ជាតិ
សង្គមជាតិ
អតីតបុគ្គលិកណាហ្គាវើលដ៍​៥នាក់ទៀត ព្រមទទួលយកសំណង
19, Jul 2022 , 5:29 pm        
រូបភាព
ការតវ៉ារបស់អតីតបុគ្គលិកណាហ្គាវើលដ៍ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ រូបភាព៖ ឡាយ សុភាវតី
ការតវ៉ារបស់អតីតបុគ្គលិកណាហ្គាវើលដ៍ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ រូបភាព៖ ឡាយ សុភាវតី
ភ្នំពេញ៖ អតីតបុគ្គលិកណាហ្គាវើលដ៍៥នាក់បន្ថែមទៀត យល់ព្រមទទួលសំណងពីភាគីក្រុមហ៊ុន ដើម្បីបញ្ចប់ការងារដោយស្របច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។


ក្រុមអ្នកជំនាញ នៃក្រសួងការងារ បានទូទាត់ប្រាក់ដំណាច់កិច្ចសន្យាការងារ ដល់អតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៥នាក់បន្ថែមទៀតរួចរាល់ហើយ។ ក្រសួងការងារបញ្ជាក់ក្នុងលិខិតមួយចុះថ្ងៃទី១៩កក្កដានេះ ដោយបន្តទៀតថា  នៅសល់អតីតបុគ្គលិកណាហ្គាវើលដ៍ តែ១៥៨នាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់ព្រមទទួលសំណង។ លិខិតដដែលសរសេរយ៉ាងដូច្នេះ៖ «អតីតបុគ្គលិក៥រូប បន្ថែមទៀត ក្នុងចំណោមអតីតបិគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ…»។ 
 
បើតាមក្រសួងការងារ បច្ចុប្បន្នមានអតីតបុគ្គលិកណាហ្គាវើដ៍២១៥រូប ក្នុងចំណោម៣៧៣នាក់ បានទទួលសំណង ក្នុងនោះមាន ១៤នាក់ ទើបយល់ព្រមទទួលសំណង នៅក្នុងខែកក្កដានេះ។
 
 
សូមជម្រាបថា នាអំឡុងចុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសបញ្ឈប់បុគ្គលិក ជាង១ ៣០០នាក់។ បុគ្គលិករាប់រយនាក់ដែលមិនពេញចិត្តនឹងការបញ្ឈប់នេះ បានចុះផ្លូវតវ៉ា ចាប់តាំងពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។ ពួកគេទាមទារ ឲ្យភាគីក្រុមហ៊ុន ទទួលយកបុគ្គលិកជាង ៣៧៣នាក់ចូលធ្វើការវិញ។ យ៉ាងណា ការតវ៉ាជាច្រើនលើកនោះ ពុំទទួលបានផ្លែផ្កាឡើយ ហើយថែមទាំងមានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ ប៉ុន្តែក្រោយមកក៏ដោះលែងវិញ៕ 
 
 

Tag:
 ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com