អន្តរជាតិ
លោកហ្សេលេនស្គី ដកប្រេសិតអ៊ុយក្រែននៅប្រទេសមួយចំនួនចេញ ដើម្បីរៀបចំទំនាក់ទំនងការទូតឡើងវិញ
10, Jul 2022 , 10:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី ៩ ខែកក្កដា បានចេញក្រឹត្យមួយបណ្តេញអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអាល្លឺម៉ង់ និងប្រទេសមួយចំនួនចេញ ក្រោមហេតុផលរៀបចំ និងពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងនោះឡើងវិញ។ ក្នុងចំណោមនោះ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអាល្លឺម៉ង់ទំនងជាបង្កភាពចម្រូងចម្រាសជាងគេរវាងទំនាក់ទំនងក្រុងកៀវ និងក្រុងបែរឡាំង។

 
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី ៩ ខែកក្កដា បានចេញផ្សាយក្រឹត្យមួយស្តីពីការបណ្តេញអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហុងគ្រី ន័រវេស សាធារណរដ្ឋឆែក និងឥណ្ឌា ក៏ដូចជាប្រេសិតជាន់ខ្ពស់ប្រចាំម៉ាល់ឌីវ នេប៉ាល់ ស្រីលង្កា និងបង់ក្លាដែស។ 
 
ក្រឹត្យនោះមិនបានបញ្ជាក់ពីមូលហេតុនៅពីក្រោយការបណ្តេញចេញនេះទេ ព្រមទាំងមិនបានលម្អិតថាអ្នកណានឹងជំនួសតំណែងអគ្គរដ្ឋទូតទាំងនោះឡើយ ហើយប្រេសិតជាន់ខ្ពស់ទាំងអស់នោះនឹងទទួលបានការងារអ្វី។ ប៉ុន្មានម៉ោងក្រោយការប្រកាសនេះ លោក ហ្សេលេនស្គី បញ្ជាក់ក្នុងសារវីដេអូថា ការផ្លាស់ប្តូរអគ្គរដ្ឋទូតនេះ គឺគ្រាន់តែជាការអនុវត្តផ្នែកការទូតធម្មតាប៉ុណ្ណោះ។ 
 
«អ្នកតំណាងអ៊ុយក្រែនថ្មី នឹងត្រូវបានតែងតាំងប្រចាំសាធារណរដ្ឋឆែក អាល្លឺម៉ង់ ហុងគ្រី ន័រវេស និងឥណ្ឌា។ បេក្ខជនទាំងនោះកំពុងចាត់ចែងដោយក្រសួងការបរទេស»។ មេដឹកនាំអ៊ុយក្រែន បានអះអាងបែបនេះ។ 
 
ពាក់ព័ន្ធនឹងរឿងនេះ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអាល្លឺម៉ង់ លោក Andriy Melnyk ហាក់ដូចជាមានរឿងចម្រូងចម្រាសជាងគេ ក្នុងចំណោមអគ្គរដ្ឋទូតដែលត្រូវបានបណ្តេញចេញនោះ។ លោក Melnyk បានកាន់តំណែងជាអគ្គរដ្ឋទូតប្រចាំអាល្លឺម៉ង់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ ប៉ុន្តែ កាសែតអាល្លឺម៉ង់ Bild និង Sueddeutche Zeitung បានរាយការណ៍នៅដើមសប្តាហ៍នេះថា លោកនឹងចាកចេញពីក្រុងបែរឡាំង ហើយចូលកាន់តំណែងផ្សេងក្នុងក្រសួងការបរទេសនៅទីក្រុងកៀវ។
 
ទំនាក់ទំនងរវាងក្រុងកៀវ និងក្រុងបែរឡាំង មិនសូវជាគាប់ប្រសើរប៉ុន្មានទេ តាំងពីសង្រ្គាមនៅអ៊ុយក្រែនចាប់ផ្តើម។ លោក Melnyk កន្លងមក បានរិះគន់រដ្ឋាភិបាលក្រុងបែរឡាំងដែលយឺតយ៉ាវ ក្នុងការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ហើយក៏បានព្យាយាមជំរុញឱ្យរដ្ឋាភិបាលលោក អូឡាហ្វ ស្ហូល ជួយអ៊ុយក្រែនឱ្យបានច្រើនជាងនេះទៀតដែររួមមានកាត់ផ្តាច់ប្រេងពីរុស្ស៊ីជាដើម ខណៈអាល្លឺម៉ង់ពឹងផ្អែកយ៉ាងខ្លាំងលើថាមពលពីរុស្ស៊ី។ 
 
មិនតែប៉ុណ្ណោះ ការផ្លាស់ប្តូរអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអាល្លឺម៉ង់នេះត្រូវបានប្រកាសឡើងភ្លាមៗ បន្ទាប់ពីអំឡុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្ធផ្សាយអាល្លឺម៉ង់លោក Melnyk បាននិយាយលើកតម្កើង និងការពារមេដឹកនាំជាតិនិយមអ៊ុយក្រែន លោក Stepan Bandera ដែលត្រូវបានចោទប្រកាន់ថាបានរួមដៃជាមួយណាហ្ស៊ីអាល្លឺម៉ង់សម្លាប់ជនជាតិ ប៉ូឡូញ និងជ្វីប ក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ។  
 
ក្រោយមក ក្រសួងការបរទេសអ៊ុយក្រែនក៏បានចេញសេចក្តីថ្លែងការណ៍មួយថា គំនិតរបស់លោក Melnyk ដែលបានលើកឡើងក្នុងបទសម្ភាសគឺជារបស់ទស្សនរបស់លោកទាំងអស់ មិនមែនសបញ្ជាក់ពីជំហរផ្លូវការរបស់ក្រុងកៀវនោះទេ៕
 

Tag:
 អ៊ុយក្រែន
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com