ជាតិ
រដូវវស្សា៖ ទេសចរមានបំណងឡើងភ្នំ ឬចូលព្រៃ គួរត្រៀមអ្វីខ្លះ?
11, Jul 2022 , 9:59 am        
រូបភាព
រូបភាពដោយលោក ជួន ភិរម្យ
រូបភាពដោយលោក ជួន ភិរម្យ
ដោយ:
ការដើរកម្សាន្តបែបផ្សងព្រេង ជាដំណើរកម្សាន្តដ៏ពេញនិយមមួយនាពេលកន្លងមក។ ប៉ុន្តែរដូវវស្សាឈានចូលមកដល់ ទេសចរមួយចំនួនហាក់ស្ទាក់ស្ទើរក្នុងការរៀបចំកញ្ចប់ទេសចរណ៍ ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ដូចជាឡើងភ្នំ និងចូលព្រៃ។ ទោះក្នុងរដូវវស្សា ក៏ទេសចរអាចដើរកម្សាន្តបែបផ្សងព្រេងបានដែរ    តែត្រូវត្រៀមសម្ភារៈ និងការធ្វើដំណើរ។ សារព័ត៌មានThmeyThmey25 បានធ្វើកិច្ចសម្ភាសលោក ជួន ភិរម្យ អ្នកមានបទពិសោធដើរព្រៃ និងឡើងភ្នំជាង២០ឆ្នាំ ពីការត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តផ្សងព្រេង ក្នុងរដូវវស្សា។

 
សូមអញ្ជើញលោក អ្នកនាង អានកិច្ចសម្ភាសដូចតទៅ៖
 
ជឿន ស្រីណយ៖ លោក ជួន ភិរម្យ ជាអ្នកចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង ហើយលោកក៏មានបទពិសោធដើរកម្សាន្តបែបផ្សងព្រេងតាំងពីឆ្នាំ ២០០១មក មិនថាក្នុងរដូវវស្សា ឬរដូវប្រាំងនោះទេ។ ទេសចរមួយចំនួនមិនរៀបកញ្ចប់ទេសចរណ៍បែបផ្សងព្រេងក្នុងរដូវវស្សានោះទេ ដោយបារម្ភពីបញ្ហាភ្លៀងធ្លាក់ ។ តើលោក ជួន ភិរម្យ អាចបញ្ជាក់បានទេ ថាក្នុងរដូវវស្សាទេសចរអាចដើរផ្សងព្រេងបានទេ? ហើយឧបសគ្គអ្វីខ្លះដែលទេសចរអាចប្រឈម?
 
ជួន ភិរម្យ៖ ក្នុងរដូវវស្សា អាចផ្សងព្រេងបាន តែអាស្រ័យលើកន្លែងដែលទេសចរគាត់ចង់ទៅដែរ។ ជាធម្មតាការឡើងភ្នំមិនថាក្នុងរដូវប្រាំង ឬរដូវវស្សាសុទ្ធតែមានឧបសគ្គ។ ប៉ុន្តែឧបសគ្គប្លែក និងខុសគ្នា ដោយសាររដូវវស្សាមានភ្លៀង អ៊ីចឹងឧបសគ្គមានច្រើនជាងរដូវអត់ភ្លៀង។ ការឡើងភ្នំ គឺជាការឡើងចំណោត ដែលរអិល បញ្ហាទឹកហូរ លំបាកក្នុងការធ្វើដំណើរ។ ចំណែកតំបន់ដែលមានថ្ម អាចមានស្លែ ពេលយើងដើររអិល។ ជាពិសេសនៅតំបន់ភ្នំសម្បូរអូរ និងស្ទឹង អ៊ីចឹងពេលភ្លៀងខ្លាំងអូរត្រូវបានទឹកឡើងខ្ពស់ ហើយយើងត្រូវឆ្លងអូរ តែទឹកហូរខ្លាំងដែលអាចមានបញ្ហា បើយើងអត់មានសម្ភារសម្រាប់ជួយ។ មួយទៀតការឡើងភ្នំ ឬចូលព្រៃនៅរដូវវស្សាអាចចំណាយពេលខុសគ្នា។ ចំពោះបញ្ហាសត្វព្រៃវិញ គឺកម្រជួបណាស់។

រូបភាព៖ ជួន ភិរម្យ​
 
ជឿន ស្រីណយ៖ ការដើរផ្សងព្រេងក្នុងរដូវវស្សាមានឧបសគ្គច្រើន និងបញ្ហាប្រឈម មួយចំនួន ដូច្នេះតើទេសចរគួរត្រៀមអ្វីខ្លះសម្រាប់ដំណើរកម្សាន្តរបស់ពួកគេ?
 
ជួន ភិរម្យ៖ ទេសចរត្រូវត្រៀមខ្លួន និងសម្ភារមួយចំនួន។ បើសិនយើងចូលចិត្តសម្រាកនៅក្នុងតង់ យើងដាក់តង់ទៅ តែបើចូលចិត្តអង្រឹង យើងយកអង្រឹង ប៉ុន្តែត្រូវមានតង់គ្របពីលើ។ សម្រាប់សម្លៀកបំពាក់ យើងត្រូវរៀបចំសម្លៀកបំពាក់ណាងាយស្ងួតក្នុងរដូវវស្សា។ សម្រាប់បទពិសោធខ្ញុំវិញ យើងកុំពាក់ស្បែកជើង Waterproof (មិនជ្រាបទឹក) ព្រោះស្បែកជើងនោះទឹកចូលហើយមិនហៀរចេញវិញទេ។ យើងពាក់ស្បែកយើង waterproof សម្រាប់តែភ្លៀងតិចតួច ឬដើរកាត់ទឹកតិចតួចទេ។ យើងគួរតែប្រើស្បែកជើងសម្រាប់ឡើងភ្នំធម្មតា។ យើងត្រូវត្រៀមថ្នាំពេទ្យ ថ្នាំការពារសត្វល្អិត ដោយសារខែវស្សាសម្បូរមូស និងទាក។ ចំណែកម្ហូបអាហារគួរត្រៀមឱ្យលើសមួយពេល ឬពីរពេល ព្រោះពេលខ្លះយើងចុះមកភ្លៀងខ្លាំង ដូច្នេះយើងត្រូវរង់ចាំ ៥ទៅ៦ម៉ោង។ ជាពិសេសយើងត្រូវមានប្រជាសហគមន៍ជាអ្នកនាំផ្លូវ។

ជឿន ស្រីណយ៖ ការឡើងភ្នំ ឬចូលព្រៃក្នុងរដូវវស្សាមានឧបសគ្គ និងការត្រៀមខ្លួនបាន។ ប៉ុន្តែលោក ជួន ភិរម្យ អាចប្រៀបធៀបបានទេរវាងទេសភាព ក្នុងរដូវប្រាំង និងរដូវវស្សា នៅតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន ?
 
ជួន ភិរម្យ៖ តំបន់ខ្លះរដូវប្រាំង ឬរដូវរំហើយមានទេសភាពស្អាតបែបផ្សេង ហើយរដូវវស្សាមានទេសភាពស្អាតផ្សេង។ ប៉ុន្តែភាគច្រើនតំបន់ទេសភាពសំខាន់ៗដូចជា វាលធំ ខ្នងផ្សា ខ្នងក្រពើ គឺស្អាតគ្រប់វិនាទី។ ទេសភាពប្លែករហូត។ ទេសចរអាចទទួលបានបទពិសោធ និងអារម្មណ៍ខុសៗគ្នា។ បើទៅក្នុងរដូវវស្សាគាត់ឃើញទេសភាពបៃតង ប៉ុន្តែបើរដូវរំហើយទេសភាពស្មៅប្រែទៅជាពណ៌មាស ហើយស្លឹកឈើក៏ប្រែពណ៌ ជ្រុះស្លឹក។ បើនិយាយឱ្យខ្លី ទេសភាពស្អាតដូចគ្នា តែខុសអារម្មណ៍គ្នា។
 
សូមជម្រាបថា នារដូវវស្សាតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន បានធ្លាក់ចុះចំនួនភ្ញៀវទេសចរទៅកម្សាន្ត ដោយសារមូលហេតុផ្លូវខូច ពិបាកធ្វើដំណើរ។ ជាក់ស្ដែងទេសចរឡើងភ្នំឱរ៉ាល់ ថយចុះយ៉ាងគំហុក ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់៕
 
 

Tag:
 ជួន ភិរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com