កីឡាជាតិ
ជាតិ
អាស៊ីអឺរ៉ុបយូណាយធីត ព្យាយាមឡើងមក Cambodian Premier League វិញ តែមិនគ្រប់លក្ខខណ្ឌ
19, Jul 2022 , 7:59 am        
រូបភាព
រូបមន្ដ្រី AFC និងមន្ដ្រីក្លិបអាស៊ីអ៊ឺរ៉ុប ថតជុំគ្នាបន្ទាប់ពីការពិនិត្យុក្នុងកីឡដ្ឋាន AEP Sport Park រូបពីក្លិបបាល់ទាត់អាស៊ីអ៊ឺរ៉ុប
រូបមន្ដ្រី AFC និងមន្ដ្រីក្លិបអាស៊ីអ៊ឺរ៉ុប ថតជុំគ្នាបន្ទាប់ពីការពិនិត្យុក្នុងកីឡដ្ឋាន AEP Sport Park រូបពីក្លិបបាល់ទាត់អាស៊ីអ៊ឺរ៉ុប
Cambodian Premier League (CPL) បានកាត់ក្លិប៥ ទៅលីគ២ ដោយសារមិនគ្រប់លក្ខខណ្ឌ តាមតម្រូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ។ អាស៊ីអឺរ៉ុប ជាក្លិបមួយក្នុងចំណោមនោះ ព្យាយាមបំពេញតាមតម្រូវការ CPL និងAFC ដែរ ប៉ុន្ដែមិនទាន់បានល្អ។


 
លោក ផេង ចន្នា  អ្នកចាត់ការទូទៅក្លិបអាស៊ីអឺរ៉ុបយូណាយធីត បានប្រាប់ពីការលំបាកក្នុងការបំពេញតាមទម្រង់បែបបទ និងឯកសាមួយចំនួន តាមការចង់បានរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ 

រូបមន្ដ្រី AFC ចុះពិនិត្យុក្នុងកីឡដ្ឋាន AEP Sport Park រូបពីក្លិបបាល់ទាត់អាស៊ីអ៊ឺរ៉ុប
 
តម្រូវការរបស់ CPL ក៏ដូចជា AFC ទាមទារឲ្យក្លិបទាំងអស់ មានគ្រូ A License, មានគម្រោងថវិកាប្រើប្រាស់ផ្ទាល់ខ្លួន និងរចនាសម្ព័ន្ធការងារ រួមទាំងបុគ្គលិករដ្ឋបាលផ្ទាល់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធកីឡា និងកីឡដ្ឋាន។ តែសម្រាប់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបនេះ មិនទាន់អាចបំពេញលក្ខខណ្ឌនេះឡើយ ដោយសារក្លិបប្រើប្រាក់ថវិកា ដែលជាការឧបត្ថមដោយសារសាលា អាស៊ីអ៊ឺរ៉ុប និងមិនទាន់អាចរកគ្រូ A Licenseបាន ។ ប៉ុន្តែក្លិបកំពុងពិភាក្សា និងដោះស្រាយបញ្ហានេះ។
 
«ក្លិប ចង់ទៅប្រកួតនៅលីគកំពូលដែរ តែពិបាកបន្ដិចព្រោះតម្រូវការមួយចំនួន ត្រូវការពេលវេលា និងត្រូវការថវិកា។»។ លោក ផេង ចន្នា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទបែបនេះ។
 
យោងតាមគេហទំព័រ Asian Football Confederation (AFC) លក្ខណៈវិនិច្ឆ័យ ដែលតម្រូវឲ្យក្លិបទាំងអស់ត្រូវមាន ដើម្បីអាចចូលរួមប្រកួតនូវពាន់រង្វាន់ថ្នាក់អាស៊ីនេះបាន មាន៥យ៉ាង៖ 
 
១.លក្ខណៈវិនិច្ឆ័យកីឡា (Sporting Criteria)
 
ក្លិបត្រូវមានការវិវឌ្ឍវិស័យបាល់ទាត់របស់ខ្លួន ដូចជា ការអភិវឌ្ឍធនធានយុវជន (ឈុតយុវជន) ។ ជាពិសេស ក្លិបត្រូវផ្ដល់នូវសេវាសុខាមាលភាពទៅលើកីឡាករ និងកីឡាការិនីរបស់ខ្លួន និងត្រូវធានាឲ្យបានថា ក្រុមយុវជនខ្លួន មិនមានការរាំងស្ទះនូវការសិក្សាប្រចាំថ្ងៃរបស់ពួកគេ ។
 
២.លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Criteria)
 
ក្លិបត្រូវតម្រូវឲ្យមានកីឡដ្ឋានប្រកួតផ្ទាល់ខ្លួន បូករួមជាមួយការបំពាក់ឧបករណ៍ហ្វឹក​ហាត់តាមស្ដង់ដារ ។ ចំពោះកីឡដ្ឋាន ក្លិបត្រូវធានានូវសុវត្ថិភាពរបស់អ្នកទស្សនា ក៏ដូចជាប្រតិភូ ។ ទីលាន ឬគំនូស និងទស្សនីយភាព អាចផ្ដល់ឲ្យអ្នកគាំទ្របានគ្រប់ជ្រុងជ្រោយ ។
 
៣. លក្ខណៈវិនិច្ឆ័យបុគ្គលិក និងផ្នែករដ្ឋបាល (Personnel and Administrative Criteria)
 
ក្លិបត្រូវបាន​តម្រូវឲ្យមាន បុគ្គលិកជំនាញដូចជា អ្នកចាត់ការទូទៅ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ, អ្នកផ្សព្វផ្សាយ, ពេទ្យព្យាបាលកាយសម្បទា, គ្រូបង្វឹក ។ល។ ដែលអ្នកទាំងនោះត្រូវការមានអជ្ញាប័ណ្ណបញ្ជាក់ពីជំនាញខ្លួន ។ នៅក្នុងនោះ ក៏ត្រូវមានគ្រូបង្វឹក ដែលមានអជ្ញាប័ណ្ណជាតិ និង AFC ផងដែរ ។ 
 
៤. លក្ខណៈវិនិច្ឆ័យតាមច្បាប់ (Legal Criteria)
 
លក្ខណៈវិនិច្ឆ័យតាមច្បាប់ សំដៅទៅលើឯកសារ ដែលតម្រូវឲ្យប្រគល់ជូនគណៈកម្មការរៀបចំការប្រកួត ។ ក្នុងនោះ បូករួមទាំងអជ្ញាប័ណ្ណរបស់ក្លិប ដែលមានបញ្ជាក់ពីសហព័ន្ធជាតិ ។

៥.លក្ខណៈវិនិច្ឆ័យលើហិរេញ្ញវត្ថុ (Financial Criteria)
 
ការប្រើប្រាស់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ ឬរដូវកាលនីមួយៗ ត្រូវបានត្រួតពិនិត្យ និងមិនឲ្យលើសចំនួន ដែលបានកំណត់ក្នុងការណែនាំរបស់ AFC ។ ចំណែក គម្រោងប្រើប្រាស់ថវិកាប្រចាំរដូវកាល ឬសម្រាប់រដូវកាលថ្មី ត្រូវប្រគល់ទៅគណៈកម្មការ AFC ពិនិត្យ មុនពេលចាប់ផ្ដើមរដូវកាល ។
 
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោក Mahajan Vsauden Head of Club License Unit ទទួលបន្ទុកផ្នែកអាជ្ញាប័ណ្ណក្លិប ទៅផ្ទៀងផ្ទាត់ឯកសារ និងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន AEU Sport Park។ ជាមួយគ្នានេះដែរ មន្ត្រី AFC រូបនេះ បានណែនាំលក្ខន្ដិកៈមួយចំនួន ដើម្បីអាចចុះបញ្ជីក្នុងប្រព័ន្ធ AFC Club License។
គួរបញ្ជាក់ផងដែរថា ក្លិប៥ដែលបានកាត់មកប្រកួតលីគ២ រួមមាន អគ្គីសនីកម្ពុជា, នគរបាលជាតិ, សូទីឡូអង្គរ, អាស៊ីអ៊ឺរ៉ុប និងព្រៃវែង៕
 
 

Tag:
 បាល់ទាត់
  AFC
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com