ជាតិ
សង្គមជាតិ
កម្ពុជា និងអូស្ត្រាលី ចែករំលែកព័ត៌មានគ្នាអំពីការបង្ក្រាប «អង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន»
20, Jul 2022 , 11:49 am        
រូបភាព
មន្រ្តីកម្ពុជា និងមន្រ្តីជាន់ខ្ពស់អូស្រា្តលី បានជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការអំពីការចែករំលែកព័ត៌មាន និងវិភាគព័ត៌មានស៊ើបអង្កេតពាក់ព័ន្ធនឹងការបង្ក្រាបអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន និងការគាំទ្ររបស់ AFP។ រូបភាព៖ NACD
មន្រ្តីកម្ពុជា និងមន្រ្តីជាន់ខ្ពស់អូស្រា្តលី បានជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការអំពីការចែករំលែកព័ត៌មាន និងវិភាគព័ត៌មានស៊ើបអង្កេតពាក់ព័ន្ធនឹងការបង្ក្រាបអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន និងការគាំទ្ររបស់ AFP។ រូបភាព៖ NACD
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឱ្យលោក Anthony Maguire មន្ត្រីជាន់ខ្ពស់នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) និងលោកស្រី Holly Barton មន្ត្រីវិភាគព័ត៌មានរបស់អូស្ត្រាលី ចូលជួបពិភាក្សាលើការចែករំលែកព័ត៌មាន និងការវិភាគព័ត៌មានស៊ើបអង្កេត ពាក់ព័ន្ធនឹងការបង្ក្រាបអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន និងការគាំទ្ររបស់ AFP ដល់កម្ពុជា ក្នុងការបំផ្លាញគ្រឿងញៀន និងសារធាតុគីមីដែលរឹបអូសបាន។ ជំនួបនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។


លោក មាស វី រិទ្ធិ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ ខែកក្កដា ថា លោក និងមន្រ្តីអូស្ត្រាលី ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកឱ្យគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការបំផ្លាញក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ដើម្បីធានាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសុខុមាភាពរបស់ប្រជាពលរដ្ឋ។ លោក ពុំអាចពន្យល់លម្អិតពីកិច្ចពិភាក្សានោះបានទេ ដ្បិតវាមានលក្ខណៈបច្ចេកទេស។ 
 
លោក ថ្លែងដូច្នេះថា៖«ចំណុចនេះ បាកពន្យល់បន្តិច ទាល់តែមន្រ្តីអនុវត្តច្បាប់ បានដឹង។ ខ្ញុំមិនអាចពន្យល់បានទេ គ្រាន់តែដឹងថា គេចែករំលែកគ្នាទៅតាមលំហូរណា និងធម្យោបាយណា»។ 
 
សូមរម្លឹកថា ចាប់តាំងពីចុងឆ្នាំ២០២១មក សមត្ថកិច្ចកម្ពុជា រកឃើញជាបន្តបន្ទាប់លើករណីសុំនាំចូលសារធាតុគីមីផ្សំស្របច្បាប់ ហើយក្រោយមក ឈ្មួញបរទេសដែលភាគច្រើនជាជនជាតិចិន និងជាចិនតៃវ៉ាន់ បែរជាលួចកែច្នៃទៅជាគ្រឿងញៀនខុសច្បាប់។ 
 
នៅចុងឆ្នាំ២០២១ សមត្ថកិច្ច បង្ក្រាបបានរោងចក្រ១នៅខេត្តកំពង់ស្ពឺ ដែលលួចផលិតគ្រឿងញៀន ដោយគ្រឿងញៀនជាង២តោន សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង៨៤តោន ត្រូវរឹបអូស ហើយជនជាតិចិនជាង១០នាក់ ត្រូវចាប់ខ្លួន។
 
នៅខែមករា ឆ្នាំ២០២២ សមត្ថកិច្ច ចាប់បានសារធាតុគីមីផ្សំជាង១០០តោន ដែលត្រូវបានជនល្មើសជាជនជាតិចិន ប្រើប្រាស់ក្នុងគោលបំណងផលិតចេញជាគ្រឿងញៀន។ មកដល់ពេលនេះ គេ មិនទាន់ដឹងថា សមត្ថកិច្ចកម្ពុជា ចាប់បានជនល្មើសទាំងនោះហើយឬក៏នៅនោះទេ។
 
នៅខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ច បានបង្ក្រាបមន្ទីរពិសោធន៍៣ទីតាំង ដែលលួចកែច្នៃផលិតគ្រឿងញៀន ដោយ១ទីតាំង នៅរាជធានីភ្នំពេញ និង២ទីតាំង នៅខេត្តកំពង់ស្ពឺ។ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនតាមមន្ទីរពិសោធន៍ទាំង៣ទីតាំងនេះ សមត្ថកិច្ច រឹបអូសបានសារធាតុញៀនជាង១,៤តោន និងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនជាង១១តោន ហើយមានជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួន។
 
នៅខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ច ទើបនឹងបានបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀននៅខេត្តព្រះសីហនុ ដោយចាប់បានជនល្មើសជាជនជាតិ​ចិនតៃវ៉ាន់៧នាក់ រឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម។ 
 
នៅខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ច រកឃើញរោងចក្រផលិតគ្រឿងញៀននៅខេត្តស្វាយរៀង និងទីតាំងស្តុបទុកសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនចំនួន៦ទីតាំងទៀត ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល និង ខេត្តព្រៃវែង។ ក្នុងទីតាំងទាំង៧នេះ សមត្ថកិច្ច រឹបអូសបានគ្រឿងញៀនជិត៣តោន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជិត៣០០តោន ហើយជនជាតិចិន១១នាក់ ត្រូវចាប់ខ្លួន៕ 
 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com