ជាតិ
សង្គមជាតិ
ប្រធានកិត្តិយសបក្សកាន់អំណាច ជំរុញមន្រ្តីឲ្យប្រឹងដោះស្រាយជម្លោះដីធ្លីក្រៅតុលាការ ជូនពលរដ្ឋ
25, Jul 2022 , 4:56 pm        
រូបភាព
សម្តេច ហេង សំរិន ស្ថិតក្នុងកិច្ចប្រជុំនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
សម្តេច ហេង សំរិន ស្ថិតក្នុងកិច្ចប្រជុំនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យមន្រ្តីនៅតាមមូលដ្ឋាន ខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ «ឲ្យបានល្អ និងឆាប់រហ័ស»។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេច ចូលរួមធ្វើជាអធិបតីនៃកិច្ចប្រជុំនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការបូកសរុបលទ្ធផលការងារបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ និងការផ្សព្វផ្សាយខ្លឹមសារសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

 
សម្តេច ថែមទាំងជំរុញឲ្យមន្រ្តីអភិវឌ្ឍគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ និងបន្តអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជំងឺកូវីដ-១៩ ជាដើម។ លើសពីនេះ ប្រធានកិត្តិយសគណបក្សកាន់អំណាច ណែនាំមន្រ្តីឲ្យរក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ឈ្វេងយល់ពីទុក្ខលំបាកប្រជាជន និងខិតខំដោះស្រាយនូវអ្វី ដែលប្រជាជនសំណូមពរ។ សម្តេច ក៏បានប្រាប់មន្រ្តីឲ្យបន្តជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនផងដែរ។ ប្រសាសន៍របស់សម្តេចក្នុងប្រជុំនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច។  
 
សូមរម្លឹកខ្លីថា លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនសន្ធឹកសន្ធាប់ជាងគេ គឺជាង៩,៣ពាន់អាសនៈ៕ 
 
 
 
 

Tag:
 ហេង សំរិន
  ដីធ្លី
  ដោះស្រាយក្រៅតុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com