អន្តរជាតិ
អធិការបតីអាល្លឺម៉ង់៖ ប្រទេសក្នុងពិភពលោកឯកភាពមិនឈ្លានពានគ្នា ប៉ុន្តែត្រូវបានបំផ្លាញដោយរុស្ស៊ី
04, Jul 2022 , 5:09 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ លោក  អូឡាហ្វ ស្ហូល។ រូបភាព៖ Xinhua
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល។ រូបភាព៖ Xinhua
ពិភពលោក មានការឯកភាពមួយ ដែលវាគួរតែមិនមានការប៉ុនប៉ងក្នុងការផ្លាស់ប្តូរដែនដី ព្រំដែន ឬការឈ្លានពានប្រទេសជិតខាងឡើយ។ ប៉ុន្តែពេលនេះ កិច្ចព្រមព្រៀងនោះ ត្រូវបានបំផ្លាញដោយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីហើយ។ អធិការបតីអាល្លឺម៉ង់ លោក  អូឡាហ្វ ស្ហូល បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS ដែលចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា។

 
​ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យនយោបាយអន្តរជាតិផ្លាស់ប្តូរយ៉ាងខ្លាំង ដោយប្រទេសលោកខាងលិច ត្រូវបង្ខំចិត្តដាក់ទណ្ឌកម្មលើក្រុងមូស្គូ ដើម្បីជំរុញឱ្យបញ្ឈប់សង្រ្គាម។ 
 
ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ CBS ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ បានឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួលជុំវិញការឈ្លានពាននៅអ៊ុយក្រែនថា ប្រជាជនលើពិភពលោកសង្ឃឹមរស់នៅក្នុងស្ថានភាពដែលខុសពីសតវត្សរ៍មុនៗ។ ពោល គឺប្រទេសមានអំណាច ជាអ្នកកំណត់អនាគតរបស់ប្រទេសតូចៗ ប៉ុន្តែមិនមែនច្បាប់ ឬកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋឡើយ។ 
 
បើតាមលោក ស្ហូល រុស្ស៊ីបានបំផ្លាញក្ដីសង្ឃឹមនេះតាមការប្រើអំណាចរបស់ខ្លួនឈ្លានពានអ៊ុយក្រែន។
 
«យើងមានការឯកភាពមួយដែលគ្មានការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរដែនដី ព្រំដែន ឬឈ្លានពានប្រទេសជិតខាង។ ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានហែកចោលដោយលោក ពូទីន »។ លោក អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នេះជាពេលដ៌សំខាន់មួយ នៅក្នុងនយោបាយអន្តរជាតិ។ 
 
 
បើតាមលោកអូឡាហ្វ ស្ហូល សន្តិភាព កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ដោយសារជម្លោះមួយនេះ បានជំរុញឱ្យប្រទេសជាច្រើន រួមទាំងអាល្លឺម៉ង់បង្កើនការចំណាយលើវិស័យយោធា។ 
 
ទន្ទឹមនេះ មេដឹកនាំអាល្លឺម៉ង់ដដែល បានបន្តថា ពិភពលោក គួរតែបានត្រៀមជាមុនសម្រាប់ស្ថានភាពទាំងនេះ ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែន ជាមហន្តរាយដ៏ធំចំពោះការរំពឹងទុករបស់ប្រទេសទាំងអស់ ដែលស្វែងរកសន្តិភាព។ 
 
ក្នុងកិច្ចសម្ភាសដដែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់រូបនេះ បានចាត់ទុកលោកពូទីន ជាមនុស្សចក្រពត្ដិនិយមដូចនៅក្នុងសតវត្សរ៍ទី១៧, ទី១៨ និងទី១៩ ។ ត្រង់ចំណុចនេះ លោក អូឡាហ្វ ស្ហូល បានពន្យល់ថា ប្រសិនបើប្រទេសមួយមានអនុភាព ប្រទេសនោះ យកដែនដីនៃប្រទេសជិតខាងបាន។ ប៉ុន្តែ អាល្លឺម៉ង់ និងសម្ព័ន្ធយោធាណាតូ មិនយល់ស្របចំពោះសកម្មភាពបែបនោះបានទេ។
 
បន្ថែមពីនេះ អធិការបតីអាល្លឺម៉ង់ បានព្រមានលោកពូទីនថា រុស្ស៊ីមិនអាចឈ្លានពានប្រទេសផ្សេងលើពីអ៊ុយក្រែនឡើយ ហើយពិភពលោក រួមទាំងសម្ព័ន្ធយោធាណាតូ នឹងបញ្ជាក់ថា ផែនការនោះនឹងមិនអាចទៅរួច និងមិនទទួលជោគជ័យដែរ៕ 
 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com