អន្តរជាតិ
នាយករដ្ឋមន្រ្តីអ៊ុយក្រែនថា គួរយកលុយរឹបអូសបានពីរុស្ស៊ី ដើម្បីស្ថាបនាអ៊ុយក្រែនឡើងវិញ
05, Jul 2022 , 5:26 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកDenys Shmygal នៅថ្ងៃទី៤ ខែកក្កដា បានលើកឡើងថា ការស្ថាបនាអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី​ អាចមានទំហំរហូតដល់ ៧៥០ពាន់លានដុល្លារឯណោះ។ បើតាមប្រមុខរដ្ឋាភិបាលអ៊ុយក្រែនរូបនេះ លុយដែលរឹបអូសពីអភិជន និងរដ្ឋាភិបាលរុស្ស៊ី គួរតែត្រូវបានប្រើដើម្បីជួយចេញថ្លៃខូចខាតទាំងនោះ។

 
ជាងរយៈពេល១០០ថ្ងៃហើយ ដែលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ហេដ្ឋារចនាសម្ព័ន្ធ អគារ ផ្ទះសម្បែងជាច្រើនកន្លែងត្រូវបានបំផ្លាញ ខណៈប្រជាជនជាច្រើនពាន់នាក់ បានបាត់បង់ជីវិត និងរងរបួស។ ក្នុងសន្និសីទស្តារអ៊ុយក្រែនឡើងវិញនាក្រុង Lugano ទឹកដីស្វ៊ីស នៅថ្ងៃទី៤ ខែកក្កដា ប្រមុខរដ្ឋាភិបាលអ៊ុយក្រែន លោក Denys Shmygal បានអះអាងថា ទំហំនៃការរៀបចំអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី អាចមានតម្លៃរហូតដល់ទៅ៧៥០ពាន់លានដុល្លារឯណោះ។ 
 
ត្រង់ចំណុចនេះ លោក Denys Shmygal យល់ថា ប្រភពថវិកាដ៏សំខាន់ គួរតែយកមកពីក្រុមអ្នកមានរបស់រុស្ស៊ី និងរុស្ស៊ីតែម្តង។ 
 
«យើងជឿថា ប្រភពក្នុងការស្ថាបនាឡើងវិញដ៏ គួរតែជាទ្រព្យរឹបអូសរបស់រុស្ស៊ី និងអភិជនរុស្ស៊ី»។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កកទុកមានទំហំចាប់ពី ៣០០ពាន់លានដុល្លារ ទៅ ៥០០ពាន់លានដុល្លារ។ បើតាមលោក Shmygal អាជ្ញាធររុស្ស៊ី ជាអ្នកផ្តើមសង្រ្គាមបង្ហូរឈាមមួយនេះ និងបានបំផ្លាញអ៊ុយក្រែនយ៉ាងខ្លាំង។ ក្នុងន័យនេះ រុស្ស៊ី គួរតែទទួលខុសត្រូវចំពោះបញ្ហាខាងលើ។ 
 
ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអ៊ុយក្រែនបែបនេះ គឺស្រដៀងនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី Liz Truss ដែលបានលើកឡើងថា អង់គ្លេស កំពុងស្វែងរកជម្រើសក្នុងការរៀបចំទ្រព្យសម្បត្តិរបស់រុស្ស៊ី។ ប្រមុខការទូតអង់គ្លេស បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្រៅសន្និសីទខាងលើថា រុស្ស៊ី គួរតែទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ខណៈអ៊ុយក្រែនត្រូវការជំនួយ ដើម្បីស្ថាបនាប្រទេសឡើងវិញ។ 
 
ចំណែកលោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប ក្នុងសន្និសីទស្ថាបនាអ៊ុយក្រែនឡើងវិញ បានថ្លែងថា សហភាពអឺរ៉ុប អាចបង្កើតកម្មវិធីមួយ ដើម្បីសម្របបម្រួលកិច្ចខិតខំកសាងឡើងវិញ និងផងដែរជួយអ៊ុយក្រែន ក្នុងការរក្សាឋានៈជាបេក្ខភាពនៃសមាជិកភាពសហភាពអឺរ៉ុប។ កម្មវិធីមួយនេះ នឹងរៀបចំគម្រោងសម្រាប់វិនិយោគ រួមទាំងធនធាន។ 
 
តាមការបញ្ជាក់របស់លោកស្រី វ៉ុន ដឺ លៃអេន ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង សហភាពអឺរ៉ុប បានប្រមែប្រមូលថវិកាប្រមាណ ៦,៤៨ពាន់លានដុល្លារ ដើម្បីជួយគាំទ្រហិរញ្ញវត្ថុដល់អ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com