កីឡាអន្តរជាតិ
អន្តរជាតិ
UEFA បង្កើនការប្រយុទ្ធប្រឆាំងការរើសអើងជាតិសាសន៍ លើកីឡាករតាមប្រព័ន្ធអ៊ីនធឺណិត
05, Jul 2022 , 8:29 am        
រូបភាព
សហព័ន្ធបាល់ទាត់អឺរ៉ុប​ (UEFA) បានប្រកាសដាក់ប្រើប្រាស់កម្មវិធីប្រយុទ្ធប្រឆាំងការរើសអើងជាតិសាសន៍ លើកីឡាករបាល់ទាត់តាមប្រព័ន្ធអ៊ីនធឺណិត ដែលសហការជាមួយក្រុមហ៊ុនបណ្តាញសង្គម ដើម្បីលុបមាតិការដែលបង្កការរងគ្រោះចេញ និងជួយបង្កើនការយល់ដឹងដល់អ្នកគាំទ្រ។ នេះបើតាម UEFA ថ្ងៃទី៣ ខែកក្កដា។


UEFA បានអះអាងបន្ថែមថា កម្មវិធីប្រយុទ្ធប្រឆាំងនេះ នឹងចាប់ផ្តើមប្រើប្រាស់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Women’s Euro 2022។ កម្មវិធីនេះ និងធ្វើការងារតាមដានសកម្មភាព ទទួលការរាយការណ៍ និងដោះស្រាយ លើករណីរើសអើងជាតិសាសន៍តាមបណ្តាញអ៊ីនធឺណិត។ 
 
ការកើតឡើងនូវបញ្ហារើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្រ លើកីឡាករតាមរយៈប្រព័ន្ធអ៊ីនធឺណិតនេះ កើតមានឡើងខ្លាំងបំផុត ក្រោយពេលការប្រកួត Euro 2020 រវាងក្រុមអង់គ្លេស និងក្រុមអ៊ីតាលីបញ្ចប់។ អង់គ្លេសប្រកួតចាញ់ក្រុមអ៊ីតាលី ដោយបាល់កាត់សេចក្តី១១ម៉ែត្រដោយលទ្ធផល ៣-២។ កីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka បានក្លាយជាជនរងគ្រោះពីមតិរើសអើងជាតិសាសន៍របស់អ្នកគាំទ្រ តាមបណ្តាញសង្គម ដោយសារស៊ុតបាល់ពិន័យមិនចូល។
 
«កម្មវិធីដែលមានមាតិការអំពីអាកប្បកិរិយានៃការគោរព នឹងកំណត់សកម្មភាពជាក់ស្តែងដើម្បីការពារការបំពានដោយទង្វើរើសអើង អំឡុងការប្រកួតផ្តាច់ព្រ័ត្រនានារបស់ UEFA។ កម្មវិធីនេះនឹងប្រើប្រាស់រហូតដល់៣ឆ្នាំបន្ទាប់ រាល់ការប្រកួតរបស់ក្រុមយុវជន ក្រុមនារី និងក្រុមបុរស ទូទាំងការប្រកួតផ្តាច់ព្រ័ត្រ ហើយដើម្បីឱ្យប្រាកដថា មាតិការអាក្រក់ទាំងនោះបានលុបចេញ UEFA ក៏បានធ្វើការងារផ្ទាល់ជាមួយក្រុមហ៊ុនបណ្តាញសង្គមនានាដែរ។»។ UEFA បានប្រកាសបែបនេះ។
 
តាមរបាយការណ៍ FIFA កាលពីខែឧសភាកន្លងទៅ យ៉ាងហោចណាស់មានកីឡាករជាងពាក់កណ្តាល ក្នុងព្រឹត្តិការណ៍ Euro 2020 និង Africa Cup of Nations (AFCON) 2022 ក្លាយជាគោលដៅនៃការរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត។
 
សូមជម្រាបថា ព្រឹត្តិការណ៍ Women’s UEFA Euro England 2022 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៧ខែកក្កដា ដោយអង់គ្លេស ត្រូវប្រកួតស្វាគមន៍ក្រុមនារី ដាណឺម៉ាក ហើយ UEFA ក៏នឹងដាក់ដំណើរការប្រពន្ធប្រយុទ្ធប្រឆាំងការរើសអើងនេះចាប់ពីថ្ងៃទី៦៕
 
 

Tag:
 UEFA
  Football
© រក្សាសិទ្ធិដោយ thmeythmey.com