កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen យល់ព្រមសំណើកិច្ចសន្យា៣ឆ្នាំ ជាមួយក្រុមបិសាចក្រហមហើយ
05, Jul 2022 , 2:28 pm        
រូបភាព
រូបភាព៖ Eurosport
រូបភាព៖ Eurosport
Christian Eriksen ឆ្លើយយល់ព្រមហើយ ជាមួយសំណើរកិច្ចសន្យារយៈពេល៣ឆ្នាំ ជាមួយ Manchester United ក្រោយពេលពិភាក្សជាមួយលោក Erik ten Hag ដែលជាអ្នកចាត់ការរួច។ បើតាមការផ្សាយកាសែត The Guardian ថ្ងៃទី៥ ខែកក្កដា។


ខ្សែបម្រើសញ្ជាតិដាណឺម៉ាក ដែលបានចំណាយពេលជាង៤ខែ ជាមួយកិច្ចសន្យាលេងឱ្យក្រុម Brendford កាលពីរដូវកាល ២០២១-២២ ។ ពេលនេះរូបគេបានយល់ព្រមចូលរួមជាមួយក្រុមបិសាចក្រហម ហើយនឹងខិតជិតការធ្វើតេស្តសុខភាពឆាប់ៗ។
 
Eriksen បានវិលត្រលប់មកកាន់ទីលានប្រកួតវិញ កាលពីខែកុម្ភៈ ក្រោយពេលរូបគេត្រូវបានទទួលការជួយសង្រ្គោះ អំឡុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 ទល់ក្រុមហ្វាំងឡើង់ ដោយសារតែបញ្ហាគាំងបេះដូង។ ពេលទទួលការព្យាបាលបញ្ហាបេះដូង Eriksen ត្រូវបានក្រុម Inter Milan បញ្ចប់កិច្ចសន្យារវាងគេនិងក្លិបដែលនៅសល់ ក្រោមហេតុផលក្លិបមិនអាចរំពឹងខ្សែបម្រើរូបនេះ បន្តលេងបាល់ទាត់អាជីពឡើងវិញ។ 
 
មុនផ្ទេរមកកាន់ក្លឹប Brentford រដូវកាលមុន ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ខ្សែបម្រើវ័យ៣០ឆ្នាំ ក៏ធ្លាប់បានធ្វើដំណើរទៅហ្វឹកហាត់បាល់ទាត់ កម្លាំងនិងកាយសប្បទាជាមួយក្លិប Ajax Amsterdam ម្តងរួចដែរ។ ពេលនេះ Eriksen ក្លាយជាកីឡាករទីពីរហើយ បន្ទាប់ពីកីឡាករខ្សែការពារស្លាប Tyrell Malacia ដែលលោក Ten Hag នាំយកទៅទឹកដី Old Trafford សម្រាប់ការកសាងក្រុមជាថ្មី។
 
អតីតកីឡាកររបស់ Tottenham Hotspur បានធ្វើឱ្យលោក Ten Hag ចាប់អារម្មណ៍ ខណៈពេលរូបគេបានបង្ហាញខ្លួន ១០ប្រកួតឱ្យក្រុម Brentford ដែលឈរលេខ១៣ នៅក្របខណ្ឌ Premier League ហើយកីឡាករសញ្ជាតិដាណឺម៉ាកក៏បានជួយរកគ្រាប់បាល់ ១គ្រាប់ និងជួយបញ្ជូនបាល់៤គ្រាប់ឱ្យមិត្តរួមក្រុម។ 
 
ការមកដល់របស់ Eriksen ស្របពេលមានរឿងរ៉ាវអំពី Cristiano Ronaldo ដែលកំពុងតែស្នើសុំចាកចេញពីទឹកដី Old Trafford ។ បច្ចុប្បន្នកីឡាករវ័យ ៣៧ឆ្នាំ មិនទាន់វិលត្រលប់ចូលរួមហ្វឹកហាត់ជាមួយក្រុមវិញឡើយ ដោយសារហេតុផលគ្រួសារ។ ទោះបែបនេះក្តី ក្លិបបិសាចក្រហម ក៏បានអះអាងថា​ ក្រុមខ្លួន នឹងមិនលក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ដាច់ខាត។ នេះក៏ជាលើកទីពីរដែល Eriksen និងលោក Ten Hag ត្រូវរួមការងារក្នុងនាមជាកូនក្រុម និងគ្រូបង្វឹកឡើងវិញ។
 
លោក Ten Hag ដែលជាអ្នកចាត់ការថ្មីកំពុងតែចាប់ផ្តើមការងាររបស់ខ្លួន ក្នុងការកសាង ​Man United ខណៈកីឡាករមួយចំនួនដូចជា Frankie De Jong អតីតកូនក្រុមលោក នៅតែជាគោលដៅធំបំផុតសម្រាប់ទីផ្សារដោះដូរពេលនេះ។ ថ្មីៗនេះ កីឡាករ Lisandro Martinez របស់ Ajax ក៏ក្លាយជាគោលដៅថ្មីមួយរបស់លោក Ten Hag ខណៈប្រជែងជាមួយក្រុមកាំភ្លើងធំ Arsenal៕
 
 

Tag:
 Christian Eriksen
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com