កីឡាជាតិ
ជាតិ
CPL និង AFC ជំរុញឲ្យក្លិបបាល់ទាត់កម្ពុជាទាំងអស់ក្លាយជាក្លិបអាជីព និងស្ដង់ដារ
18, Jul 2022 , 3:04 pm        
រូបភាព
(ខាងស្តាំ)លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League រួមជាមួយ លោក Mahajan Vsauden  ប្រធាន និងលោក Kamil Megat ជំនួយការ AFC ចុះត្រួតពិនិត្យកីឡដ្ឋានក្លិបនៅកម្ពុជា កន្លងមក។  រូបពី CPL
(ខាងស្តាំ)លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League រួមជាមួយ លោក Mahajan Vsauden ប្រធាន និងលោក Kamil Megat ជំនួយការ AFC ចុះត្រួតពិនិត្យកីឡដ្ឋានក្លិបនៅកម្ពុជា កន្លងមក។ រូបពី CPL
ក្រុមហ៊ុន Cambodian Premier League សហការជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ចុះតាមបណ្ដាក្លិបក្នុងលីគកំពូល និងលីគ២កម្ពុជា ដើម្បីពិភាក្សា និងផ្ទៀងផ្ទាត់ឯកសារ ដែលបានចុះបញ្ជីក្នុងប្រព័ន្ធ AFC Club Licensing ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងក្លិប និងកីឡដ្ឋាន។ AFCមានគោលដៅបញ្ជ្រាបចំណេះដឹង និងជំរុញឱ្យក្លិបបាល់ទាត់ទាំងអស់នៅកម្ពុជា ក្លាយជាក្លិបអាជីពមួយពិតប្រាកដ។

 
កញ្ញា ជា ស្រីលីស ជំនួយការអាជ្ញាប័ណ្ណក្លិប នៃក្រុមហ៊ុន Cambodian Premier League បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេលេក្រាមថា ការចុះពិនិត្យរបស់មន្ដ្រី AFC លើអាជ្ញាប័ណ្ណក្លិប (AFC Club Licensing) មានសារៈសំខាន់ណាស់ សម្រាប់ក្លិបបាល់ទាត់អាជីព ទាំងលីគកំពូលកម្ពុជា និងលីគ២។
 
ជំនួយការរូបនេះ បានប្រាប់ពីចំណុចសំខាន់៣យ៉ាង ដែល Asian Football Confederation (AFC) ចុះបេសកកម្មនៅកម្ពុជា។ គោលដៅទី១ គឺ AFC  ជំរុញឲ្យក្លិបលីគកំពូល និងលីគ២ យល់ដឹងឲ្យបានច្រើនពាក់ព័ន្ធនិងការស្នើសុំអាជ្ញាប័ណ្ណក្លិប។ ចំណុចសំខាន់ទី២ គឺការសិក្សា និងស្វែងយល់ពីតម្រូវការ និងការខ្វះខាតរបស់ក្លិបនីមួយៗ ក្នុងការបំពេញតាមតម្រូវការរបស់ AFC។ គោលដៅចុងក្រោយ គឺការបើកសិក្ខាសាលាស្ដីពីអាជ្ញាប័ណ្ណក្លិប ដើម្បីពន្យល់បន្ថែមដល់ក្លិប ឱ្យបានយល់ដឹងកាន់តែច្បាស់ពីសារសំខាន់ ក្នុងនាមជាក្លិបបាល់ទាត់អាជីព។
 
«ក្លិបបាល់ទាត់អាជីពមួយ មិនមែនមានត្រឹមតែក្រុមលេងពូកែនៅលើទីលានទេ ប៉ុន្ដែផ្នែកអាជ្ញាប័ណ្ណក្លិបមានច្រើនផ្នែក ដូចជាលក្ខខណ្ឌវិនិច្ឆ័យកីឡា, លក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ, បុគ្គលិករដ្ឋបាល, ច្បាប់ និងហិរញ្ញវត្ថុ។ ដូចនេះ ក្លិបត្រូវមាន៥ផ្នែកនេះ ទើបក្លាយជាក្លិបអាជីព។»។ កញ្ញា ជា ស្រីលីស បានប្រាប់បែបនេះ។
 
លោក Mahajan Vsauden ប្រធានអាជ្ញាបណ្ណក្លិបនៃ AFC និង លោក Kamil Megat ជំនួយការ បានបញ្ចប់ទស្សនកិច្ចតាមក្លិបនៅកម្ពុជាហើយ កាលពីថ្ងៃទី១២ កក្កដា។ ក្រោយបញ្ចប់ការត្រួតពិនិត្យតាមបណ្ដាក្លិបហើយ AFC មិនទាន់បានផ្ដល់ព័ត៌មានបញ្ជាក់ និងបញ្ចេញមតិអ្វីមកកាន់ក្លិបទាំងអស់ទេ។ នេះតាមការបញ្ជាក់ពីមន្ដ្រីនៅតាមបណ្ដាក្លិបនីមួយៗ៕
 

លោក Satoshi Saito  រួមជាមួយ លោក Mahajan Vsauden  AFC Head of Club Licensing Unit និង លោក Kamil Megat ជំនួយការ AFC Head of Club Licensing  រូបពី CPL

 

Tag:
 បាល់ទាត់
  AFC
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com