ជាតិ
ក្រសួងបរិស្ថាន៖ យុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរី នឹងធ្វើឱ្យសត្វព្រៃកាន់តែសុវត្ថិភាព
29, Jul 2022 , 5:32 pm        
រូបភាព
«យុទ្ធនាការអន្ទាក់សូន្យ» ធ្វើឡើងនៅខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា។ រូបពី ក្រសួងបរិស្ថាន
«យុទ្ធនាការអន្ទាក់សូន្យ» ធ្វើឡើងនៅខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា។ រូបពី ក្រសួងបរិស្ថាន
ភ្នំពេញ៖ មណ្ឌលគិរីជាខេត្តទី៤ នៃតំបន់ភាគខាងកើតទន្លេមេគង្គ ដែលចាប់ផ្ដើមយុទ្ធនាការអន្ទាក់សូន្យ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្កការដៃគូ។ យុទ្ធនាការនេះ រៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់សត្វព្រៃខុសច្បាប់ ដើម្បីធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាព ចំពោះសត្វព្រៃគ្រប់ប្រភេទ និងមនុស្ស។



លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការថយចុះជីវៈចម្រុះមិនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះទេ ពោលគឺលក្ខណៈសាកល។ បើតាមលោក ភក្ត្រា ចំនួនសត្វព្រៃនៅលើសកលលោក បានធ្លាក់ចុះខ្លាំងរហូត ៦៨ភាគរយ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។ ការបរបាញ់ខុសច្បាប់ពីអតីតកាល មកដល់បច្ចុប្បន្ន គួបផ្សំនឹងបរិមាណដាក់អន្ទាក់ច្រើនក្នុងព្រៃធម្មជាតិ និងការជួញដូរសាច់សត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បង ដែលបណ្ដាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការបាត់បង់។ 
 
លោក បន្តថា ដោយសារការអភិរក្សមានភាពប្រសើរនោះ ទើបជម្រក ប្រភពទឹក និងកន្លែងរកចំណីសត្វព្រៃ ត្រូវបានការពារ។ ក្នុងនោះ ប្រភេទសត្វព្រៃខ្លះមានការកើនឡើង ឯខ្លះធ្លាក់ចុះបន្តបន្ទាប់ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដី។ 
 
លោក នេត្រ ភក្ត្រា បន្ថែមយ៉ាងដូច្នេះ៖«នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានការអភិរក្សបន្ទាន់ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមទប់ស្កាត់កត្ដាគំរាមកំហែងចម្បងៗទាំងនេះ ។ ជាពិសេសពីកត្តាអន្ទាក់។ វិធានការដែលនឹងត្រូវអនុវត្ត ដើម្បីលុបបំបាត់អន្ទាក់គឺវិធានការច្បាប់ និងវិធានការ សេដ្ឋកិច្ចនឹងត្រូវដើរទន្ទឹមគ្នា»។
 
លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងដែរថា ការពង្រឹងការអនុវត្តច្បាប់ដ៏តឹងរឹង គឺជាការចាំបាច់បំផុត ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងបិទចោលនូវរាល់ទីផ្សារលក់ដូរសត្វព្រៃគ្រប់ប្រភេទ។ លោក បន្តថា មធ្យោបាយសំខាន់ក្នុងការដោះស្រាយបញ្ហាឫសគល់នៃការបរបាញ់ និងការជួញដូរសត្វព្រៃ គឺទាមទារឱ្យពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ អាចចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វព្រៃ និងដំណោះស្រាយផ្អែកលើមូលដ្ឋានធម្មជាតិ។ 
 
យោងតាមលោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការ NatureLife Cambodia ឆមាសទី១ឆ្នាំ២០២២នេះ យ៉ាងហោចណាស់អន្ទាក់ចំនួន៥០០ ត្រូវបានរឹបអូស និងប្រមូលដកចេញពីដែនជម្រកសត្វព្រៃលំផាត់ដោយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ខណៈមន្ត្រីឧទ្យានុរក្សបានអន្តរាគមន៍ករណីឧក្រិដ្ឋកម្មសត្វព្រៃចំនួន១៣ ករណីបន្ថែមទៀត។ នេះជាសញ្ញាបង្ហាញថា អន្ទាក់នៅតែជាការគំរាមកំហែងចម្បងដល់សត្វព្រៃរបស់យើង។ 
 


ទន្ទឹមគ្នានេះ លោក បាន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​បង្ក្រាប​ការ​ជួញដូរ​សាច់​សត្វព្រៃ​ខុស​ច្បាប់​នៅ​តាម​ទីផ្សារ និង​ភោជនីយដ្ឋាននានា។
 
យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានប្រកាសបើកជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលដៅលុបបំបាត់រាល់ការដាក់អន្ទាក់គ្រប់ប្រភេទ តាមរយៈការលើកកម្ពស់ការយល់ដឹងសាធារណៈ ។ ជាពិសេសលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួម និងការរៀបចំដាក់ចេញនូវវិធីសាស្រ្តនានា ដើម្បីឆ្លើយតបចំពោះគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសកម្ពុជា។ 
 
យុទ្ធនាការនេះ ត្រូវបានប្រកាសបើករួចហើយក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ហើយកំពុងត្រូវបានប្រកាសបើកក្នុងខេត្តមណ្ឌលគិរី រួចនឹងឈានទៅប្រកាសបើកក្នុងខេត្តកំពង់ធំ និងខេត្តរតនគិរីជាបន្តបន្ទាប់ ដោយការបិទបញ្ចប់ត្រូវបានគ្រោងសម្រាប់ខែតុលា ឆ្នាំ២០២២ ខាងមុខ។
 
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន តំបន់ការពារធម្មជាតិចំនួន៥ ក្នុងប្រទេសកម្ពុជា រួមមានឧទ្យានជាតិភ្នំក្រវាញ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច មានអន្ទាក់សរុបចំនួន ២៣៤២៩១ ត្រូវបានយកចេញក្នុងចន្លោះឆ្នាំ ២០១០ ដល់ ២០១៩។
 
ដោយឡែក នៅឆ្នាំ២០២១ មានអន្ទាក់ដល់ទៅ ៦១៦១១ ត្រូវបានយកចេញពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះចំនួន ៧២កន្លែងនៅក្នុងប្រទេសកម្ពុជា ខណៈការប៉ាន់ប្រមាណជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានចំនួន ៤០០០០អន្ទាក់ក្នុងមួយឆ្នាំ។ ទិន្ន័យនេះ គ្រាន់តែជាចំណែកតូចប៉ុណ្ណោះនៃចំនួនអន្ទាក់ដែលត្រូវបានប៉ាន់ប្រមាណថា បានដាក់ក្នុងព្រៃការពារធម្មជាតិរបស់កម្ពុជា៕ 
 
 
 
 
 

Tag:
 បរិស្ថាន
  យុទ្ធនាការអន្ទាក់សូន្យ
  តំបន់ការពារធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com