ជាតិ
លោក វេង សាខុន៖ មិនមែនក្រសួងកសិកម្ម មិនអើពើរកទីផ្សារនោះទេ តែយើងជួបបញ្ហាសកល
29, Jul 2022 , 2:03 pm        
រូបភាព
លោក វេង សាខុន ថ្លែងក្នុងពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី«ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា» កាលពីថ្ងៃទី២៦កក្កដា។ រូបពី លោក វេង សាខុន
លោក វេង សាខុន ថ្លែងក្នុងពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី«ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា» កាលពីថ្ងៃទី២៦កក្កដា។ រូបពី លោក វេង សាខុន
ភ្នំពេញ៖ បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា កំពុងជួបបញ្ហាប្រឈមជាច្រើន បណ្ដាលមកពីវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យតម្លៃធាតុចូលកសិកម្ម ប្រេងសាំង និងមធ្យោបាយដឹកជញ្ជូនឡើងថ្លៃទ្វេដង។


លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបានដឹងពីបញ្ហាប្រឈមទាំងនេះ និងបានស្វះស្វែងរកទីផ្សារជូនកសិករ។ ប៉ុន្តែ ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្មទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
 
ថ្លែងប្រាប់អ្នកសារព័ត៌មា​ន ក្នុងពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី«ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា» កាលពីថ្ងៃទី២៦ កក្កដា លោក វេង សាខុន បានលើកឡើងថា វិស័យកសិកម្ម កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការឡើងថ្លៃនៃសេវាដឹកជញ្ជូន។ ថ្វីបើការកែច្នៃ និងវេចខ្ចប់កសិផលសម្រាប់នាំចេញដំណើរការល្អក៏ដោយ។
 
ក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋមន្រ្តីកសិកម្ម​ បានឱ្យដឹងថា ការនាំចេញផ្លែចេក និងស្វាយ ទៅទីផ្សារចិន ត្រូវបានគេទុកចោលរយៈពេលយូរ ដើម្បីត្រួតពិនិត្យរកជំងឺកូវីដ១៩ ដែលធ្វើឱ្យផលិតផលទាំងនោះខូច។ ម្យ៉ាងទៀត ទូរកុងតឺន័ត្រជាក់ឡើងថ្លៃគុណនឹង៤ដង ដែលធ្វើឱ្យខាតបង់ប្រាក់ចំណេញ។
 
លោក វេង សាខុន បន្ថែមដូច្នេះថា៖«មិនមែនក្រសួងកសិកម្ម មិនអើពើរកទីផ្សារនោះទេ យើងខិតខំណាស់ ស្វះស្វែងណាស់ ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែ យើងជួបបញ្ហាសកល។ នេះជា បញ្ហាដែលយើងត្រូវដឹងទាំងអស់គ្នា»។
 
ចំពោះមុខ ក្រសួងកសិកម្ម ជំរុញឱ្យពលរដ្ឋផលិតស្បៀង សម្រាប់ផ្គត់ផ្គង់ការហូបចុកគ្រប់គ្រាន់ ទើបឈានដល់ការនាំចេញទៅបរទេស។ ក្រសួង ក៏កំពុងពង្រឹងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បញ្ចូលបច្ចេកវិទ្យាទំនើបថ្មីៗក្នុងវិស័យកសិកម្ម និងបង្កើនតម្លៃផលិតផលរបស់កសិករផងដែរ។
 
លើសពីនេះ លោក វេង សាខុន បានដាក់គោលដៅ ធ្វើយ៉ាងឱ្យកសិករក្នុងគ្រួសារ អាចរកចំណូលបាន៥ពាន់ដុល្លារនៅឆ្នាំ២០៣០ និង១ម៉ឺនដុល្លារនៅឆ្នាំ២០២៥៕
 
 
 

Tag:
 កសិកម្ម
  ទីផ្សារកសិកម្ម
  លោក វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com