កីឡាជាតិ
ជាតិ
លីគ២កម្ពុជា៖ អគ្គីសនីកម្ពុជា មិនទាន់ស្គាល់ពាក្យថា ចាញ់ ខណៈ ណិចស្ដិប បន្តនៅបាតតារាង
18, Jul 2022 , 5:59 pm        
រូបភាព
ជំនួបរវាងណិចស្ដិប និង អគ្គីសនីកម្ពុជា នៅសប្ដាហ៍ទី១០ នៅទីលានអគ្គីសនីកម្ពុជា រូបពី Cambodian League 2
ជំនួបរវាងណិចស្ដិប និង អគ្គីសនីកម្ពុជា នៅសប្ដាហ៍ទី១០ នៅទីលានអគ្គីសនីកម្ពុជា រូបពី Cambodian League 2
អគ្គីសនីកម្ពុជា មិនទាន់ស្គាល់ពាក្យថា ចាញ់ឡើយ នៅក្នុងការប្រកួតលីគ២កម្ពុជា ខណៈ ណិចស្ដិប បន្តនៅបាតតារាង។ អគ្គិសនីកម្ពុជា រំពឹងថា អាចជោគជ័យនៅក្នុងលីគ២ ហើយអាចឡើងទៅលេងលីគកំពូលកម្ពុជា ដោយអនុវត្តតាមលក្ខខណ្ឌ។

 
លោក វ៉ា ច័ន្ទពុទ្ធិស័ក មន្ដ្រីរដ្ឋបាលក្លិបបាល់ទាត់អគ្គីសនីកម្ពុជា បាននិយាយថា ក្លិប បានចាប់ផ្ដើមពង្រឹង និងព្យាយាមបំពេញបន្ដិចម្ដងៗនូវតម្រូវការរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ហើយ បើទោះជាមានការពិបាកច្រើន ក្នុងការបំពេញតាមតម្រូវការក្តី។
 
មន្ដ្រីរដ្ឋបាលក្លិបបាល់ទាត់អគ្គីសនីកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា៖«គ្រូមានឆន្ទៈខ្ពស់ក្នុងការឡើងទៅប្រកួតលីគកំពូល ដូចនេះជំរុញឲ្យកីឡាករ មានឆន្ទៈមោះមុតទាំងក្នុងការប្រកួត និងការប្រឹងប្រែងយកចិត្តទុកដាក់អំឡុងពេលហ្វឹកហាត់។»។
 
គិតត្រឹមសប្ដាហ៍ទី១១ អគ្គសនីកម្ពុជា បានប្រកួតស្មើជាមួយ ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល១-១ នៅទីលានវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ម៉េមត់ កាលពីថ្ងៃទី១៧ ខែកក្កដា ។ 
 
ដោយឡែកក្រុម ណិចស្ដិប ដែលមានទីតាំងនៅសៀមរាបវិញ បានចាញ់១០ និង ឈ្នះតែ១ប្រកួតប៉ុណ្ណោះ។ ការប្រកួតនៅសប្ដាហ៍ទី១១ ក្លិបនេះ បានចាញ់ព្រៃវែង លទ្ធផល៤-២ នៅកីឡដ្ឋានហនុមាន។ ជុំវិញការបរាជ័យនេះដែរ លោក CHARLIE គ្រូបង្វឹកក្រុមណិចស្តិប ចាត់ទុកថា ជាកំហុសបច្ចេកទេសរបស់ខ្លួនក្នុងការដឹកនាំក្រុម។ តែយ៉ាងណា គ្រូបង្វឹករូបនេះ សន្យាថា នឹងធ្វើឲ្យអ្នកគាំទ្រក្រុមណិចស្តិប មានការភ្ញាក់ផ្អើលនៅពាក់កណ្ដាលរដូវកាល២០២២នេះ។
 
 «មានហេតុផលជាច្រើន ដែលយើងស្ថិតនៅបាតតារាង។ ខ្ញុំ មិនបដិសេធនូវរឿងពិតទាំងអស់នេះ ដែលជាកំហុសរបស់ខ្ញុំ។ យើង មិនចង់មើលនៅអ្វីដែលកើតឡើងរួចទេ តែ​យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។»។ នេះបើតាមលោក Charlie។ 
 
ការប្រកួតសប្ដាហ៍ទី១១នេះ អាស៊ីអ៊ឺរ៉ុបយូណាយធីត លត់ បន្ទាយមានជ័យអេហ្វស៊ី យ៉ាងចាស់ដៃនៅវិទ្យាល័យហ៊ុនសែន ខ្លាកូន ក្នុងលទ្ធផល៩-២ ស្របពេល កោះកុង ឈ្នះ សាលាកីឡាបាល់ទាត់ជាតិ លទ្ធផល៤-១ នៅទីលានសាលាបាល់ទាត់ជាតិបាទី។ នគរបាលជាតិ ចាញ់ អាយ អេស អាយ ដង្កោសែនជ័យ ២-១ នៅទីលានបាល់ទាត់ 7NG។ ចំណែកសូលទីឡូអង្គរ យកឈ្នះ សៀមរាបអេហ្វស៊ី លទ្ធ២-០ នៅទីលានបាល់ទាត់ខេត្តសៀមរាប។
 
ការប្រកួតក្របខ័ណ្ឌលីគ មាន១២ក្រុមចូលរួមប្រកួត។អគ្គីសនីកម្ពុជា ឈរលេងរៀងទី១បណ្ដោះអាសន្ន តាមពីក្រោយដោយ អាយ អេស អាយ ដង្កោសែនជ័យ ខណៈ ណិចស្ដិប នៅបាតតារាង លេងរៀងទី១២៕
 

Tag:
 បាល់ទាត់
  លីគ២
© រក្សាសិទ្ធិដោយ thmeythmey.com