ជាតិ
អចលនទ្រព្យ៖ តម្លៃខ្ពស់ស្ថិតក្នុងដួងចិត្ត តែតម្លៃពិតគ្មាន!
16, Jul 2022 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងរយៈពេលចុងក្រោយនេះ សុធីរ និងសំណាង មិនសូវបានជួបគ្នាឡើយ ព្រោះ មិត្តទាំងពីររវល់រឿងជីវភាពគ្រួសាររបស់ពួកគេរៀងៗខ្លួន ជាពិសេស ក្រោយពេលដែលមេរោគកូវីដថមថយឥទ្ធិពលរបស់វា។ មិនសូវបានជួបគ្នាមែន តែក្លើទាំងពីរនៅតែតាមដានរឿងរ៉ាវបច្ចុប្បន្នភាព​របស់សង្គមមួយចំនួនដដែល។ តម្លៃដីធ្លី ផ្ទះសម្បែង គឺជាអ្វីដែលមិត្តទាំងពីរលើកយកមកជជែកគ្នាឡើងវិញនៅថ្ងៃនេះ។


 
សុធីរ៖ តើមានភ្ញៀវចិនមករកទិញដីធ្លីទៀតឬទេ អាសម្លាញ់? 
សំណាង៖ អញអត់ដែលមានដីធ្លី ផ្ទះសម្បែងលក់ផង។ ម៉េចបានជាអ្ហែងសួរអញអ៊ីចឹង? 
សុធីរ៖ សុំទោស! សំណួរអញលើកឡើងមិនសូវចំ។ អញចង់សួរអ្ហែងថា តើជីវិតអ្នកជួញដូរដីធ្លីផ្ទះសម្បែងយ៉ាងដូចម្តេចហើយឥឡូវនេះ? តើមានអ្នកវិនិយោគជនជាតិចិនត្រូវការអចលនទ្រព្យទៀតឬទេ? 
 
សំណាង៖ សំណួរនេះ សួរចំល្អ។ ក្នុងពេលចុងក្រោយនេះ អញលឺតែគេរអ៊ូគ្រប់គ្នាថា មានតែដី លក់មិនចេញ។ មានតែផ្ទះ លក់មិនចេញ។ បើតាមអញសង្កេតមើលខ្លួនឯង ទីផ្សារដីធ្លី ផ្ទះសម្បែងដូចជាចង់គាំងម៉េចមិនដឹងទេ។ មានតែអ្នកលក់ តែគ្មានអ្នកទិញ។ 
 
សុធីរ៖ ចុះអ្នកខ្លះថា ដី ឬផ្ទះរបស់គេមានតម្លៃខ្ពស់។ ដី ឬផ្ទះរបស់គេស្ថិតក្នុងតំបន់ត្រូវប៉ាន់។ល។ ចុះអាហ្នឹងវាយ៉ាងម៉េចទៅវិញ? 
 
សំណាង៖ ម្ចាស់អចលនទ្រព្យខ្លះចេះតែថា ឬចេះតែនិយាយបានហើយ តែការពិត វាគ្មានអ្នកទិញពិតប្រាកដឡើយ។ តម្លៃខ្ពស់ស្ថិត​នៅក្នុងចិត្ត តែតម្លៃពិតវាគ្មាន។ អ្នកលក់ខ្លះដើរអួត ដើរប្រូគេប្រូឯងថា ក្នុងតំបន់នេះ ឬតំបន់នោះ តម្លៃដីធ្លី ផ្ទះសម្បែងនឹងឡើងថ្លៃបន្តទៀត។ តែតាមពិត អ្វីៗវា គឺជាក្តីសុបិនតែប៉ុណ្ណោះ។ អនាគត វា គឺជារឿងអនាគត។ ឥឡូវនេះ អ្នកទិញ មានចំនួនតិចជាងអ្នកលក់។ អា សុធីរ អញប្រាប់រឿងមួយឲ្យអ្ហែងហ្នឹងច្បាស់ សូមប្រយ័ត្នចាញ់បោកអ្នកពុះដីឡូត៍លក់មួយចំនួនដោយពុះឡូត៍លក់ហើយ តែអ្នកទិញមិនអាចធ្វើប្លង់រឹងបាន។ 
 
សុធីរ៖ អ៊ីចឹង មានន័យថា ដីធ្លី ផ្ទះសម្បែងមានតែតម្លៃខ្យល់ទេឬ?  
សំណាង៖ វាមិនអ៊ីចឹងពេកទេ តែស្ថានភាពពិតនៃទីផ្សារអចលនទ្រព្យ ក៏មិនសូវល្អដែរនាពេលនេះ។ 
សុធីរ៖ បើស្ថានភាពទីផ្សារអចលនទ្រព្យមិនសូវល្អ​របៀបនេះ អ៊ីចឹង អ្នកដែលខ្ចីលុយទិញអចលនទ្រព្យទុកដើម្បីលក់យកចំណេញ ត្រូវលក់ចេញវិញ ឬត្រូវដំអក់រង់ចាំបន្តិចសិន? 
សំណាង៖ បើអ្នកខ្ចីលុយធនាគារអាចបន្តរត់រួច ឬអាចបន្តដោះស្រាយបង់ជូនធនាគារបាន ពួកគេអាចទន្ទឹងរង់ចាំបាន។ តែប្រសិនបើ ពួកគេទាល់ច្រក ឬខ្វះប្រាក់បង់ធនគារ ពួកគេដូចជាមិនគួររង់ចាំឡើយ។ 
 
សុធីរ៖ ចុះទីផ្សារចលនទ្រព្យអាចងើបឡើងវិញដែរឬទេ? 
សំណាង៖ បើតាមការសង្កេតរបស់អញ វាត្រូវការពេលវេលាយូរ យូររហូតដល់អ្នកខ្លះអាចក្ស័យធន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com