កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបអង់គ្លេស និងអ្នកគាំទ្រ ប្រឈមការខ្វះខាតអាវក្រុមថ្មីប្រើប្រាស់
27, Jul 2022 , 8:29 am        
រូបភាព
រដូវកាលថ្មីនៃ Premier League និង រដូវកាលបើកការប្រកួតឡើងវិញ នៃលីគកំពូលនានារបស់អង់គ្លេស កំពុងតែខិតជិតមកដល់ ។ ជាទម្លាប់និងជាវប្បធម៍អ្នកគាំទ្រនៅអង់គ្លេស ពួកគេតែងតែស្វែងរកទិញអាវថ្មីរបស់ក្រុមនីមួយៗដែលគេពេញចិត្ត។ ប៉ុន្តែតាមហាងលក់សម្ភារៈរបស់ក្លិបជាច្រើនមិនមានអាវថ្មីលក់ឡើយ។

 
ដើមរដូវកាល​ ២០២២-២៣​ Premier League បានផ្ដល់ការខកចិត្តមួយសម្រាប់អ្នកគាំទ្រ ព្រោះតែសម្ភារៈដែលជាតម្រូវការដូចជាអាវក្រុមថ្មីទាំងអស់ កំពុងតែជាបញ្ហាចោទ ដោយនៅតាមក្លិបភាគច្រើនទូទាំងលីគទាំង៤ របស់អង់គ្លេស មិនទាន់មានផលិតផលថ្មីសម្រាប់លក់នៅឡើយ។ 
 
បើតាមរបាយការណ៍កាសែត BBC Sports ឱ្យដឹងថា មានក្លិបចំនួន៤៤ ប៉ុណ្ណោះក្នុងចំណោម ៩២ក្លិបនៅលីគកំពូលទាំង៤ អង់គ្លេស ដែលមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ទាំងអាវក្នុងទឹកដី និងក្រៅទឹកដី ខណៈ ១៩ក្លិបគឺគ្មានសម្ភារៈថ្មីទាល់តែសោះ​ និង ២៩ក្លិបផ្សេងទៀតមានអាវថ្មីសម្រាប់លក់បង្គួរ។
 
ក្លិប ​Leeds United របស់ Premier League ក៏ជាក្លិបមួយដែលកំពុងតែខ្វះខាតអាវថ្មីសម្រាប់លក់ ដែលជាដៃគូសហការជាមួយក្រុមហ៊ុនសម្ភារៈកីឡាដ៏ធំប្រចាំពិភពលោក Adidas។ កាលពីខែមិថុនា Adidas បានចេញសេចក្តីប្រកាស សុំទោសអ្នកគាំទ្រ Leeds ពីការយឺតយ៉ាវនៃបោះពុម្ភអាវថ្មី ។ ក្រុមហ៊ុនដ៏ធំមួយនេះលើកឡើងថា«ក្រុមហ៊ុនជួបបញ្ហាប្រឈម និងបញ្ហាការដឹកជញ្ជូនដែលមិនធ្លាប់មានពីមុនមក។»។
 
បើតាមការបញ្ជាក់ក្លិប Leeds United លើគេហទំព័រផ្លូវការ អាវថ្មីសម្រាប់លក់ឱ្យអ្នកគាំទ្រនឹងមានលក់ក្នុងពាក់កណ្តាលខែសីហា ពោលគឺក្រោយការប្រកួតសប្តាហ៍ទី៣ នៃ Premier League។
 
ដោយឡែកក្លិប Stockport County ស្ថិតនៅលីគទី២ អង់គ្លេសក៏ជាក្លិបកំពុងតែជួបបញ្ហាប្រឈមខ្លាំងមួយ ដោយក្លិបគ្មានអាវថ្មីសម្រាប់ប្រកួតរដូវកាលថ្មី ដោយសារតែបញ្ហាការដឹកជញ្ជូនពីក្រុមហ៊ុនសម្ភារៈ Puma ដែលជាដៃគូសហការបានធ្វើឱ្យបាត់សម្ភារៈ។ ក្លិបStockport County នឹងជួបតទល់ជាមួយក្រុម ​Barrow AFC ជំនួបបើកឆាកនៅថ្ងៃទី៣០ ខែកក្កដា៕
 
 
 
 

Tag:
 Football
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com