កីឡាជាតិ
ជាតិ
គុនដាវ៖ កីឡាករ ខឿន ទីម៉ា មេដាយមាស២ ខណៈកីឡាការិនី សន និច បានមេដាយមាស២ និងសំរឹទ្ធ១
25, Jul 2022 , 5:59 pm        
រូបភាព
ការប្រកួតគុនដាវថ្នាក់ជាតិ_ ឆ្នាំ២០២២ (រូបពីអគ្គនាយកដ្ឋានកីឡាជាតិ)
ការប្រកួតគុនដាវថ្នាក់ជាតិ_ ឆ្នាំ២០២២ (រូបពីអគ្គនាយកដ្ឋានកីឡាជាតិ)
ដោយ៖ហៀក​ ឆក

កីឡាករ ខឿន ទីម៉ា មេដាយមាស២ ខណៈកីឡាការិនីគុនដាវ សន និច មកពីក្លិបហូសាណា ប្រជែងបានមេដាយមាស២ និងសំរឹទ្ធ១ ​ក្នុងព្រឹត្តិការណ៍កីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២។ ការប្រកួតត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៣ និង២៤ ខែកក្កដា នាសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាគុនដាវកម្ពុជា រួមសហការជាមួយសាកលវិទ្យាល័យ វេស្ទើន ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពលោក អ៊ុក សិទ្ធជាតិ អគ្គនាយ នៃអគ្គនាយកដ្ឋានកីឡា។ កីឡាករ កីឡាការិនី ជាង៥០នាក់បានប្រកួតប្រជែងគ្នាលើប្រភេទ ៦វិញ្ញាសា។
 
កីឡាករ ថុង តាំងជីន មកពីក្លិបផេនដា ប្រជែងបានមេដាយមាសលើវិញ្ញាសា ដាវធំបុរសឯកត្តជន ដោយបានយកឈ្នះលើកីឡាករ ភាព ប៉ារីស មកពីក្លិបហូសាណា ទទួលបានមេដាយប្រាក់។ ចំណែក មេដាយមាសលើវិញ្ញាសាដាវធំនារីឯកត្តជន បានទៅកីឡាការិនី សន និច មកពីក្លិបហូសាណា ក្រោយយកឈ្នះកីឡាការិនី យី លីហ្សា មកពីក្លិបអ៊ីសា ដែលគ្រងមេដាយប្រាក់។
 


វិញ្ញាសាបុរសដាវតូចឯកត្តជន មេដាយមាសបានទៅកីឡាករ ខឿ ទីម៉ា មកពីក្លិបហូសាណា ក្រោយយកឈ្នះកីឡាករ ថុង តាំងជីន ដែលទទួលបានមេដាយប្រាក់ និងផ្នែកនារីបានទៅកីឡាការិនីមកពីក្លិបសន្ធរម៉ុក ឆាយ លីលីន គ្រងមេដាយមាស ក្រោយយកឈ្នះកីឡាការិនី យី លីហ្សា។ កីឡាករ ខឿ ទីម៉ា គ្រងមេដាយមាស លើវិញ្ញាសា ដាវកាប់បុរសឯកត្តជនក្រោយយកឈ្នះកីឡាករ ភីរក្ស ភារិន មកពីក្លិបក្លូរី ទទួលបានមេដាយប្រាក់។
 
ចំណែកដាវកាប់នារីឯកត្តជន កីឡាការិនី សន និច យកបានមេដាយមាសបន្ទាប់ពីឈ្នះកីឡាការិនី ឆាយ លីនលី។ សន និច ប្រជែងបានមេដាយសំរឹទ្ធ១បន្ថែមទៀតដែរ លើប្រភេទវិញ្ញាសាដាវនារីឯកត្តជន។ កីឡាករ កីឡាការិនីដែលទទួលបានមេដាយមាស ក៏នឹងត្រូវដាក់បញ្ចូលទៅលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងត្រៀមការប្រកួត National Games ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ប៉ោក សុខន នាយកកីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ៕
 

Tag:
 កីឡាគុនដាវ
 ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com