កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងជួបលោក Ten Hag និយាយរឿងអនាគតនៅបិសាចក្រហម
26, Jul 2022 , 9:29 pm        
រូបភាព
Cristiano Ronaldo និងភ្នាក់ងារដែលជាលោក Jorge Mendez បានទៅជួបលោក Erik ten Hag ជាអ្នកចាត់ការថ្មីដើម្បីពិភាក្សារឿងអនាគតរបស់ខ្លួន ជាមួយក្លិបបិសាចក្រហម Manchester United។ នេះបើតាមការផ្សាយទូរទស្សន៍ Sky Sports ថ្ងៃទី២៦ ខែកក្កដា។

 
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានស្នើសុំក្លិបចាកចេញ ហើយរូបគេមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុម សម្រាប់ត្រៀមបើកររដូវកាលថ្មី នៅប្រទេសថៃនិងអូស្ត្រាលីឡើយ ព្រោះហេតុផលគ្រួសារ។ ចំណែកហេតុផលដ៏ចម្បងនៃការសុំចាកចេញផ្សេងទៀត គឺក្រុមបិសាចក្រហមគ្មានកៅអី UEFA Champions League ខណៈប្រាក់ពលកម្មរបស់ ​Ronaldo ក៏ត្រូវកាត់ ២៥ភាគរយ។
 
និយាយក្នុងសន្និសីទកាសែតនៅថៃ លោក ​Ten Hag អះអាងថាខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ មិនសម្រាប់លក់ឡើយ ព្រោះស្ថិតក្នុងគម្រោងរបស់លោក។ Ronaldo ចូលរួម Man United ម្តងទៀតរដូវកាល ២០២១-២២ ក្រោយរួមរស់ជាមួយ Real Madrid និង Juventus។
 
អវត្តមាន Ronaldo សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុម Man United និងការហ្វឹកហាត់នៅទីលាន Carrington ក្លាយជាមន្ទិលរបស់អ្នកគាំទ្រ ជុំវិញរឿងអនាគតរូបគេ ដ្បិតកាសែតជាច្រើនផ្សាយថា រូបគេត្រូវបានក្លិបធំៗដូចជា Chelsea, Bayern Munich និង Atletico Madrid ចាប់អារម្មណ៍។ ប៉ុន្តែមកដល់ពេលនេះ មិនមានសំណើណាមួយសម្រាប់រូបគេឡើយ។
 
ទោះបែបនេះក្តីមកដល់ថ្ងៃទី២៦ នេះ Ronaldo ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់ទីក្រុង ​​​Manchester ទំនងដើម្បីជួបពិភាក្សាជាមួយអ្នកចាត់ការថ្មីលោក Ten Hag លើរឿងអនាគតជាមួយក្លិប ខណៈដែលកិច្ចសន្យារបស់គេនៅសល់១​ រដូវកាលទៀតជាមួយជម្រើសបន្តមួយរដូវកាលបន្ថែម។ 
 
ទីផ្សារដោះដូរកីឡាករនឹងបិទនៅ៥ ថ្ងៃបន្ទាប់ ពោលគឺត្រឹមថ្ងៃទី៣១ ខែកក្កដា ខណៈដែលអនាគតម្ចាស់ពាន Ballon d’Or ៥សម័យកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ថា ស្នាក់នៅបន្តជាមួយ Man United ឬចាកចេញស្វែងរកក្លិបថ្មី។ 
 
គួរបញ្ជាក់ថា Man United នឹងត្រូវប្រកួតមិត្តភាពទល់ក្រុម Atletico Madrid នៅប្រទេសន័រវែសនៅថ្ងៃទី៣០ កក្កដា និងជួបក្រុម ​Rayo Vallecano ថ្ងៃទី៣១ កក្កដា មុនត្រៀមប្រកួតបើករដូវកាលថ្មី Premier League នៅថ្ងៃទី៧ ខែសីហា ជួបក្រុម Brighton & Hove Albion៕
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com