កីឡាអន្តរជាតិ
អន្តរជាតិ
លោក Laporta ៖ Barcelona គ្មានចេតនាលក់ De Jong ឡើយ
04, Jul 2022 , 5:42 pm        
រូបភាព
លោក Joan Laporta ប្រធានក្លិប Barcelona ថ្ងៃទី៣ ខែកក្កដា អះអាងថា ក្លិបគ្មានចេតនាឡើយក្នុងការលក់ Frankie De Jong ដែលជាគោលដៅរបស់ក្លិប Manchester United ឡើយ។ Laporta បាននិយាយបន្ថែមថា De Jong គួរទទួលយកសំណើប្រាក់ឈ្នួលពីក្លិបរៀបចំ ដើម្បីស្នាក់នៅបន្ត។


De Jong ក្លាយជាខ្សែបម្រើលំដាប់ពិភពលោកប្រចាំតំបន់អឺរ៉ុប អំឡុងនៅជាកូនក្រុមរបស់លោក Erik ten Hag កាលនៅក្លិប Ajax Amsterdam មុនចូលរួម Barca ក្នុងឆ្នាំ ២០១៩។ ក្រោយពេលត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមបិសាចក្រហម លោក Ten Hag បានដាក់គោលដៅក្នុងការផ្ទេរកីឡាករ មកទឹកដី Old Trafford ដំបូងគេបំផុត គឺជា Frankie De Jong នេះតែម្តង។ 
 
ក្នុងពេលថ្មីៗនេះទៀតសោតខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានកាសែតជាច្រើនរាយការណ៍ថា ខិតជិតយល់ព្រមកិច្ចព្រមព្រៀងក្នុងការផ្ទេរទៅ Man United ក្នុងតម្លៃខ្លួនប្រមាណ​ ៦៦លានដុល្លារ ជាមួយប្រាក់បូកបន្ថែម Add-ons ២០លានដុល្លារ។
 
កីឡាករសញ្ជាតិហូឡង់រូបនេះ កាលពីខែមីនា បាននិយាយប្រាប់អ្នកកាសែតអំពីអនាគតថា ចង់បន្តស្នាក់នៅកីឡដ្ឋាន Camp Nou ដែលជាក្លិបក្នុងក្តីស្រម៉ៃ ប៉ុន្តែ បញ្ហាហិរញ្ញវត្ថុរបស់ក្លិបអ្នកមានបុណ្យ អាចធ្វើឱ្យរូបគេអាចត្រូវចាកចេញពីក្លិប។ 
 
លោក Laporta ជឿជាក់ថា De Jong រីករាយក្នុងការស្នាក់នៅជាមួយក្លិប ប្រសិនបើរូបគេយល់ព្រមលើកិច្ចព្រមព្រៀងប្រាក់ឈ្នួលថ្មីជាមួយក្លិប។
 
«Frankie De Jong គឺជាកីឡាករ Barca ហើយរូបគេបានប្រែក្លាយជាកីឡាដ៏ល្អម្នាក់ក្នុងពិភពលោក។ យើងដឹងច្បាស់ថាក្លិបត្រូវការគាត់ មិនមែនត្រឹម United ឡើយ។ យើងគ្មានចេតនាក្នុងការលក់គាត់ឡើយ។ កីឡាករដែលខ្ញុំចាប់អារម្មណ៍ចង់ស្នាក់នៅជាមួយយើង ហើយរឿងចំពោះមុខពេលនេះគឺបញ្ហាប្រាក់ឈ្នួលតែប៉ុណ្ណោះ រូបគេគួរទទួលយកសំណើរពីប្រធានក្លិប។»។ លោក Laporta ប្រាប់អ្នកកាសែតបែបនេះ។
 
De Jong បង្ហាញខ្លួនបាន ៤៧ប្រកួតសម្រាប់ Barca សម្រាប់រដូវកាល ២០២១-២២ ហើយរូបគេរកបានគ្រាប់បាល់៤គ្រាប់ និងមានស្ថិតិប៉ះបាល់ឱ្យមិត្តរួមក្រុមបានសម្រេច ៩១.១៨ភាគរយ ល្អជាងកីឡាករខ្សែបម្រើផ្សេងក្នុងក្លិប៕
 
 

Tag:
 Joan Laporta
  Barcelona
  Frankie De Jong
© រក្សាសិទ្ធិដោយ thmeythmey.com