កីឡាជាតិ
ជាតិ
កីឡាម៉ូតូទឹកកម្ពុជា ទទួលលទ្ធផលមិនគាប់ចិត្ត ក្រោយថៃទាមទាឲ្យប៉ូឡូញ ដកចេញពីវិញ្ញាសាសំខាន់
25, Jul 2022 , 3:49 pm        
រូបភាព
ការប្រណាំងម៉ូតូទឹកWorld Series 2022 នៅប្រទេសប៉ូឡូញ រូបពី Jet Ski World Series. 2022
ការប្រណាំងម៉ូតូទឹកWorld Series 2022 នៅប្រទេសប៉ូឡូញ រូបពី Jet Ski World Series. 2022
សាលី អ៊ូមើត និង ម៉ិន មូសស្ដាន បរាជ័យក្នុងការប្រកួត World Series 2022 នៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៩-២៤ ខែកក្កដា។ ការបរាជ័យនេះ ក្រោយសហព័ន្ធកីឡាម៉ូតូទឹកថៃ ទាមទារឲ្យគណៈកម្មាធិការរៀបចំការប្រកួត ដកបេក្ខភាពកីឡាករកម្ពុជា២រូបនេះ ចេញពីវិញ្ញាសាសក្ដានុពល ដែលទំនងជាខ្លាចកម្ពុជាទទួលបានជ័យលាភីជើងឯក ម្ដងទៀត។


កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ម្ចាស់ជើងឯកពិភពលោក Pro-Am Ski Super Stock ឆ្នាំ២០១៩ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុក អំពីការបរាជ័យក្នុងការប្រកួត World Series 2022ថា គណៈកម្មាការរៀបចំការព្រឹត្តិការណ៍នេះ មិនអនុញ្ញាតឲ្យម្ចាស់ជើងឯករូបនេះចុះឈ្មោះប្រកួតលើវិញ្ញាសា Expert Ski GP ទេ ដោយសារមានការស្នើពីសហព័ន្ធកីឡាម៉ូតូទឹកថៃ ឲ្យដកកីឡាករកម្ពុជា ចេញពីវិញ្ញាសានេះ ជាបន្ទាន់។ បើតាម អ៊ូមើត ការស្នើរបស់ភាគីថៃ ក្រោមហេតុផលខ្លាចកម្ពុជា ឈ្នះជ័យលាភីនេះម្ដងទៀត ព្រោះ Expert Ski GP ជាវិញ្ញាសាសក្ដានុពលរបស់កីឡាករកម្ពុជា។
 
«វិញ្ញាសា ដែលយើងធ្លាប់តែឈ្នះពាន គឺពេលមកដល់នេះ មានសហព័ន្ធថៃ តវ៉ាថា យើងមិនអាចប្រកួតលើវិញ្ញាសានេះបានទេ ដោយសារយើងធ្លាប់ឈ្នះពានច្រើនពេក។ ហើយយើងត្រូវទៅប្រកួតវិញ្ញាសាផ្សេង ដែលមិនបានត្រៀម ដោយត្រូវជួលម៉ូតូទឹកនៅទីនោះ។ យើងដឹងស្រាប់ហើយ ម៉ូតូទឹកដែលយើងជួលគេ មិនល្អដូចម៉ូតូ យើងធ្លាប់ប្រើប្រាស់ទេ។»។ ម្ចាស់ជើង​ឯក Pro Aim Ski រូបនេះ ប្រាប់ដូច្នេះ។
  

.ការប្រណាំងម៉ូតូទឹក World Series 2022 នៅប្រទេសប៉ូឡូញ រូបពី Jet Ski World Series 2022

សាលី អ៊ូមើត ត្រូវបានគណៈកម្មាធិការរៀបចំឲ្យប្រកួតលើ២វិញ្ញាសា គឺ Pro Ski Grand Prix និង Pro-Am Ski Lites ជាមួយ កីឡាករ ម៉ីន មូសស្ដាន ដែលមិនមែនជាវិញ្ញាសាជំនាញរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ដដែលនេះ ម៉ីន មូសស្ដាន ត្រូវបានគណៈកម្មាធិការៀបចំការប្រកួត បញ្ឈប់ភ្លាមៗអំឡុងពេលចាប់ផ្ដើមប្រកួត លើវិញ្ញាសា Pro Ski Grand Prix បើទោះជាកីឡាកររូបនេះ មានឈ្មោះក្នុងបញ្ជីប្រកួតក៏ដោយ។ ការបញ្ឈប់ភ្លាមនេះ ដោយសារម្ចាស់ផ្ទះប៉ូឡូញ ទទួលបានសំណើពីភាគីថៃ ដែលទំនងជាមូលហេតុ ខ្លាចកីឡាករ ម៉ីន មូសស្ដាន បានឈ្នះជ័យលាភីសម្រាប់ការប្រកួតនេះ។ នេះបើតាម សាលី អ៊ូមើត។
 
សាលី អ៊ូមើត ប្រាប់បន្ថែមពីការចុះឈ្មោះ មុនទៅប្រកួតនៅប្រទេសប៉ូឡូញថា ៖«វិញ្ញាសានេះ ដើមឡើយឈ្មោះ Pro Aim Ski Modified តែពេលមកដល់អ៊ឺរ៉ុប គេប្ដូរដាក់ថា Expert Ski GP។ ការចុះឈ្មោះមិនមានបញ្ហាអ្វីទេ លុះដល់ពេលមកប៉ូឡូញ សហព័ន្ធថៃ តវ៉ា ដោយសារយើងប្រកួតវិញ្ញាសានេះច្រើនឆ្នាំហើយឈ្នះពានច្រើន។»។
 
ទោះជាយ៉ាងនោះក្ដី កីឡាករកម្ពុជា ត្រូវប្រកួតលើវិញ្ញាសា ដែលខ្លួនមិនមានសក្ដានុពល ដើម្បីបានពិន្ទុខ្លះ ត្រៀមប្រកួតជុំទី២នៅសហរដ្ឋអាមេរិក។ «ខ្ញុំ គ្រាន់តែជិះឲ្យបានសិន ដល់ទៅប្រទេសអាមេរិក ខ្ញុំនឹងយកម៉ូតូខ្ញុំជិះវិញ។»។ សាលី អ៊ូមើត និយាយបែបនេះ។
 
ការប្រកួតនេះ កីឡាករកម្ពុជាទាំងពីររូបទទួលបានលទ្ធផលទាបជាងគេបំផុត។ សម្រាប់វិញ្ញាសា Pro Ski Grand Prix សាលី អ៊ូមើត ទទួលបានចំណាត់ថ្នាក់លេខ២១ ក្នុងចំណោមកីឡាករ ២៣រូប ដែលក្នុងនោះកីឡាករ២រូបមានតែឈ្មោះ តែមិនចូលរួមប្រកួត។ កីឡាករ២រូបមានតែឈ្មោះ មិនបានប្រកួតនោះ មានកីឡាករ ម៉ីន មូសស្ដាន របស់កម្ពុជា និង កីឡាករ Svae Andersen Daniel ប្រទេសន័រវេស។ ចំពោះវិញ្ញាសា Pro Aim Ski Lites សាលី អ៊ូមើត ទទួលលេខ១២ និង ម៉ីន មូសស្ដាន លេខ១៩ ក្នុងចំណោមកីឡាករ២០រូប។
  

.ការប្រណាំងម៉ូតូទឹក World Series 2022 នៅប្រទេសប៉ូឡូញ រូបពី Jet Ski World Series 2022

ដោយឡែក ទឹកប្រាក់ ២៤០០០ ដុល្លារ ត្រូវបានចំណាយលើការដឹកជញ្ជូនម៉ូតូទឹក២គ្រឿង របស់កីឡាករ២រូបនេះ ពីកម្ពុជា ទៅប៉ូឡូញ។ ម៉ូតូទឹកទាំងពីរ ត្រូវភាគីថៃស្នើខ្ចីជិះអំឡុងពេលប្រកួត ដោយសារកីឡាករកម្ពុជា មិនអាចជិះប្រកួតបាន ព្រោះខុសប្រភេទវិញ្ញាសា ដែលរបានត្រៀម។នេះ បើតាមកីឡាករ សាលី អ៊ូមើត ។
 
គួររំលឹកផងដែរថា កីឡាករទាំងពីររូបនេះ មានសមិទ្ធផលជាច្រើនក្នុងឆាកអន្ដរជាតិ ទាំងប្រកួតក្នុងតំបន់ និងនៅខាងអឺរ៉ុប។ នៅឆ្នាំ២០១៩ សាលី អ៊ូមើត ឈ្នះមេដាយមាស ព្រឹត្តិការណ៍ពិភពលោក Jet Ski World Final  និងនៅឆ្នាំ២០២១  ឈ្នះមេដាយមាស លើវិញ្ញាសា Pro Aim Ski Modified នៅព្រឹត្តិការណ៍ដដែលនេះ។ ក្នុងព្រឹត្តិការណ៍ដូចគ្នានេះដែរ ម៉ិន មូសស្ដាន ឈ្នះមេដាយសំរិទ្ធ លើវិញ្ញាសា Pro Aim Ski Modified នៅឆ្នាំ២០២១និងមេដាយប្រាក់ នៅឆ្នាំ២០១៩។ ក្រៅពីព្រឹត្តិការណ៍ពិភពលោកនេះ កីឡាករទាំងពីរក៏ធ្លាប់ទទួលជ័យលាភីក្នុងតំបន់ជាច្រើនទៀតផងដែរ៕
 

.ការប្រណាំងម៉ូតូទឹក World Series 2022 នៅប្រទេសប៉ូឡូញ រូបពី Jet Ski World Series 2022



Tag:
 កីឡាប្រណាំម៉ូតូទឹក
  World Series
© រក្សាសិទ្ធិដោយ thmeythmey.com