ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖«គ្រឿងញៀន យើង បានបង្ក្រាបច្រើនជាងគេទាំងអស់...រាប់រយតោន»
25, Jul 2022 , 2:50 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ គ្រឿងប្រមាណ៦០០តោន ត្រូវសមត្ថកិច្ចចាប់បានពីជនជាតិចិនតៃវ៉ាន់៣នាក់ កាលពីខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន)។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ គ្រឿងប្រមាណ៦០០តោន ត្រូវសមត្ថកិច្ចចាប់បានពីជនជាតិចិនតៃវ៉ាន់៣នាក់ កាលពីខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន)។
ដោយ: ថ្មីៗ
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយចំនួន រួមទាំងសមិទ្ធផលផ្សេងៗទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឆ្លៀតនិយាយពីស្ថានភាពគ្រឿងញៀននៅកម្ពុជា។ បើបានស្តាប់ប្រសាសន៍របស់សម្តេច គេ នឹងអាចស្រមៃឃើញថា គ្រឿងញៀន កំពុងវាយលុកយ៉ាងធ្ងន់ និងកំពុងចរាចរស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជា។



សម្តេច ស ខេង ថ្លែងដូច្នេះថា៖«ឥឡូវសញ្ញា ក្នុង១ថ្ងៃ យ៉ាងហោចណាស់ [គ្រឿងញៀន] ចរាចរនៅតាមខេត្ត៥ ក្រៅពីរាជធានីភ្នំពេញ លេចចេញកន្លែងនេះកន្លែងនោះ។ និយាយរួម ទូទាំងប្រទេស មាន [ចរាចរគ្រឿងញៀន] ទោះតិចឬច្រើន ដែលយើងបានបង្ក្រាប ហើយយើង បានបង្ក្រាបច្រើនណាស់ មិនមែនតិចទេ។ គ្រឿងញៀននេះ យើង បានបង្ក្រាបច្រើនជាងគេទាំងអស់ រាប់រយតោន»។  
 
សំឡេងរបស់សម្តេច ស ខេង



យ៉ាងណា សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ពុំបានបញ្ជាក់លម្អិតឡើយថា ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា ដែលមានចំនួនច្រើនជាងគេនេះ គឺច្រើនជាងប្រទេសណាមួយ ឬច្រើនជាងបណ្តាប្រទេសក្នុងតំបន់ណាមួយ។ សម្តេច អំពាវនាវឲ្យឪពុកម្តាយ ឬអាណាព្យាបាល ចូលរួមទប់ស្កាត់ ដើម្បីកុំឲ្យគ្រឿងញៀនវាយលុកចូលដល់សហគមន៍។ 
 
ក្នុងពិធីខាងលើ សម្តេចឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាន៍អំពីករណីឈ្មួញ លួចកែច្នៃសារធាតុគីមីផ្សំចេញជាគ្រឿងញៀនដែរ។ សម្តេច លើកឡើងថា សម្តេច បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំតាក់តែងសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីគ្រប់គ្រងសារធាតុគីមីផ្សំ ដែលនាំចូលមកកម្ពុជា ហើយដើម្បីទប់ស្កាត់កុំឲ្យឈ្មួញ លួចកែច្នៃសារធាតុគីមីផ្សំទាំងនោះ ចេញជាគ្រឿងញៀន។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាក់ដូច្នេះថា៖«សារធាតុផ្សំ ជូនអីគេដាក់មកថា យកមកធ្វើជាវត្ថុនេះវត្ថុនោះ សម្ភារៈប្រើប្រាស់នេះ ប្រើប្រាស់នោះ តែធាតុពិត គេ យកមកផ្សំគ្រឿងញៀន នេះជាបញ្ហា។ អ៊ីចឹងហើយ បានជាយើងធ្វើច្បាប់ស្តីពីការគ្រប់គ្រងហ្នឹង បានន័យថា យើងគ្រប់គ្រង [សារធាតុគីមីផ្សំ] តាំងពីចេញមក។ និយាយរួមតាំងពីឲ្យអាជ្ញាបណ្ណនាំចូល ហើយយើងគ្រប់គ្រងចរាចរហ្នឹង ទីបំផុតទៅណា យកទៅបម្រើរោងចក្រត្រឹមត្រូវ ឬមួយក៏យកទៅឯណាផ្សេង។ កន្លងទៅ យកទៅផ្សំគ្រឿងញៀនច្រើន»។ 
 
ករណីលួចកែច្នៃសារធាតុគីមីផ្សំចេញគ្រឿងញៀននៅតាមរោងចក្រ និងនៅតាមទីតាំងផ្សេងៗ ត្រូវសមត្ថកិច្ចកម្ពុជា រកឃើញជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ២០២២ រហូតដល់ខែ៧ ឆ្នាំ២០២២នេះ។ សមត្ថកិច្ច បានរឹបអូសសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនដល់ទៅរាប់រយតោននៅតាមរោងចក្រ និងនៅតាមទីតាំងទាំងនោះ ដោយមិនរាប់គ្រឿងញៀនបញ្ចូលផង។ 
 
ជាទូទៅ ឈ្មួញ អាចនាំចូលសារធាតុគីមីផ្សំ ចូលកម្ពុជាដោយស្របច្បាប់ ដ្បិតពួកគេ ប្រើលេសថា ដើម្បីយកមកកែច្នៃនិងផលិតចេញជាផលិតផលនានា តែតាមពិត ពួកគេ បែរជាលួចកែច្នៃចេញជាគ្រឿងញៀនទៅវិញ។ ឧក្រិដ្ឋជនដែលលួចបើករោងចក្រឬទីតាំងសម្រាប់កែចៃ្នគ្រឿងញៀនទាំងនោះ ភាគច្រើនជាជនជាតិចិន និងចិនតៃវ៉ាន់។
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដាក់បញ្ជាទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ឲ្យនាំគ្នាចុះត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់កុំឲ្យស្ថាប័នឯកជនទាំងនេះ លួចបង្វែរសារធាតុគីមីផ្សំ ដែលសុំនាំចូលស្របច្បាប់ ទៅកែច្នៃ និងផលិតចេញជាគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។ បញ្ជារបស់សម្តេច ធ្វើឡើងតាមរយៈសារលិខិត ដែលចេញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីខែមិថុនា ឆ្នាំ២០២២៕
 

Tag:
 ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com