កីឡាអន្តរជាតិ
អន្តរជាតិ
Premier League នឹងមានប្រធានជាស្រ្តីចាប់ពីឆ្នាំ ២០២៣ ទៅ
27, Jul 2022 , 11:51 am        
រូបភាព
ក្របខណ្ឌ Premier League នឹងត្រូវគ្រប់គ្រងដោយមានប្រធានជាស្ត្រីលើកដំបូង ក្នុងប្រវត្តិសាស្រ្តគឺលោកស្រី Alison Brittain ដែលចូលកាន់កាប់តំណែងកំពូលនេះចាប់ពីឆ្នាំ ២០២៣ តទៅ ក្រោយពេលក្លិបទាំងអស់ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ។ នេះបើតាមលីគកំពូលអង់គ្លេស ថ្ងៃទី២៦ ខែកក្កដា។

 
លោកស្រី Brittain គឺជាប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំជាងគេបង្អស់ប្រចាំអង់គ្លេស Whitbread ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏ជាប្រធានក្រុមហ៊ុនលក់គ្រឿងសង្ហារីមដ៏ធំ ប្រចាំអង់គ្លេស Dunelm។
 
អនាគតប្រធានថ្មី ​Premier League រូបនេះនឹងលាលែងពីតំណែងនៅក្រុមហ៊ុន ​Whitbread នាដើមឆ្នាំ ២០២៣។ លោកស្រីចូលកាន់តំណែងជាប្រធានបណ្ណោះអាសន្ន Premier League ក្រោយពេលលោក Peter McCormick ដែលកាន់តំណែងតពីលោក Gary Hoffman បានលាលែងពីតំណែង បន្ទាប់ពីមានតវ៉ាពីក្លិបផ្សេងៗលើបញ្ហាការកាន់កាប់ក្លិប Newcastle United ពីសំណាក់សម្ព័ន្ធអារ៉ាប៊ីសាអូឌីត។
  


«ខ្ញុំបានក្លាយជាអ្នកគាំទ្របាល់ទាត់តាំងពីនៅតូច ហើយខ្ញុំក៏ធ្លាប់ស្រមៃថានឹងអាចត្រូវបានតែងតាំងជាប្រធាននៃ Premier League។ វានឹងក្លាយជាឯកសិទ្ធិពិតប្រាកដក្នុងការអភិវឌ្ឍនផែនការសម្រាប់អនាគត និងធ្វើការងារយ៉ាងល្អជាមួយម្ចាស់ភាគហ៊ុនផ្សេងទៀតចំពោះការប្រកួត ដើម្បីធានាបាននូវនិរន្តរភាពនៃភាពជោគជ័យរយៈពេលវែងនៃ Premier League។»។ លោកស្រី Brittain វ័យ៥៧ឆ្នាំនិយាយបែបននេះ។
 
នាយកប្រតិបត្តិ Premier League លោក Richard Masters បានឱ្យដឹងថា លោករីករាយចំពោះការចូលរួមរបស់លោកស្រី Brittain ព្រោះលោកស្រីបានជះឥទ្ធិពលវិជ្ជមានដល់ស្ថាប័ន ដែលលោកស្រីធ្លាប់បានចូលរួមពីមុនៗមក។
 
ជាស្រ្តីដែលនឹងកាន់តំណែងលីគកំពូលអង់គ្លេសលើកដំបូង លោកស្រី Alison Brittain ធ្លាប់កាន់តួនាទីជាន់ខ្ពស់មួយនៅក្នុងឧស្សាហកម្មធនាគាអង់គ្លេស ។ មិនត្រឹមប៉ុណ្ណោះលោកស្រីធ្លាប់បម្រើការជានាយកផ្នែកលក់នៃស្ថាប័នហិរញ្ញវត្ថុអង់គ្លេស Lloyds Banking Group និងជានាយកក្រុមប្រឹក្សាធនាគា Santander UK។
 
គួររំលឹកថា រដូវកាលថ្មី Premier League នឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា ដោយក្រុម Fulham នឹងទទួលស្វាគមន៍នាប្រកួតបើកឆាកទល់ ​Liverpool ដំបូងគេបង្អស់នៅវេលាម៉ោង ៦:៣០ (ម៉ោងនៅកម្ពុជា)៕
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com