ជាតិ
សង្គមជាតិ
អ្នកធ្វើការតាមផ្ទះមួយចំនួន រងការរើសអើងពីម្ចាស់ផ្ទះ!
25, Jul 2022 , 9:29 am        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ៖ញឹក សំអូន
 
ភ្នំពេញ៖ អ្នកធ្វើការងារតាមផ្ទះមួយចំនួន ទទួលរងការរើសអើងពីម្ចាស់ផ្ទះ តាមរយៈពាក្យសម្ដី និងសកម្មភាព ក្នុងទម្រង់ផ្សេងៗគ្នា។ បើតាមអ្នកស្រី អាយ វណ្ណី ​ប្រធានក្រុមនៃស្រ្តីធ្វើការតាមផ្ទះ អ្នកធ្វើការងារតាមផ្ទះខ្លះ អាចនឹងរងអំពើហិង្សាផ្សេងៗ ពីម្ចាស់ផ្ទះថែម ទៀត។​

 
ស្រ្តីមួយចំនួន សម្រេចចូលបម្រើការងារនៅផ្ទះនានា ដូចជាធ្វើចុងភៅ លាងចាន ជូតឥដ្ឋ បោកខោអាវ លាងបន្ទប់ទឹក និងការងារបន្ទាប់បន្សំផ្សេងៗទៀត ជាដើម។ ការបម្រើការងារតាមផ្ទះនេះ​ មានអ្នកខ្លះទទួលបានការស្រលាញ់​រាប់អាន និងឱ្យតម្លៃពីសំណាក់ម្ចាស់ផ្ទះ តែអ្នកខ្លះទៀត ទទួលរងការប្រមាថ មើលងាយ ពីម្ចាស់ផ្ទះ។ សម្រាប់អ្នកស្រី អាយ វណ្ណី ធ្លាប់ជួបម្ចាស់ផ្ទះប្រើពាក្យសម្ដីធ្ងន់ដាក់ខ្លួន ដោយហៅពាក្យកញ្ចាស់ៗពេញមាត់ ដែលធ្វើឱ្យនាងទទួលយកមិនបានឡើយ។ អ្នកស្រី បានបញ្ជាក់ថា  សកម្មភាព និងសម្តីដែលម្ចាស់ផ្ទះធ្វើដាក់នាងនេះ បានបង្ហាញពីការរើសអើងចំពោះអ្នកធ្វើការងារតាមផ្ទះ។
 
អ្នកស្រី វណ្ណី ប្រឡូកធ្វើការងារតាមផ្ទះ បានជាង១០ឆ្នាំមកហើយ។ បច្ចុប្បន្ន នាងជាប្រធានក្រុមនៃស្រ្តីធ្វើការតាមផ្ទះ។ ​ ស្រ្តីវ័យ៣៧ឆ្នាំរូបនេះបញ្ជាក់ថា​៖ «ម្ចាស់ផ្ទះមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ! ម្ចាស់ផ្ទះខ្លះយល់ពីអ្នកធ្វើការតាមផ្ទះ គេឱ្យតម្លៃ និងលើកទឹកចិត្ត ខ្វាយខ្វល់ពីសុខទុក្ខរបស់អ្នកធ្វើការតាមផ្ទះដែរ។ ប៉ុន្តែម្ចាស់ផ្ទះខ្លះ គ្រាន់តែកន្លែងហូបបាយ ក៏គេមិនចង់ឱ្យយើងអង្គុយហូបដែរ។ បើតាមអ្នកស្រី វណ្ណី អ្នកបម្រើការងារតាមផ្ទះមួយចំនួន គឺរងសម្ពោធផ្លូវអារម្មណ៍ពីម្ចាស់ផ្ទះ ចាប់តាំងពីកន្លែងហូបបាយឡើង។ 
 
«ដល់ម៉ោងហូបបាយ គេមិនឱ្យយើងអង្គុយតុគេទេ! គេឱ្យយើងយកតុដែលទុកចោល មកជូនហើយទៅអង្គុយ នៅឯចង្ក្រានបាយខាងក្រោយ ជិតកន្លែងដាក់ធុងសំរាម ធុងបោកខោអាវ។ គេមិនឱ្យយើងអង្គុយកន្លែងសមគួរទេ»។ ប្រធានក្រុមនៃស្រ្តីធ្វើការតាមផ្ទះ និយាយប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey)បែបនេះ ដោយបន្តរៀបរាប់ថា​៖ «ពេលខ្លះម្ចាស់ផ្ទះពិនិត្យការងារឃើញមិនស្អាត ឬធ្វើខុសអ្វីមួយ គេហៅទៅស្ដីបន្ទោស។ ពេលខ្លះហៅសុទ្ធតែមីខ្ញុំកញ្ចាស់ពេញមាត់!។ ដូច្នេះហើយ ក្រុមយើងទទួលយកមិនបាននោះទេ»។ 
 

អង្គុយកាន់ម៉ាក្រូហ្វូន ជាអ្នកស្រី អាយ វណ្ណី ប្រធានក្រុមនៃស្រ្តីធ្វើការតាមផ្ទះ។ រូបភាព៖ អង្គការ Oxfam

លើសពីនេះ អ្នកមប្រើការងារតាមផ្ទះខ្លះ បានរងអំពើហិង្សាពីម្ចាស់ផ្ទះ​ថែមទៀត។ បើតាមអ្នកស្រី វណ្ណី ពេលមានបញ្ហាអ្វីមួយកើតឡើង សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានជួយរកដំណោះស្រាយ ដោយវែកញែកសួររកហេតុផលពីភាគីម្ចាស់ផ្ទះ និងសមាជិកដែលមានទំនាស់។ អ្នកស្រី វណ្ណី រៀបរាប់ពីផលលំបាកបែបនេះ៖ «ពួកក្រុមខ្ញុំ ធ្លាប់ជួបម្ដងដែរ(ម្ចាស់ប្រើហិង្សា) តែកើតយូរហើយ នៅបឹងកេងកង។ ម្ចាស់ផ្ទះ និងក្រុមការងារខ្ញុំ ទាស់សម្ដីគ្នា ក៏បានតមាត់គ្នា។ ហើយម្ចាស់ផ្ទះប្រើហិង្សា រហូតវាយបែកក្បាល ពេលនោះសមាគមជួយដោះស្រាយ ទើបម្ចាស់ផ្ទះបង់លុយ ហើយក្រុមខ្ញុំក៏ឈប់ធ្វើការ»។
 
អ្នកបម្រើការងារតាមផ្ទះ អាចទទួលប្រាក់ចំណូលបានជាមធ្យម ២០០ដុល្លារ ក្នុងមួយខែ។​ អ្នកខ្លះធ្វើការមួយខែពេញ ដោយមិនមានថ្ងៃឈប់សម្រាកនោះទេ មិនថាថ្ងៃបុណ្យ និងសៅរ៍អាទិត្យ ក៏ត្រូវទៅធ្វើការដូចថ្ងៃធម្មតា។
 
ជាមួយគ្នានេះ អ្នកស្រី វុន សម្ផស្ស អគ្គលេខាធិការរងទទួលបន្ទុកផ្នែកចងក្រង និងពង្រឹងសមាជិកអង្គការ IDEA បានលើកឡើងថា កម្មករធ្វើការតាមផ្ទះ មានបញ្ហាប្រឈមដោយមិនមានម៉ោងឈប់សម្រាក ព្រោះពួកគេគ្មានច្បាប់ការពារ ខណៈប្រាក់ឈ្នួលរបស់ពួកគេ​ ក៏ពុំទាន់មានដូចកម្មករកាត់ដេរ ឬវិស័យផ្សេងៗ ដែលស្ថិតក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែរ។​
 
«អ្នកបម្រើការងារតាមផ្ទះ មិនទាន់មានសិទ្ធិគាំពារសង្គមនៅពេលជួបគ្រោះថ្នាក់ អំឡុងពេលធ្វើការងារឡើយ។ ពោល គឺមិនមានការទទួលខុសត្រូវពីម្ចាស់ផ្ទះទេ។ ដូច្នេះពួកគេប្រើថវិកាខ្លួនឯង ដើម្បីទៅពិនិត្យសុខភាព និងការព្យាបាលផ្សេងៗ»។ នេះជាការលើកឡើងរបស់អ្នកស្រី សម្ផស្ស  ដោយបន្តថា៖«​ ម្យ៉ាងវិញទៀត ពួកគេប្រឈមនឹងការរើសអើងពីម្ចាស់ផ្ទះ ដោយម្ចាស់ផ្ទះមិនឱ្យឈប់សម្រាក រឹតត្បិតសេរីភាពពួកគេ ក្នុងការចូលរួមជាមួយសមាគម និងបញ្ហាមួយចំនួនទៀត ដែលជួបប្រទះជាមួយម្ចាស់ផ្ទះ»។
 
បើតាមអ្នកស្រី សម្ផស្ស ម្ចាស់ផ្ទះនីមួយៗ គួរតែឱ្យតម្លៃ និងលើទឹកចិត្តដល់អ្នកបម្រើការងារនៅផ្ទះរបស់ពួកគេ ព្រោះអ្នកបម្រើការងារតាមផ្ទះ ជា​អ្នកមើលថែទាំទ្រព្យសម្បត្តិនានា នៅក្នុងផ្ទះ។ លើសពីនេះ ម្ចាស់ផ្ទះនីមួយៗ គួរតែចុះបញ្ជីឱ្យអ្នកធ្វើការតាមផ្ទះ ចូលក្នុងរបបសន្តិសុខសង្គម ដើម្បីឱ្យពួកគេទទួលបានកិច្ចគាំពារសង្គម។ ប្រធានកម្មករអ្នកធ្វើការតាមផ្ទះរូបនេះបន្តថា ៖ «អ្នកធ្វើការតាមផ្ទះ គាត់យកទាំងកម្លាំងកាយ-ចិត្ត ចំណេះជំនាញទៅធ្វើការ។ បើគ្មានពួកគាត់ ជួយមើលថែកូនរបស់អ្នក [ម្ចាស់ផ្ទះ] ជួយចម្អិនអាហារ និងជួយថែទាំផ្ទះសម្បែងទេ នោះម្ចាស់ផ្ទះក៏មិនអាចទៅរកចំណូលបានខាងក្រៅ រាប់ពាន់ រាប់ម៉ឺនដុល្លារនោះដែរ»។
 
អ្នកធ្វើការតាមផ្ទះ ដែលចូលជាសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលប្រាក់ខែបានចាប់ពី ២៥០ដុល្លារឡើងទៅ ​អាស្រ័យទៅតាមបទពិសោធន៍ការងាររបស់ពួកគេ។ នេះជាការលើកឡើងរបស់អ្នកស្រី សម្ផស្ស ដែលបញ្ជាក់ថា៖ «ជាមធ្យមប្រាក់ខែចន្លោះពី ២៥០ ដល់ ៤០០ដុល្លារ ទើបអ្នកបម្រើការងារតាមផ្ទះ អាចចំណាយនៅក្នុងគ្រួសារគ្រប់។ បើតិចជាងនេះពួកគេ នឹងពិបាក ព្រោះទំនិញលើទីផ្សារឡើងថ្លៃគ្រប់មុខ»។


អ្នកស្រី វុន សម្ផស្ស ប្រធានកម្មករអ្នកធ្វើការតាមផ្ទះ។ រូបភាព៖ អង្គការ Idea

អ្នកបម្រើការងារតាមផ្ទះ គឺមានទាំងបុរស និងស្រី្ត ដែលមានអាយុ​ចាប់ ១៧ ដល់៦០ឆ្នាំ។ ប៉ុន្តែចំនួនអ្នកដែលធ្វើការតាមផ្ទះច្រើនជាងគេ គឺអាយុចន្លោះពីអាយុ៣០ ទៅ ៤៥ឆ្នាំ។ នេះបើតាមអ្នកស្រី សម្ផស្ស។
 
បច្ចុប្បន្ន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានសមាជិក ចំនួន ១ ៧០០នាក់។ សមាជិកនីមួយៗ ទទួលបានការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ក៏ដូចចំណេះដឹងមួយចំនួនផ្នែកច្បាប់ការងារ និងកិច្ចគាំពារសង្គម  ដើម្បីហ៊ានចរចាប្រាក់ឈ្នួល និងគេចពីការរងសម្ពាធពីម្ចាស់ផ្ទះ។ 
 
សព្វថ្ងៃ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កំពុងជំរុញឱ្យម្ចាស់ផ្ទះ​ទៅចុះបញ្ជីនៅបេឡាជាតិសន្តិសុខសង្គម ដើម្បីឱ្យកម្មករធ្វើការតាមផ្ទះ ទទួលបានការថែទាំសុខភាព ពេលពួកគេគ្រោះថ្នាក់ការងារអំឡុងធ្វើការ។ ជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងរដ្ឋាភិបាល ផ្ដល់សច្ចាប័នទៅអនុសញ្ញាលេខ ១៨៩ ស្ដីពីលក្ខខណ្ឌការងារសម្រាប់កម្មករធ្វើការងារតាមផ្ទះ។ 
 
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា កំពុងពិភាក្សាគ្នាជាលក្ខណៈតំបន់ អំពីការផ្តល់សច្ចាប័ន លើអនុសញ្ញាលេខ ១៨៩ នេះ។  លោកនិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ៖«អាស៊ាន នឹងក្លាយទៅជាសហគមន៍តែមួយ វាសនាតែមួយ។ យើងកំពុងចែករំលែក និងសិក្សាពីគ្នា ដើម្បីឱ្យមានសុខដុមផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត»។
 
ទាក់ទិននឹងការការរើសអើង ឬធ្វើឱ្យប៉ះពាល់ទៅលើកិត្តិយសរបស់បុគ្គលណាម្នាក់ ដែលពាក់ព័ន្ធនឹងម្ចាស់ផ្ទះ គឺបុគ្គលនោះអាចដាក់ពាក្យប្តឹង ទៅប៉ូលិសបានគ្រប់ពេល ដោយមិនចាំបាច់ថា កម្ពុជាផ្តល់សច្ចាប័ន ឬមិនទាន់ផ្តល់សច្ចាប័នអនុសញ្ញា ១៨៩នោះទេ។ នេះជាការលើកឡើងរបស់លោក ហេង សួរ ដោយបញ្ជាក់ថា​៖ «ច្បាប់បានការពារបុគ្គលគ្រប់រូប និងមានទណ្ឌកម្ម ចំពោះបុគ្គលដែលបង្ខិតបង្ខំឱ្យធ្វើការងារ ឬរើសអើង ឬបង្កឱ្យមានរបួសស្នាម ទៅលើបុគ្គលមួយផ្សេងទៀត»។
 
យោងតាមរបាយការណ៍របស់អង្គការ Oxfam ចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ប្រទេសកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា កម្មករធ្វើការងារតាមផ្ទះ មានប្រមាណ ២៤ម៉ឺននាក់នាក់ ដែលភាគច្រើនជាស្ត្រី ។ ការងារប្រចាំថ្ងៃរបស់អ្នកទាំងនោះ គឺបោសសម្អាត ចម្អិនអាហារ បោកគក់និងអ៊ុតសម្លៀកបំពាក់ ថែទាំកុមារ ថែទាំមនុស្សចាស់ ថែទាំសមាជិកគ្រួសារ ថែទាំសួន ថែទាំទ្រព្យសម្បត្តិ​ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្ត... ជាដើម៕
 

Tag:
 សេដ្ឋកិច្ចក្រៅប្រព័ន្ធ
  ការងារតាមផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com