អន្តរជាតិ
លោក ពូទីន បញ្ជាយោធារុស្ស៊ីបន្តប្រតិបត្តិការទៀត ទោះគ្រប់គ្រងតំបន់លូហានពេញទីក្តី
05, Jul 2022 , 11:59 am        
រូបភាព
ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu។ រូបភាពបានមកពីវេបសាយវិមានក្រេមឡាំង
ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu។ រូបភាពបានមកពីវេបសាយវិមានក្រេមឡាំង
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី៤ ខែកក្កដា បានបញ្ជាកម្លាំងយោធារុស្ស៊ី ដែលប្រតិបត្តិការនៅអ៊ុយក្រែន បន្តបេសសកម្មក្នុងតំបន់ដុនបាសបន្ថែមទៀត ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញនាពេលកន្លងមក។ ការប្រកាសរបស់លោកពូទីនបែបនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីទើបតែគ្រប់គ្រងតំបន់លូហានបានពេញទី។

 
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៣ ខែកក្កដា បានប្រកាសថា ខ្លួនបានគ្រប់គ្រងតំបន់លូហានទាំងស្រុង បន្ទាប់ពីក្រុង Lysychansk ដែលទីក្រុងដ៏សំខាន់ចុងក្រោយក្នុងតំបន់ ធ្លាក់ក្នុងដៃខ្លួន។ បន្ទាប់សម្រេចគោលដៅបានមួយផ្នែកហើយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកម្លាំងយោធាសម្រេចបេសកកម្មក្នុងតំបន់លូហានសម្រាក និងពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ ខណៈកម្លាំងយោធានៅកងពលផ្សេងទៀត ត្រូវបន្តប្រតិបត្តិតាមផែនការ ដែលបានកំណត់នាពេលកន្លងមក។ 
 
«កម្លាំងយោធាផ្សេងទៀត រួមទាំងកម្លាំងភាគខាងកើត និងភាគខាងលិច ត្រូវបំពេញកិច្ចការរបស់ខ្លួន ដោយផ្អែកតាមគម្រោង ដែលអនុម័តនាពេលកន្លងមក»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក្នុងថ្ងៃទី៤ ខែកក្កដា។ 
 
ទន្ទឹមនេះ លោកពូទីន បានបង្ហាញក្តីសង្ឃឹមថា កម្លាំងរុស្ស៊ី នឹងអាចសម្រេចគោលដៅខ្លួនទៅតាមគម្រោង ដូចដែលអ្វីកើតឡើងនៅក្នុងតំបន់លូហាន។ មិនតែប៉ុណ្ណោះ លោកពូទីន ក៏បានអបអរជ័យជម្នះនៅក្នុងតំបន់លូហានផង។ 
 
ចំណែក លោក Sergei Shoigu ដែលចាត់ទុករុស្ស៊ីបានរំដោះតំបន់លូហានដោយជោគជ័យ បានថ្លែងថា ក្នុងប្រតិបត្តិការយោធានេះ​ កម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន២២១៨នាក់ បានបាត់បង់ជីវិត ខណៈ៣២៥១នាក់ រងរបួស។ មិនតែប៉ុណ្ណោះ រថក្រោះ រថពាសដែក យន្តហោះចម្បាំង ប្រព័ន្ធការពារមីស៊ីល និងដ្រូនជាច្រើនគ្រឿង ត្រូវបានបំផ្លាញដែរ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិរូបនេះ មិនបានរាយការណ៍ឡើយ ថាតើ រុស្ស៊ីបានបាត់បង់កម្លាំងទ័ព រួមទាំងសម្ភារយោធាប៉ុន្មាន។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times មន្រ្តីក្រុងកៀវ បានអះអាងថា ការដណ្តើមបានក្រុង Lysychansk ធ្វើឱ្យរុស្ស៊ីបាត់បង់កម្លាំងទ័ពជាច្រើននាក់ និងសម្ភារយោធាជាច្រើនគ្រឿងផងដែរ។ មិនតែប៉ុណ្ណោះ យោធាអ៊ុយក្រែន នៅក្នុងថ្ងៃទី៣ ខែកក្កដាកន្លងទៅ បានបកស្រាយថា ការដកទ័ពរបស់ខ្លួនចេញពីក្រុងចុងក្រោយនៅក្នុងតំបន់លូហាននេះ គឺដើម្បីការពារជីវិតមនុស្ស ខណៈប្រធានាធិបតីអ៊ុយក្រែន បានសន្យាដណ្តើមយកតំបន់ដែលបាត់បង់ ត្រលប់មកវិញ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com