អន្តរជាតិ
កូរ៉េ​ខាងជើង​​ថា អ៊ុយក្រែន​គ្មានសិទ្ធិនិយាយ​ពី​អធិបតេយ្យភាព​​ទេ
16, Jul 2022 , 2:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី ។ រូបថត AFP
ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃទី១៥ ខែកក្កដា បានលើកឡើងថា អ៊ុយក្រែនគ្មានសិទ្ធិនិយាយពីបញ្ហាអធិបតេយ្យភាពទេ ព្រោះចូលរួមសកម្មភាពអយុត្តិធម៌ និងខុសច្បាប់ជាមួយអាម៉េរិក ដែលរំលោភអធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាងកន្លងមក។ ការធ្វើលើកឡើងនេះ ធ្វើឡើងក្រោយអ៊ុយក្រែនរិះគន់កូរ៉េខាងជើងចំពោះការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅភាគខាងកើត។



ក្នុងសប្ដាហ៍នេះ ក្រសួងការបរទេសកូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់ជាផ្លូវការតំបន់ផ្ដាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ។ ទីក្រុងកៀវ ក៏ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាងវិញ ព្រោះការសម្រេចចិត្តរបស់រដ្ឋកុម្មុយនីស្តមួយនេះ បំពានអធិបតេយ្យខ្លួន។ ប៉ុន្តែក្រសួងការបរទេសកូរ៉េខាងជើង វាយបកថា អ៊ុយក្រែនគ្មានសិទ្ធិនិយាយរឿងអធិបតេយ្យឡើយ។
 
«អ៊ុយក្រែនមិនមានសិទ្ធិលើកបញ្ហា ឬជំទាស់នឹងការអនុវត្តអធិបតេយ្យភាពស្របច្បាប់របស់យើងទេ បន្ទាប់ពីខ្លួនបានប្រព្រឹត្តទង្វើដែលខ្វះភាពយុត្តិធម៌ និងគ្មានយុត្តិធម៌យ៉ាងធ្ងន់ធ្ងររវាងប្រជាជាតិនានា ដោយចូលរួមយ៉ាងសកម្មនូវគោលនយោបាយអរិភាព និងអយុត្តិធម៌របស់អាម៉េរិកនាពេលកន្លងមក»។ ក្រសួងការបរទេសកូរ៉េខាងជើងលើកឡើងបែបនេះនៅថ្ងៃទី១៦ ខែកក្កដា ដោយសំដៅដល់ការចូលរួមអនុវត្តទណ្ឌកម្មរបស់អ៊ុយក្រែនជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។
 
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយខ្លួនទៀតថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនគ្រាន់តែជាការការពារខ្លួន ហើយបានចោទប្រកាន់អាម៉េរិកវិញថា បន្តគោលនយោបាយអរិភាពដោយការដាក់ទណ្ឌកម្ម និងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។
 
លើសពីនេះ ក្រសួងការបរទេសកូរ៉េខាងជើងក៏បានបន្តថា កូរ៉េខាងជើងនឹងបន្តពង្រឹង និងអភិវឌ្ឍមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដែលគោរពអធិបតេយ្យភាពរបស់ខ្លួន ដោយផ្អែកលើគោលការណ៍សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការគោរពគ្នាទៅវិញទៅមក៕
 

Tag:
 កូរ៉េខាងជើង
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com