កីឡាជាតិ
ជាតិ
ខេមបូឌានព្រីមៀរលីគ៖ អ្នកគាំទ្រជិត៥ពាន់នាក់ ចូលទស្សនាការប្រកួតអង្គរថាយហ្គឺរ និងបឹងកេត
18, Jul 2022 , 6:59 pm        
រូបភាព
អ្នកគាំទ្រទស្សនាការប្រកួតរវាងអង្គរថាយហ្គឺរ និងបឹងកេត នាកីឡដ្ឋានហនុមាន(រូបពី ក្លិបអង្គរថាយហ្គឺរ)
អ្នកគាំទ្រទស្សនាការប្រកួតរវាងអង្គរថាយហ្គឺរ និងបឹងកេត នាកីឡដ្ឋានហនុមាន(រូបពី ក្លិបអង្គរថាយហ្គឺរ)
ដោយ៖ ហៀក ឆក

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងកីឡដ្ឋានហនុមាន បានចេញសេចក្តីថ្លែងការណ៍រួម អរគុណចំពោះអ្នកគាំទ្រជិត៥ពាន់នាក់ ដែលបានចូលទស្សនាការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ។ នេះបើតាមហ្វេសប៊ុកផ្លូវការក្លិបកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។


 
កំណត់ត្រាដែលមិនធ្លាប់មាន ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ត្រូវបានចារជាលើកដំបូង នៅកីឡដ្ឋានហនុមាន និងក្លិបអង្គរថាយហ្គឺរ ដែលមានអ្នកចូលទស្សនាជិត៥ពាន់នាក់ ក្នុងការប្រកួតរវាងក្រុមបាល់ទាត់បឹងកេត និងអង្គរថាយហ្គឺរ នាទឹកដីសៀមរាបកាលពីថ្ងៃទី១៦ កក្កដា ។
 
បន្ទាប់ពីទទួលបានតួលេខចំនួនអ្នកទស្សនាដ៏ច្រើនកុះករនេះ ក្លិប និងកីឡដ្ឋាន សម្រេចចេញសេចក្តីថ្លែងការរួមគ្នាមួយ៖«សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះទឹកចិត្តពុកម៉ែបងប្អូនក្នុងវត្តមានជំនួបរវាង អង្គរថាយហ្គឺរ ទល់នឹងបឹងកេត​ ដែលបានមកទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ដែលមានវត្តមាន ៤៨៥៧នាក់»។
 
លោក អ៊ុ ករុណា អគ្គលេខាធិការក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រាប់សារព័ត៌មានថ្មីៗថា លោកពិតជារំភើបជាមួយនឹងកំណើនអ្នកគាំទ្រដ៏ច្រើនកុះករនេះ។ យ៉ាងណាលោករំពឹងថា នឹងមានអ្នកមកទស្សនាច្រើនបន្តបន្ទាប់ទៀត ។ 
 
«យើងសប្បាយចិត្តដែលឃើញអ្នកគាំទ្រគាត់មកចូលរួមច្រើនមែនទែនអ្វីដែលយើងអត់នឹកស្មានដល់។ យើងសង្ឃឹមថាប្រកួតលើកក្រោយជាមួយព្រះខ័នរាជស្វាយរៀងនឹងមានអ្នកគាំទ្រមកឲ្យបានច្រើន»។ សម្តីលោកអគ្គលេខាធិការ៕
 


អ្នកគាំទ្រទស្សនាការប្រកួតរវាងអង្គរថាយហ្គឺរ និងបឹងកេត នាកីឡដ្ឋានហនុមាន(រូបពី ក្លិបអង្គរថាយហ្គឺរ)

 

Tag:
 បាល់ទាត់
 អ្នកគាំទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com