ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ប្រមូលចំណូលចូលជាតិបានជិត ២០០០លានដុល្លារ ក្នុងឆមាសទី១
21, Jul 2022 , 8:59 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបភាពពី GDT។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបភាពពី GDT។
ដោយ ៖ ធន់ សេងហុង​
 
 
ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូលពីការប្រមូលពន្ធដារ ប្រមាណ ១ ៩៧០លានដុល្លារអាម៉េរិក នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២។  ចំណូលនេះ គឺកើនក្នុងអត្រាជិត ៣០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២១។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ(GDT)។​

 
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិ បាន ១​ ៩៧០,៥១លានដុល្លារ សម្រាប់រយៈពេល៦ខែមកនេះ។ ទំហំនេះគឺស្មើនឹង៦៩,៨៩ភាគរយ នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​ ២០២២។ ប៉ុន្តែចំណូលនេះបើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ គឺកើនក្នុងអត្រា ២៩,៨៧ភាគរយ។​ នេះជាលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារបង្ហាញក្នុង កិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆមាសទី១ ឆ្នាំ២០២២ នាថ្ងៃទី១៩កក្កដា ។​
 
បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធសរុបនេះ គឺបានពីកំណើនជាវិជ្ជមានគួរឱ្យកត់សម្គាល់នូវប្រភេទមួយចំនួន។​ ក្នុងនោះមាន  ពន្ធលើប្រាក់ចំណូល មានកំណើន២៧,១៩ភាគរយ ពន្ធអាករតម្លៃបន្ថែម(VAT)កើន ៣៣,៣៧ភាគរយ, ពន្ធលើប្រាប់បៀវត្សកើន២៥,១៦ភាគរយ, ពន្ធអាករពិសេសកើន ៣៤,០១ភាគរយ, ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យកើន ៤៤,៣៨ភាគរយ ខណៈព​ន្ធលើថ្លៃឈ្នួលផ្ទះ​និងដីកើន ១០,១២ភាគរយ ធៀបនិងគ្រាដូចគ្នាក្នុងឆ្នាំ២០២១។
 
លោកប្រតិភូរាជរដ្ឋាភិបាលទទួលបបន្ទុកជា អគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកលទ្ធផលចំណូលព​ន្ធដែលប្រមូលបាននេះ គឺជាទីមោទនៈមួយ។ ដើម្បីធានាប្រសិទ្ធភាពនៃការប្រមូលពន្ធ ឱ្យបានគ្រប់ផែនការប្រចាំឆ្នាំ២០២២ ក្នុងចំនួន ២ ៨១៩លានដុល្លារ នោះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តលើវិធានការមួយចំនួន។ ដូចជា៖ ចាត់វិធានការលើបទល្មើសគេចវេះពន្ធ និងកិបកេងបន្លំទឹកប្រាក់ពន្ធ ជាមួយការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ, ការដាក់ប្រើប្រាស់កម្មវិធី GDT Taxpayer App ដើម្បីសម្រួលសេវាដល់អ្នកជាប់ពន្ធ ព្រមទាំងរៀបចំការបំពាក់ GPS និង RFID លើរថយន្តដឹកជញ្ជូនក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ និងបន្តជំរុញការគ្រប់គ្រងលើចំណូលពន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។ 
 
 
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា លទ្ធផលដែលពន្ធដារសម្រេចបាននេះ គឺជាផ្លែផ្កានៃកំណែទម្រង់ទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រីពន្ធដារ។  លោក មានប្រសាសន៍ដូច្នេះ៖ « អគ្គនាយកដ្ឋានពន្ធដារបានយកចិត្តទុកដាក់ អនុវត្តការងារដោយប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍  រួមមានការកៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ ។ ការរៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និងធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម»។​
 
កាលឆ្នាំ២០២១ អគ្គនាយកពន្ធដារប្រមូលចំណូលចូលជាតិ បាន ២ ២៤៣លានដុល្លារ ​ដែលលើសផែនការរហូត ជាង២៤ភាគរយ៕
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com