ជាតិ
សង្គមជាតិ
កម្ពុជា បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ជនបរទេសទាំងអស់ លើកលែងតែមន្រ្តីទូត
27, Jul 2022 , 1:47 pm        
រូបភាព
មន្រ្តីនគរបាលអន្តោប្រវេសន៍ ស្ថិតក្នុងបន្ទប់មួយ ពេលចុះបំពេញការងារ កាលពីឆ្នាំ២០២០។
មន្រ្តីនគរបាលអន្តោប្រវេសន៍ ស្ថិតក្នុងបន្ទប់មួយ ពេលចុះបំពេញការងារ កាលពីឆ្នាំ២០២០។
ដោយ៖ ទេពញាណ

លើកលែងតែមន្រ្តីការទូត ជនបរទេសទាំងអស់នៅកម្ពុជា នឹងត្រូវសមត្ថកិច្ច ដើរត្រួតពិនិត្យកន្លែងរស់នៅរបស់ពួកគេ។ កម្ពុជា ធ្វើដូច្នេះ ក៏ព្រោះតែចង់ដឹងថា កម្ពុជា ពិតជាមានករណីលួចជួញដូរមនុស្សច្រើន ដូចរបាយការណ៍បរទេសមែន ឬរបាយការណ៍ខុសពីការពិត។



កម្ពុជា មិនអស់ចិត្តទាល់តែសោះ នៅពេលដែលត្រូវបានមហាអំណាចអាម៉េរិក ដាក់ចូលទៅក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការជួញដូរមនុស្សកម្រិតធ្ងន់ធ្ងរ ខណៈកម្ពុជា ក៏ប្រឹងប្រែងប្រឆាំងនឹងការជួញមនុស្សដែរនោះ។ កម្ពុជា ចាំបាច់ត្រូវរកភស្តុតាងដោយខ្លួនឯង ដើម្បីបញ្ជាក់ឲ្យច្បាស់ថា កម្ពុជា ពិតជាដូចអាម៉េរិកថាមែន ឬមិនមែន។ ដើម្បីរកចម្លើយនេះឃើញ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នមានសមត្ថកិច្ច សម្រេចជ្រើសរើសយកមធ្យោបាយ១មកប្រើ គឺត្រួតពិនិត្យលើការរស់នៅរបស់ជនបរទេសនៅកម្ពុជា។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសពីការបើកប្រតិបត្តិការត្រួតពិនិត្យការរស់នៅរបស់ជនបរទេសនេះ ក្នុងឱកាសដែលសម្តេច ចូលរួមធ្វើជាអធិបតីបិទវគ្គបណ្តុះបណ្តាលសុក្រឹតការថ្នាក់ដឹកនាំនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ សម្តេច អះអាងថា ក្រសួងមហាផ្ទៃ នឹងរៀបចំផែនការឲ្យបានហ្មត់ចត់ ក្នុងការបំពេញបេសកកម្មនេះ។

«ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោង ចំពោះការជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃ ត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងតាមក្រុមហ៊ុននានានោះទេ លើកលែងតែមន្រ្តីការទូត។ […] ហើយការត្រួតពិនិត្យនេះ គ្មានបំណងអីទេ គឺក្នុងបំណងរកឲ្យឃើញថា អ្នកដែលមកកម្ពុជាហ្នឹង គឺចូលដោយត្រឹមត្រូវតាមច្បាប់ ឬមិនត្រឹមត្រូវ ធ្វើការនៅកម្ពុជាហ្នឹង មានច្បាប់ការងារអត់ ហើយរកឲ្យឃើញអ្នក ដែលជាមុខសញ្ញានៃការជួញដូរមនុស្ស»។ នេះជាប្រសាសន៍របស់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ដែលត្រូវបានស្រង់យកទៅចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងក្រសួងព័ត៌មាន។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ យ៉ាងខ្លី ក្រសួងមហាផ្ទៃ «កំពុងរៀបចំហើយ» ចំពោះកិច្ចការត្រួតពិនិត្យលើការរស់នៅរបស់ជនបរទេស។ ព័ត៌មានបន្ថែម លោក ជំរុញឲ្យទៅសួរអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអាចផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗឡើយ ដោយលោក ជម្រាបថា កំពុងស្ថិតនៅឯក្រៅប្រទេស។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា អ្នកទេសចរបរទេស ឬជនបរទេសគ្រប់រូប ដែលចូលមកកម្ពុជាដោយស្របច្បាប់ ត្រូវបានការពារ តែអ្នកដែលធ្វើអំពើខុសច្បាប់នៅកម្ពុជា ត្រូវប្រឈមនឹងចំណាត់ការ។ លោក បញ្ជាក់ថា៖«មិនឆែកឆេរអីទេ មានអ្នកណាហាមឃាត់ យើង កំពុងពង្រីក ជ្រោងទង់គោលនយោបាយទេសចរណ៍ តែបើទេសចរបរទេសណាក៏ដោយ ឬបុគ្គលបរទេសណាក៏ដោយ មកប្រព្រឹត្តខុសច្បាប់ អាហ្នឹងស្ថិតក្នុងផែនការប្រតិបត្តិការបង្ក្រាបរបស់យើងហើយ»។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសអាម៉េរិក បានចេញរបាយការណ៍អំពីការជួញដូរមនុស្សតាមបណ្តាប្រទេសនានា។ ក្នុងរបាយការណ៍នោះ ក្រសួងការបរទេសនៃប្រទេសមហាអំណាចមួយនេះ បានដាក់កម្ពុជា វៀតណាម និងដែនដីម៉ាកាវ ចូលក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការជួញដូរមនុស្ស។

ក្នុងថ្ងៃដែលក្រសួងការបរទេសអាម៉េរិកចេញរបាយការណ៍អំពីការជួញដូរមនុស្សនេះ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា វា ជារឿងអយុត្តិធម៌ ដែលក្រសួងការបរទេសអាម៉េរិក ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅ។ អ្នកស្រី ស្នើឲ្យភាគី ដែលដឹងឮពីករណីជួញដូរមនុស្សនៅកម្ពុជា រាយការណ៍ដល់អាជ្ញាធរ ដើម្បីរួមគ្នាដោះស្រាយ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា រួមទាំងសមិទ្ធផលមួយចំនួន នៅស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សម្តេច ស ខេង បានមានមតិម្តងរួចមកហើយអំពីការដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការជួញដូរមនុស្ស។ សម្តេច លើកឡើងថា សម្តេច ភ្ញាក់ផ្អើល ពេលឃើញក្រសួងការបរទេសអាម៉េរិក ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅបែបនេះ ទាំងដែលសម្តេចក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រឹងប្រែងសហការជាមួយអាម៉េរិក និងអង្គការសហប្រជាជាតិ លើកិច្ចការប្រឆាំងការជួញដូរមនុស្សនេះ។

សម្តេចរដ្ឋមន្រ្តី ទទួលស្គាល់ថា កម្ពុជា ពិតជាមិនទាន់អាចបំពេញកិច្ចការបានល្អឥតខ្ចោះនោះទេ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស តែសម្តេច យល់ថា ស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ក៏មិនអាក្រក់ដល់ថ្នាក់ដែលត្រូវដាក់កម្ពុជាចូលបញ្ជីខ្មៅនោះដែរ ហើយកម្ពុជា ក៏មិនដល់ថ្នាក់ដែលគ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្សនោះទេ។ សម្តេច ព្រួយបារម្ភថា បរទេស អាចនឹងដាក់ទណ្ឌកម្មលើកម្ពុជា ដោយសារកម្ពុជា ស្ថិតក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការជួញដូរមនុស្ស។

សម្តេច ប្រកាសថា កម្ពុជា នៅតែមានឆន្ទៈ និងនៅតែបន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្សនេះ។ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ថា៖«ទាក់ទងនឹងរឿងប្រឆាំងការជួញដូរ [មនុស្ស] នេះ យើង មិនអាចដកថយកើតទេ អត់ដកថយទេ...»។

មុនត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ កម្ពុជា ស្ថិតក្នុងបញ្ជីប្រផេះនៃប្រទេសដែលមានការជួញដូរមនុស្ស។ ប្រទេសនានា ត្រូវបានបែងចែកជា៣កម្រិត គឺ ប្រទេស ដែលគ្មានការជួញដូរមនុស្ស ជាប្រទេសជាប់លេខ១ ប្រទេស ដែលមានការជួញដូរមនុស្ស តែមានឆន្ទៈក្នុងការទប់ស្កាត់ ទោះជាមិនទាន់អាចទប់ស្កាត់បានទាំងស្រុងក្តី ជាប្រទេសជាប់លេខ២ ប្រទេស ដែលមានការជួញដូរមនុស្ស ហើយគ្មានឆន្ទៈក្នុងការបង្ក្រាប ជាប្រទេសជាប់លេខ៣។ ប្រទេស ដែលជាប់លេខ២ នឹងត្រូវបញ្ជូលក្នុងបញ្ជីប្រផេះ ហើយប្រទេសដែលជាប់លេខ៣ នឹងត្រូវបញ្ជូលក្នុងបញ្ជីខ្មៅ៕

Tag:
 ត្រួតពិនិត្យជនបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com