កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកវិភាគ ៖ Ronaldo ចង់ចាកចេញពីបិសាចក្រហម ព្រោះខ្លាច Messi តាមទាន់កំណត់ត្រាខ្លួននៅ UCL
04, Jul 2022 , 3:46 pm        
រូបភាព
មូលហេតុនៃការសុំចាកចេញពីក្រុម Manchester United ពីសំណាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ព្រោះភ័យខ្លាចបាត់បង់កំណត់ត្រា ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League ទៅក្នុងដៃ Lionel Messi។ បើតាមលោក Tony Cascarino អ្នកវិភាគក្នុងកម្មវិធី TalkSPORT ថ្ងៃទី៣ ខែកក្កដា។



ក្រុម Manchester United គ្មានកៅអីលេង UEFA Champions League រដូវកាលក្រោយឡើយ ដោយក្រុមបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៦ នៅ Premier League ត្រឹមតែ ៥៨ពិន្ទុប៉ុណ្ណោះ។ គ្មានកៅអីលេងពានរង្វាន់កំពូលអឺរ៉ុបបែបនេះ កំពុងតែក្លាយជាបញ្ហាចោទដ៏ធំចំពោះក្រុមបិសាចក្រហម Man United ក្នុងការទាក់ទាញចិត្តកីឡាករល្បីៗឱ្យមកចូលរួមក្រុម ទោះស្ថិតក្រោមការដឹកនាំរបស់អ្នកការថ្មី Erik ten Hag ក្តី។
 
បើតាមអ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano កាលពីថ្ងៃទី២ ខែកក្កដា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្កការភ្ញាក់ផ្អើលដោយបានស្នើសុំក្លិបចាកចេញ ប្រសិនបើមានក្លិបណាចង់បានរូបគេ។ តែក្រុមបិសាចក្រហម រំពឹងរក្សា Ronaldo រហូតដល់រដូវកាលក្រោយ។
 
Ronaldo ចូលរួមជាមួយ Man United ត្រឹមរយៈពេល១រដូវកាលប៉ុណ្ណោះ ក្រោយផ្ទេរមកពី Juventus របស់អ៊ីតាលី ហើយមូលហេតុនៃការចាកចេញដ៏ចំបងបំផុតនោះគឺ Ronaldo ចង់បន្តលេងជាមួយក្លិបដែលមានកៅអី Champions League។

និយាយក្នុងកម្មវិធី TalkSPORT លោក Cascarino អតីតកីឡាករ Chelsea ប្រាប់ពីហេតុផលថា ការសុំចេញពីក្លិបរបស់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ព្រោះភ័យខ្លាចគូប្រជែង Messi តាមស្មើ ឬបំបែកកំណត់ត្រា ក្នុងនាមកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ Champions League។ 
 
«Ronaldo ជាកីឡាករម្នាក់ដែលតែងតែជោគជ័យជាមួយក្រុម និងសមិទ្ធផលផ្ទាល់ខ្លួនដែរ។ ពិតណាស់រូបគេអាចរកគ្រាប់បាល់បានច្រើន ក្លាយជាកីឡាករល្អជាងគេរាល់ការប្រកួត ហើយរាល់ពេលដែលឈ្នះនោះគេនឹងបន្តឈ្នះ ប្រសិនបើមិនឈ្នះពេលនោះវានឹងប្រែជាបញ្ហា។ និយាយទៅខ្ញុំសង្ស័យថា ពីព្រោះជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេរហូត ១៤១គ្រាប់ ទើបគេគេចង់នៅលេង Champions League ហើយ Messi ជាកីឡាករមានគ្រាប់បាល់តាមពីក្រោយមាន ១២៥គ្រាប់។»។ លោក Cascarino និយាយបែបនេះ។
 
Ronaldo កំពុងត្រូវការក្លិបថ្មីដែលមានកៅអីលេង Champions League ខណៈពេលគូរប្រជែងរបស់គេ គឺ Messi បន្តស្នាក់នៅ Paris Saint Germain ដែលមានកៅអីពានរង្វាន់កំពូលអឺរ៉ុបស្រាប់។
 
សូមជម្រាបថា ក្រោយពេលមានដំណឹងពីការសុំចាកចេញពីក្លិបបែបនេះ Ronaldo ត្រូវបានកាសែតជាច្រើនរាយការណ៍ថា ត្រូវបានក្លិបចំនួន៣រូបមាន Bayern Munich, Chelsea និង Napoli បានដាក់ការចាប់អារម្មណ៍នឹងបានទាក់ទងទៅលោក Jorge Mendes ដែលជាភ្នាក់ងារផ្ទាល់៕
 
 
 

Tag:
 Cristiano Ronaldo
  Champions league
© រក្សាសិទ្ធិដោយ thmeythmey.com