កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool តទល់ Man City ដណ្តើមពាន Community Shield
30, Jul 2022 , 4:10 pm        
រូបភាព
ដោយ៖ ជា យូគៀង

ជំនួបដណ្តើមពានរង្វាន់បើករដូវកាលថ្មី FA Community Shield 2022 ត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា រវាងក្រុមហង្សក្រហម Liverpool ប្រជែងជាមួយក្រុមមេឃខៀវ Manchester City នាកីឡដ្ឋាន King Power វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។


 
ពានរង្វាន់ Community Shield ជាព្រឹត្តិការណ៍ប្រកួតរវាងក្រុមម្ចាស់ជើងឯក Premier League រដូវកាលចាស់ ហើយត្រូវតទល់ជាមួយក្រុមដែលឈ្នះពានរង្វាន់ FA Cup រដូវកាលចាស់ដូចគ្នា ជារៀងរាល់ពេលមុនការចាប់ផ្តើមរដូវកាលថ្មី។ Man City ជាម្ចាស់ Premier League រដូវកាល ២០២១-២២ ឯ Liverpool ឈ្នះ FA Cup។ 
 
មុនឈានដល់ការប្រកួតដែលធ្វើឡើងក្នុងទឹកដីរបស់ក្រុម ​Leicester City នោះ ក្រុមដែលជាគូប្រជែងតាំងពីរដូវកាលមុន បានត្រៀមខ្លួនរួចរាល់រៀងៗខ្លួន ដោយបានឆ្លងកាត់ការប្រកួតមិត្តភាពទេសចរណ៍ ក្នុងការដកស្រងបទពិសោធន៍ និងការត្រៀមខ្លួនរួចរាល់សម្រាប់រដូវកាលថ្មីផងដែរ។ 
 
Man City បានបង្ហាញទម្រង់លេងបានល្អជាង​ ​Liverpool សម្រាប់ការប្រកួតមិត្តភាព ដោយម្ចាស់ជើងឯក ​Premier League ឈ្នះ២​ប្រកួតនាជំនួបមិត្តភាព ក្នុងនោះយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich លទ្ធផល ១-០ តែយ៉ាងណាមិញមានការប្រកួតតិចជាងហង្សក្រហម ។ ចំណែក ​Liverpool ឆ្លងកាត់ប្រកួតមិត្តភាព ៤លើក ឈ្នះ២ និងចាញ់២ ក្នុងនោះក៏មានចាញ់រហូតដល់លទ្ធផល ៤-០ ក្រោមថ្វីជើង Manchester United។ 
 
ត្រៀមសម្រាប់រដូវកាលថ្មី ​Liverpool បាននាំចូលកីឡាករថ្មី ២រូប រួមមាន Fabio Carvalho និង Darwin Nunez ខណៈដែលខ្សែប្រយុទ្ធសំខាន់ Sadio Mane បានចាកចេញទៅ Bayern Munic។ ម្ចាស់ជើងឯក ​Champions League ៦សម័យមួយនេះ ហាក់ធ្វើមិនសូវបានល្អខ្លាំងត្រង់តំបន់ប្រយុទ្ធ ដ្បិតគ្រូបង្វឹកលោក Jurgen Klopp កំពុងរកវិធីសាស្រ្តដើម្បីធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុមមានភាពខ្លាំងឡើងវិញ ខណៈ កីឡាករក្នុងក្រុម ៧រូប មានបញ្ហារបួសមុនការប្រកួតមកដល់។ 
 
ចំណែក Man City មុនរដូវកាលថ្មីបើក បាននាំចូលកីឡាករសំខាន់៤រូប ​រួមមានខ្សែប្រយុទ្ធ Erling Haaland និងខ្សែបម្រើ Kalvin Phillips, Julian Alvarez និង Stefan Ortega Moreno ដើម្បីពង្រឹងក្រុម និងមិនសូវមានបញ្ហាកីឡាកររបួសច្រើនដូច Liverpool ឡើយ ពោលគឺមានតែខ្សែការពារ ​John Stone និង Benjamin Mendy ប៉ុណ្ណោះដែលរបួស។ 
 
ក្នុងសន្និសីតកាសែតមុនការប្រកួត លោក Jurgen Klopp បានសារភាពថាប្រកួតទល់ ​Man City ជាជំនួបពិបាកបំផុត​ ស្របពេលក្រុមមានបញ្ហាកីឡាកររបួសច្រើន។« វានៅមានពេលវេលាដ៏វែងសម្រាប់រដូវកាលថ្មី ប៉ុន្តែការប្រកួតទល់ Man City នឹងក្លាយជាប្រកួតដ៏ពិបាកបំផុតមួយ។ យើងនឹងត្រៀមខ្លួនតទល់ការលំបាកនេះ យើងក៏បានដឹករួចហើយថាក្រុមយើងមិនទាន់ស្ថិតក្នុងទម្រង់ល្អពេញលេញនៅឡើយទេ តែយ៉ាងណាក៏មានដំណឹងល្អ ព្រោះ City ក៏កំពុងស្ថិតក្នុងស្ថានភាពដូចយើងដែរ។»។ លោក ​Klopp និយាយបែបនេះ។
 
ចំណែកលោក ​Gaurdiola អះអាងថាក្រុមលោកទោះក្រុមបានបាត់បង់កីឡាករសំខាន់៣រូបចាកចេញ ក៏លោកនៅតែប្រើទម្រង់លេងរបស់ក្រុម ឱ្យស្ថិតនៅដដែលជាមួយកម្លាំងស្នូល ពីកីឡាករចំណូលថ្មី។«គ្មានការកែប្រែទម្រង់ឡើយ យើងនឹងមិនប្តូរការលេងរបស់យើងឡើយ យើងនឹងប្រើសមត្ថភាពកីឡាករថ្មីដូចជា ​Haalnd, Phillips និង ​Alvarez បង្កើនភាពខ្លាំងនៃក្រុមយើងឡើងបន្ថែមទៀតសម្រាប់ការប្រកួតមួយនេះ។»។ នេះបើតាមសម្តីអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ។
 
គួររំលឹកថា រដូវកាលថ្មីនៃក្របខណ្ឌ Premier League នឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា ដោយជំនួបបើកឆាកដំបូងគេបង្អស់គឺក្រុម Fulham ដែលទើបឡើងពីក្របខណ្ឌ Championship ត្រូវបើកទ្វារកីឡដ្ឋាន Craven Cottage ស្វាគមន៍ក្រុម ​Liverpool៕
 

Tag:
 Liverpool
  Manchester City
  Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com