ជាតិ
សង្គមជាតិ
ការបៀតបៀនផ្លូវភេទកុមារតាមអនឡាញ ជាក្ដីបារម្ភថ្មីរបស់ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ
22, Jul 2022 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការ UNICEF ប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណ:កម្មាធិការសិទ្ធិកុមារអង្គការសហប្រជាជាតិ»។ ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ បានបង្ហាញក្ដីកង្វល់ពីបញ្ហាការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។

 
ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកមួយចំនួនទៀត ដែលកុមារកំពុងកាន់ក្នុងដៃ មានរឿងរ៉ាវជាច្រើននៅក្នុងនោះ ។ ឪពុកម្ដាយមួយចំនួន មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់តាមដានកូនរបស់ពួកគេ កំពុងធ្វើអ្វី ឬទទួលបានព័ត៌មានអ្វីពីសង្គមអនឡាញឡើយ។ កុមារមួយចំនួន ប្រឈមការបៀតបៀនផ្លូវភេទលើបណ្ដាញសង្គម។ ការបៀតបៀននោះ រាប់បញ្ចូលទាំងការទទួលបានសារ ការបញ្ចេញមាតិ និងវីដេអូ មួយចំនួន។
 
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បារម្ភពីការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ។ ក្នុងវេទិការពិភាក្សាតុមូលពីបញ្ហាកុមារកម្ពុជា រៀបចំដោយអង្គការ UNICEF លោកស្រី ជូ ប៊ុនអេង លើកឡើងថា ការរំលោភបំពានផ្លូវភេទ តាមប្រព័ន្ធអនឡាញ ជាការបំពានតាមផ្លូវងងឹត និងសម្ងាត់។
 
លោកស្រី ជូ ប៊ុនអេង លើកឡើងដូច្នេះ៖ «យើងដឹងហើយថា រាល់ថ្ងៃនេះ មានការរំលោភបំពានតាមផ្លូវងងឹត ដែលគេហៅថាអនឡាញ។ យើងមើលអត់ឃើញទេ។ ប៉ុន្តែកុមារនោះត្រូវបានគេរំលោភបំពាន។ យើងក៏ត្រូវនាំគ្នាគិតគូ ពីបញ្ហាថ្មីៗ ចំពោះកុមារ។ យើងបានខំប្រឹងប្រែងណាស់ចំពោះបញ្ហាថ្មីៗទាំងនោះ»។


 កិច្ចពិភាក្សាតុមូលពីបញ្ហាកុមារ រៀបចំដោយអង្គការ UNICEF នៅថ្ងៃទី ២១កក្កដា នៅសណ្ឋាគារភ្នំពេញ។

លោកស្រី ជូ ប៊ុនអេង អះអាងថា គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើរជួញដូរមនុស្ស នឹងខំប្រឹងបង្ក្រាបករណីរំលោភបំពាន និងការពារកុមារនៅគ្រប់ទីកន្លែងទាំងអស់។ លោកស្រីក៏អំពាវនាវឱ្យកុមារមួយចំនួន ប្រុងប្រយ័ត្នកាន់តែខ្ពស់ ពីការរំលោភបំពាន។ 
 
«តែកុមារទាំងនោះក៏ត្រូវប្រុងប្រយ័ត្នខ្លួនឯងដែរ។ ជាពិសេសប្អូនៗដែលធំហើយមានការគិត កុំចាញ់បោកគេ។ ប្អូនៗធ្លាប់ឮទេក្មេងៗ មិនធ្លាប់ចាស់ អ៊ីចឹងមិនដឹងពីល្បិចការបោក ចឹងពេលចាស់ប្រាប់ទៅជឿទៅ » ។ នេះជាការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ។
 
ជាមួយគ្នានេះ អ្នកស្រី ញាណ សុចិត្រា នាយកនៃអគ្គនាយដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី លើកឡើងក្នុងកិច្ចពិភាក្សាតុមូលពីបញ្ហាកុមារថា ក្រសួងកិច្ចការនារីកំពុងរៀបចំគោលការណ៍ណែនាំ ដល់ឱពុកម្ដាយ ដើម្បីការពារកូនរបស់ពួកគេ ពីការបៀតបៀនតាមប្រព័ន្ធអនឡាញ។ 
 
«យើងកំពុងបង្កើតគោលការណ៍ណែនាំអាណាព្យាបាល និងអ្នកថែទាំកុមារឱ្យយល់ថាអ្វីទៅជាការបៀតបៀនលើកុមារតាមប្រព័ន្ធអនឡាញ ហើយឱ្យមាតាបិតា ជួយកូនៗគាត់ឱ្យរួចផុតពីអំពើហិង្សាតាមប្រព័ន្ធអនឡាញ ។ បញ្ហាកូវីដ-១៩ ក្រសួងអប់រំបានដាក់កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យកុមារចំណាយពេលវេលាច្រើន ហើយអាចធ្វើឱ្យគាត់ទទួលរងការរំលោភបំពានពីអ្នកឈ្លៀតឱកាសនិយម ដែលអាចផ្ញើសារអីមកកុមារទាក់ទងនឹងការរំលោភបំពានផ្លូវភេទ ឬទាក់ទាញឱ្យកុមារចែករំលែករូបភាពមួយចំនួនពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ»។ នេះជាការលើកឡើងរបស់លោកស្រី ញាណ សុចិត្រា។
 


លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

បើតាមលោកស្រី ញាណ សុចិត្រា ក្រសួងកិច្ចការនារី កំពុងពិនិត្យឡើងវិញនៃការអនុវត្តច្បាប់ការពារកុមារ ដើម្បីកំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយ ដែលជាមូលដ្ឋានក្នុងការសម្រេចចិត្ត ធ្វើវិសោធកម្មលើមាត្រាមួយចំនួន ឬធ្វើច្បាប់ថ្មី។
 
យ៉ាងណាមិញ តាមការស្រាវជ្រាវរបស់អង្គការ UNICEF កុមារក្នុងប្រទេសកម្ពុជា បានប្រើប្រាស់បណ្ដាញសង្គមជាច្រើនក្នុងគោលបំណង កម្សាន្ត ទំនាក់ទំនង និងស្វែងរកព័ត៌មាន។ ប៉ុន្តែមាតិកាលើបណ្ដាញសង្គមមួយចំនួនបានធ្វើឱ្យគ្រោះថ្នាក់ដល់កុមារទាំងនោះ។ កុមារមួយចំនួន ប្រឈមនឹងការបៀតបៀនផ្លូវភេទ និងការរំលោភបំពានលើបណ្ដាញសង្គម។
 
លោក Ben Wildfire អ្នកជំនាញផ្នែកគាំពារកុមារនៃអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា លើកឡើងថា មាតិកាមិនល្អលើបណ្ដាញសង្គម នឹងបង្កផលប៉ះពាល់ដល់កុមារក្នុងរយៈពេលវែង។ បញ្ហាទាំងនោះរួមទាំងបញ្ហាផ្លូវចិត្ត ផ្លូវកាយ ការរំលោភបំពានផ្លូវភេទ បញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹងជាដើម។ ជាមួយគ្នានេះ អាណាព្យាបាល ជាបុគ្គលសំខាន់រួមចំណែកកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ។
 
លោក Ben Wildfire ប្រាប់សារព័ត៌មានThmeyThmeyដូច្នេះ៖«អាណាព្យាបាលត្រូវនិយាយជាមួយកូនៗពី សុវត្ថិភាពអនឡាញ។ អាណាព្យាបាលត្រូវធ្វើជាអ្នកផ្ដល់ជំនួយ និងជាជំនួយការរបស់កូននៅពេលពួកគេជួបផលលំបាកណាមួយ។ អាណាព្យាបាលត្រូវស្វែងយល់ពីហានិភ័យនៃប្រព័ន្ធអនឡាញដែលកុមារប្រឈមមុខ»។
 
លើសពីនេះ អាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវចូលរួមកាត់បន្ថយផលប៉ះពាល់ដល់កុមារពីបញ្ហានានាពីបណ្ដាញសង្គម។ អាជ្ញាធរ គួរពង្រឹងច្បាប់ការពារកុមារ ពីការបៀតបៀនផ្លូវភេទក្នុងបណ្ដាញសង្គមលើកុមារ និងលើកកម្ពស់ឱ្យមានការរាយការណ៍ពីករណីរំលោភបំពានផ្លូវភេទលើបណ្ដាញសង្គមដល់កុមារ។ មួយវិញទៀតអ្នកពាន់ព័ន្ធត្រូវលើកកម្ពស់ការយល់ដឹង និងជំនាញឌីជីថល ដល់កុមារ យុវជន ឪពុកម្តាយ គ្រូបង្រៀន និងអ្នកដទៃ ដូច្នេះកុមារនឹងទទួលបានការការពារតាមអ៊ីនធឺណិត។ នេះបើតាមលោក Ben Wildfire ។
 
សូមជម្រាបថា បើតាមអង្គការUNICEFស្ដីពីផែនការទប់ស្កាត់ការរំលោភបំពានលើផ្លូវភេទនៅឆ្នាំ២០២០ ក្នុងប្រទេសកម្ពុជាមិនទាន់មានរបាយការណ៍ជាក់លាក់ពីករណីរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឡើយ។ យ៉ាងណាមិញ ការរំលោភបំពានតាមប្រព័ន្ធអនឡាញជាង ១៥០ករណីក្នុង១ឆ្នាំ ត្រូវបានសាធារណជនរាយការណ៍ នៅសមត្ថកិច្ចនិងបណ្ដាញរាយការណ៍តាមអ៊ីនធឺណែត (Internet Hotline)៕
 
 
 

Tag:
 ThmeyThmey
  UNICEF
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com