អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នឹងធ្វើទស្សនកិច្ចនៅវៀតណាម មុនចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៊ី
05, Jul 2022 , 4:14 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នឹងធ្វើទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា តាមការអញ្ជើញរបស់សមភាគីវៀតណាម លោក បួយ ថាញ់សឺន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាម។ ទស្សនកិច្ចនេះ នឹងធ្វើឡើងស្របពេលប្រទេសទាំងពីរបារព្ធខួប​ ១០ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

 
ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី៤ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា តាមការអញ្ជើញពីរដ្ឋមន្រ្តីការបរទេស លោក បួយ ថាញ់សឺន ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នឹងធ្វើទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា។ 
 
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ក្រុងមូស្គូបែបនេះ ធ្វើឡើងស្របពេលភាគីទាំងពីរប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ វៀតណាម និងសហភាពសូវៀត បានបង្កើតទំនាក់ទំនងនៅក្នុងឆ្នាំ១៩៥០ ហើយនៅក្នុងឆ្នាំ២០០១ វៀតណាម និងរុស្ស៊ី ដែលជារដ្ឋស្នងវេន បានបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្ត។ ១១ឆ្នាំក្រោយ ប្រទេសទាំងពីរ បានអភិវឌ្ឍទំនាក់ទំនងទៅ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
ក្រុងមូស្គូ ជាដៃគូផ្គត់ផ្គង់អាវុធដ៏សំខាន់មួយសម្រាប់ក្រុងហាណូយ ហើយក្រុមហ៊ុនរុស្ស៊ីមួយចំនួន ក៏មានគម្រោងរកស៊ីផ្នែកប្រភពថាមពលនៅវៀតណាមផង។ រុស្ស៊ីមានគម្រោងវិនិយោគ១៥១នៅក្នុងវៀតណាម ដែលមានទំហំទឹកប្រាក់ច្រើនជាង ៩៥០លានដុល្លារ។ បន្ថែមពីនេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២១ មានទំហំ ៧,១ពាន់លានដុល្លារ ដោយកើនឡើង ៧,១ភាគរយ បើធៀបនឹងឆ្នាំ២០២០។ 
 
ក្នុងនាមជាដៃគូជិតស្និទ្ធ ក្រុងហាណូយ នៅខែមេសាកន្លងទៅ បានបោះឆ្នោតប្រឆាំង នឹងសេចក្តីសម្រេចព្យួររុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សថែមទៀត បន្ទាប់ពីប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។ 
 
ក្រោយទស្សនកិច្ចនៅវៀតណាម លោក ឡាវរ៉ូវ នឹងបន្តចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ថ្នាក់រដ្ឋមន្រ្តីការបរទេស  ដែលរៀបចំឡើងនៅកោះបាលី ឥណ្ឌូណេស៊ីទៀត៕ 
 

Tag:
 រុស្ស៊ី
  វៀតណាម
  G20
© រក្សាសិទ្ធិដោយ thmeythmey.com