមទៀតតាម ការស្នើសុំរបស់អ៊ុយក្រែនដែលរួម​មាន​រថពាសដែក​១៤​គ្រឿង រថយន្តយោធា Bushmaster ២០គ្រឿង និងដ្រូនមួយចំនួន។
 
«វាជាកិត្តិយសដ៏អស្ចារ្យសម្រាប់ខ្ញុំដែលបានក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលីដំបូងគេដែលមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន»។​ លោក អាល់បានីស ក៏បានលើកឡើងបែបនេះរួចបន្តថា ដំណើរ​ទស្សនកិច្ច​របស់លោកនឹងបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកអំពីសាមគ្គីភាពដែលរវាង​ប្រជាជនអូស្ត្រាលី និង​ប្រជាជនអ៊ុយក្រែន។
 
ទន្ទឹមគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានថ្លែងថា អូស្ត្រាលីកំពុងផ្តល់ជំនួយដ៏ ច្រើន​ដល់អ៊ុយក្រែនជាពិសេសការគាំទ្រផ្នែកការពារជាតិ ហើយកងកម្លាំងអ៊ុយក្រែនពិតជា​​ អរគុណ​យ៉ាង​ជ្រាលជ្រៅសម្រាប់រថយន្តយោធា ​Bushmaster ដែលអូស្ត្រាលីបានផ្ដល់ឱ្យពីមុនមក៕
 

Tag:
 អូស្ត្រាលី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com