អន្តរជាតិ
គណៈកម្មាធិការសភាថៃសួរនាំក្រសួងការពារជាតិជុំវិញការជួលរថយន្តតម្លៃថ្លៃឱ្យមន្រ្តីជិះ
21, Jul 2022 , 10:30 am        
រូបភាព
គណៈកម្មាធិការសភាទទួលបន្ទុកការចាយវាយថវិកាជាតិរបស់ថៃ បានទាមទារក្រសួងការពារជាតិពន្យល់ចំពោះការចំណាយថវិកាយ៉ាងច្រើនរបស់កងកម្លាំងប្រដាប់អាវុធក្នុងការជួលរថយន្តសម្រាប់មន្ត្រីជាន់ខ្ពស់ចំនួន៣៦នាក់។ ប៉ុន្តែក្រសួងការពារជាតិថៃអះអាងថា រថយន្តទាំងនោះ ត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលការងាររបស់ក្រសួង។

 
ក្រសួងការពារជាតិថៃ ត្រូវគណៈកម្មាធិការសភា សួរនាំពីការជួលរថយន្ត Mercedes-Benz S500s និង S400s សម្រាប់មន្រ្តីជាន់ខ្ពស់របស់ក្រសួង។ ឧត្តមសេនីយ៍ Worakiat Ratananant លេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិ បានពន្យល់ពីបញ្ហានេះទៅគណៈកម្មាធិការសភាពិនិត្យលើការបែងចែកថវិកាការពារជាតិដែលជាផ្នែកការពិនិត្យថវិកាជាតិកាលពីថ្ងៃទី១៨ ខែកក្កដា។
 
បើតាមលោកឧត្តមសេនីយ៍ Worakiat ក្រោមលក្ខណៈវិនិច្ឆ័យចាស់របស់ក្រសួង មន្ត្រីយោធាជាន់ខ្ពស់ត្រូវបានផ្តល់ជារថយន្តសម្រាប់ប្រើប្រាស់ ប៉ុន្តែក្រោយពេលលក្ខណៈវិនិច្ឆ័យត្រូវបានកែប្រែ ន្ត្រីយោធាជាន់ខ្ពស់ត្រូវបានផ្តល់ជាប្រាក់ឧបត្ថម្ភធ្វើដំណើរជំនួសវិញ ដូចមន្ត្រីនៅក្រសួងផ្សេងទៀតដែរ។
 
បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ មន្រ្តីដដែលក៏បានអះអាងថា រថយន្ត​ដែល​ផ្តល់​ជូន​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​ និងអនុលេខា​អចិន្ត្រៃយ៍ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​កងទ័ព ជើងទឹក និង​ទ័ពអាកាស មិនមែន​សម្រាប់​ប្រើប្រាស់គោលដៅ​ផ្ទាល់ខ្លួន​ទេ។
 
លោកឧត្តមសេនីយ៍ Worakiat បាននិយាយថា យានជំនិះរបស់រដ្ឋមានគោលបំណងជួយសម្រួលដល់ការងាររបស់ក្រសួង ជាមួយនឹងប្រព័ន្ធសម្រាប់បញ្ជាប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបេសកកម្មបន្ទាន់។ លោក​ក៏បាន​បន្ត​ថា ​រថយន្ត​ដែល​មាន​កម្រិត​ខ្ពស់បែបនេះ​ ត្រូវ​ការ​សម្រាប់ប្រើប្រាស់ក្នុង​គោល​បំណង​នេះ ហើយ​ថវិកា​ជា​តិ ​ត្រូវ​បាន​​ប្រើ​សម្រាប់​ជួល​រថយន្តទាំងនេះដោយបើកជំហរមិនបានលួច​លាក់​ឡើយ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com