ជាតិ
ពីនេះ ពីនោះ
អ្នកនាំពាក្យ៖ ជំនន់ទឹកភ្លៀង នឹងថមថយវិញ
14, Jul 2022 , 9:09 am        
រូបភាព
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ រូបភាពពី ទំព័រហ្វេសប៊ុក លោក ចាន់ យុត្ថា។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ រូបភាពពី ទំព័រហ្វេសប៊ុក លោក ចាន់ យុត្ថា។
ភ្នំពេញ៖ ស្ថានភាពជំនន់ទឹកភ្លៀង មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដោយអះអាងថា ស្ថានភាពទឹកនឹងធូរស្រាលទៅវិញ ចាប់ពីថ្ងៃទី១៤ កក្កដា នេះទៅ។

 
ភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់ពីថ្ងៃទី១១ ខែកក្កដា មក ដែលបានបណ្ដាលឱ្យតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ កោះកុង មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ ត្រូវជន់លិច។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ThmeyThmey25 តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែកក្កដាថា ជំនន់ទឹកភ្លៀងនេះ មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ នៅតាមបណ្ដាខេត្តទាំងនោះឡើយ។
 
 លោក យុត្ថា អះអាងដូច្នេះ៖ «វាច្រើនខេត្តដែរដែលប៉ះពាល់ តែជារួមទៅការប៉ះពាល់មាន ប៉ុន្តែគ្រាន់តែវាមិនធ្ងន់ធ្ងរទេ។ វាប៉ះពាល់តិចៗ ហើយវាក៏ស្រកផុតអស់ទៅវិញទៅ។ មកដល់ពេល ស្ថានភាពមិនទាន់មានកន្លែងណាឱ្យធ្ងន់ធ្ងរនោះទេ»។ 
 
ចំពោះស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសវិញ លោក ចាន់ យុត្ថា បញ្ជាក់ថា កម្រិតភ្លៀងធ្លាក់នឹងចាប់ផ្ដើមថយឥទ្ធិពលម្ដងបន្តិចៗ ចាប់ពីថ្ងៃទី១៤ ខែកក្កដាតទៅ។ ចំណែកឯតំបន់មាត់សមុទ្រ ដែលមានរលកខ្ពស់ៗ និងភ្លៀងខ្លាំងនោះ ក៏នឹងធូរស្បើយឡើងវិញ ។
 
ថ្វីបើស្ថានភាពមិនធ្ងន់ធ្ងរ ដូចបច្ចុប្បន្នក៏ដោយ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ បានត្រៀមខ្លួន និងវិធានការណ៍ រួចជាស្រេច ដើម្បីចាំជួយអន្តរាគមន៍ដល់ពលរដ្ឋ។ ក្រសួង អាជ្ញាធរ ស្ថាប័ន ពាក់ព័ន្ធ ក៏នឹងបន្តតាមដានស្ថានភាពវិវត្តន៍បន្តទៀតផងដែរ។ 
 
តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះ កម្ពុជា រងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង នៅថ្ងៃទី១៣-១៤ ខែកក្កដា។   
 
តាមការព្យាករណ៍ដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ កម្ពុជា រងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពទាំងពីរខាងលើនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ 
 
 
 

Tag:
 ThmeyThmey25
  អាកាសធាតុ
  ជំនន់ទឹកភ្លៀង២០២២
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com