ជាតិ
យុវជនសកម្ម សេវាល្អ
បារម្ភពីសុវត្ថិភាពធ្វើដំណើរពេលយប់, យុវតីនៅក្នុងឃុំអូរសណ្ដាន់ ស្នើអាជ្ញាធរឱ្យដាក់ភ្លើងបំភ្លឺផ្លូវ
25, Jul 2022 , 12:39 pm        
រូបភាព
ដោយ៖ យុវជនឃុំអូរសណ្ដាន់ 

ក្រគរ, ពោធិ៍សាត់៖  យុវតីក្នុងឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បារម្ភពីសុវត្ថិភាពធ្វើដំណើរពេលយប់ ខណៈផ្លូវស្ងាត់ និងផ្លូវមួយចំនួនមិនមានភ្លើងបំភ្លឺផ្លូវ។ ចំពោះក្ដីបារម្ភនេះ យុវតីនៅក្នុងឃុំ បានស្នើឱ្យអាជ្ញាធរដាក់ភ្លើងបំភ្លឺផ្លូវ ជាពិសេសនៅកន្លែងស្ងាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីសុវត្ថិភាព។



យុវតី ឆាន ស្រីណុច ជាសិស្សថ្នាក់ទី១២ ហើយក៏ជាពលរដ្ឋក្នុងឃុំអូរសណ្ដាន់ បានបារម្ភពីសុវត្ថិភាពខ្លួន ដែលត្រូវធ្វើដំណើរចេញពីរៀនពេលយប់ ដ្បិតតាមផ្លូវស្ងាត់ ងងឹត និងគ្មានភ្លើងបំភ្លឺផ្លូវឡើយ។ 
 
រៀងរាល់ថ្ងៃស្រីណុច ត្រូវជិះកង់ចេញពីរៀននៅម៉ោងប្រមាណ៧យប់​។ បើតាមយុវតីវ័យ ១៨ឆ្នាំរូបនេះ បើតាមផ្លូវកៅស៊ូមានភ្លើងបំភ្លឺផ្លូវ តែសម្បូរឡានធំៗ បើកលឿន ទើបខ្លួនបង្ខំចិត្តមកជិះតាមផ្លូវលំវិញ។ ស្រីណុច បានអះអាងថា ជិះតាមផ្លូវលំ ងាយស្រួលធ្វើដំណើរ មិនខ្លាចគ្រោះថ្នាក់ចរាចរណ៍ឡានធំៗ តែងងឹតមិនមានភ្លើងបំភ្លឺផ្លូវ។ ស្រីណុច ចង់ឱ្យអាជ្ញាធរ ដាក់ភ្លើងបំភ្លឺផ្លូវ ដើម្បីសុវត្ថិភាពពលរដ្ឋធ្វើដំណើរពេលយប់។ 
 
យុវតី ឆៅ ស្រីណាត ជាសិស្ស និងពលរដ្ឋរស់នៅឃុំអូរសណ្ដាន់ ក៏រអ៊ូពីបញ្ហាសុវត្ថិភាពធ្វើដំណើរពេលយប់ដែរ។​ ស្រីណាត ត្រូវធ្វើដំណើរចេញពីរៀនគួរ ទៅផ្ទះនៅម៉ោង ប្រហែល៧យប់​។ យុវតីរៀនថ្នាក់ទី១២ រូបនេះ បារម្ភពីសុវត្ថិភាពខ្លួន​ ពេលធ្វើដំណើរលើផ្លូវងងឹត ដោយសារ នៅក្នុងភូមិមានក្មេងទំនើងប្រើប្រាស់គ្រឿងញៀន។ «ពេលធ្វើដំណើរ ខ្ញុំគិតរហូតខ្លាចគេជិះតាមពីក្រោយ ខ្លាចគេប្លន់យកទ្រព្យសម្បត្តិអ៊ីចឹងទៅ»។  នេះ ជាក្ដីបារម្ភ របស់យុវតី ឆៅ ស្រីណាត។ 


លោក ម៉ម ធន មេឃុំអូរសណ្ដាន់

យុវតី២រូបខាងលើនេះ បានសំណូមពរដល់អាជ្ញាធរ ដាក់ភ្លើងបំភ្លឺផ្លូវឱ្យបានច្រើន ជាពិសេសកន្លែងផ្លូវស្ងាត់ និងចង់ឱ្យមានកម្លាំងអាជ្ញាធរ ឬប្រជាការពារភូមិ នៅយាមល្បាត កន្លែងស្ងាត់ ដែលមានសិស្សធ្វើដំណើរ ដើម្បីសុវត្ថិភាព និងចៀសវាងបញ្ហាកើតឡើងណាមួយ។ 
 
ពាក់ព័ន្ធនឹងបញ្ហាភ្លើងបំភ្លឺផ្លូវនេះ លោក ម៉ម ធន មេឃុំអូរសណ្ដាន់ បានឱ្យដឹងថា កន្លងមករដ្ឋបាលឃុំ បានដាក់ភ្លើងបំភ្លឺផ្លូវតាមកន្លែងគោលដៅសំខាន់ៗ ចំនួន៤០អំពូល ប៉ុន្តែមានជនខិលខូចលួចបំផ្លាញអំពូលចំនួន៨ និង២ទៀត ត្រូវបានគោយន្តបើកកិន។ 
 
មេឃុំរូបនេះ ទទួលស្គាល់ថា នៅក្នុងឃុំមិនទាន់មានភ្លើងបំភ្លឺផ្លូវតាមតម្រូវការរបស់ពលរដ្ឋឡើយ ខណៈផ្លូវមានច្រើនខ្សែ។ បើតាមលោក ម៉ម ធន កន្លងមកខាងឃុំក៏បានគិតគូពីបញ្ហានេះ តែមិនទាន់មានថវិកាសម្រាប់ដាក់ភ្លើងបន្ថែមឡើយ។ លោកថា អំពូលដែលបានដាក់កន្លងមក​ គឺទទួលថវិកាបានពីគណបក្សប៉ុណ្ណោះ។ 
 
លោក ម៉ម ធន អះអាងថា៖ «មូនិធិរបស់ឃុំ យើងបានសិក្សាចំនួន៤គីឡូម៉ែត្រ  ឥលូវនេះបញ្ហាអ៊ុយក្រែន ជាមួយរុស្សី ធ្វើឱ្យសម្ភារៈឡើងថ្លៃ ដល់សិក្សាម្ដងទៀតលុយយើងអាចធ្វើបានមិនដល់២គីឡូម៉ែត្រផង។ មហិច្ឆតារបស់យើង ចង់ធ្វើឱ្យគ្រប់ តែយើងធ្វើរំកិលៗ ធ្វើយ៉ាងម៉េចឱ្យផ្លូវយើង មានភ្លើងឱ្យបានគ្រប់គ្រាន់»។ 
 
បើតាមលោក ម៉ម ធន នៅឃុំអូរសណ្ដាន់ ត្រូវការអំពូលបំភ្លឺផ្លូវជាង៤០០ ទៀតទើបគ្រប់គ្រាន់តាមតម្រូវការ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវ សប្បុជនដែលមានលទ្ធភាពអាចចូលរួមឧបត្ថម្ភដាក់ភ្លើងបំភ្លឺដល់ឃុំ  និងសុំឱ្យពលរដ្ឋ ជួយដាក់អំពូលនៅតាមមុខផ្ទះ ដើម្បីបំភ្លឺតាមផ្លូវ៕ 
 
 
​ ​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 
 

Tag:
 យុវជនសកម្ម សេវាល្អ
  វីដេអូសម្ភាស
© រក្សាសិទ្ធិដោយ thmeythmey.com