ជាតិ
រដ្ឋមន្រ្តីកសិកម្ម ជំរុញវិស័យឯកជនវិនិយោគលើការកែច្នៃផលកសិកម្ម ក្រោយការផលិតលើសតម្រូវការ
18, Jul 2022 , 8:59 pm        
រូបភាព
លោក វេង សាខុន ថ្លែងក្នុងពីធី «ប្រកាសឲ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»
លោក វេង សាខុន ថ្លែងក្នុងពីធី «ប្រកាសឲ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»
ភ្នំពេញ៖ ជាថ្មីម្ដងទៀត លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់វិស័យឯកជន និងបណ្ដាដៃគូអភិវឌ្ឍន៍រួមគ្នាវិនិយោគលើការកែច្នៃផលកសិកម្មក្នុងស្រុក ដើម្បីបង្កើនតម្លៃទីផ្សារ និងការប្រកួតប្រជែង។


កាលពីថ្ងៃទី១៥ ខែកក្កដា លោក វេង សាខុន បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងផលិតស្បៀងលើសតម្រូវការក្នុងស្រុក ដែលទាមទារឱ្យវិស័យឯកជន និងដៃអភិវឌ្ឍន៍នានារួមគ្នាវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសជួយបង្កើនតម្លៃ លើកកម្ពស់គុណភាពស្ដង់ដារអនាម័យ សុវត្ថិភាព និងការប្រកួតប្រជែង។ 

ថ្វីបើ វិស័យកសិកម្ម​កំពុងរីកលូតលាស់ល្អ តែលោករដ្ឋមន្រ្តី ទទួលស្គាល់ថា វិស័យឯកជន នៅតែបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ រួមមាន ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ ទូរត្រជាក់ បញ្ហាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី និងការដឹកជញ្ជូន នៅមានការខ្វះខាត មិនអាចឆ្លើយតបតាមតម្រូវការជាក់ស្ដែង ដែលត្រូវទាមទារឱ្យមានការដោះស្រាយទាន់ពេលវេលា។ 

ជាមួយគ្នានេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានជំរុញឱ្យកសិករ ត្រូវមានគំនិតកែច្នៃកសិផលដោយខ្លួនឯង ព្រោះវាអាចរក្សាទុកបានយូរ និងមានតម្រូវការក្នុងស្រុកខ្ពស់ ជាជាងរអ៊ូគ្មានទីផ្សារ និងរងចាំការបញ្ជាទិញពីបរទេស។ 

កន្លងមក លោក សុខ ទូច បានប្រាប់សារព័ត៌មាន Thmey Thmey 25​ ថា កសិករខ្មែរខ្លះមិនចេះកែច្នៃផលកសិកម្មរបស់ខ្លួនឱ្យមានតម្លៃសម្រាប់លក់ចេញនោះទេ។
ផ្ទុយទៅវិញ ពួកគេបានលក់ផលិតផលទាំងនោះឱ្យទៅបរទេស កែច្នៃ រួចនាំចូលមកវិញក្នុងតម្លៃថ្លៃដូចជាស្រូវ និងស្វាយជាដើម។
 
ជុំវិញបញ្ហានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងដែរថា ជារឿងពិបាកមួយសម្រាប់វិស័យឯកជន ធ្វើការកែច្នៃផលិតផលកសិកម្ម និងពុំអាចប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងបាន ដោយសារ កង្វះកម្មករជំនាញ។
 
មួយវិញទៀត ការនាំចូលវត្ថុធាតុដើមផលិតត្រូវជាប់ពន្ធ ខ្វះទំនើបកម្មគ្រឿងយន្តឧស្សាហកម្ម ខណៈថ្លៃទឹក ភ្លើង ភស្តុភាកម្ម សុទ្ធតែមានតម្លៃថ្លៃទាំងអស់។ ជាក់ស្ដែង តម្លៃគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាថ្លៃជាងវៀតណាម ដែលធ្វើឲ្យពិបាកលក់លើទីផ្សារ។
 
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះ៖«វៀតណាម មានកម្មករជំនាញ! អ៊ីចឹង គេប្រើកម្មករតិច តែបានពហុប្រយោជន៍។ មួយទៀត វិស័យកសិកម្ម មិនទាន់មានពន្ធពិសេសនោះទេ។
 
ជាក់ស្ដែង ដូចជា ស្វាយចន្ទីអ៊ីចឹង ថ្វីបើកម្ពុជាយើងមានចន្ទីច្រើនមែន តែការទិញរបស់គេ(អ្នកវិនិយោគ)ជាមួយវៀតណាមអត់ឈ្នះទេ ដោយសារវត្ថុធាតុដើមជាប់ពន្ធ»។  
 
ថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឱ្យបារាំង និងមីយ៉ានម៉ា នាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមផងដែរ ក្រោយពីជំងឺកូវីដ១៩ធូរស្រាល៕ 

Tag:
 លោក វេង សាខុន
  ក្រសួងកសិកម្ម
  ការកែច្នៃកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com