ជាតិ
សេដ្ឋកិច្ច
ថវិកាជាង ១ ពាន់លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយលើអ្វីខ្លះ ?
02, Aug 2022 , 11:02 am        
រូបភាព
រូបពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។
រូបពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជាបានត្រៀមថវិកាប្រមាណ ១ ០៨២លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ថវិកាទាំងនេះគ្រោងចំណាយទៅលើកម្មវិធីចាំបាច់មួយចំនួន ដែលរដ្ឋាភិបាលបានកំណត់អាទិភាព។ នេះបើតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ ឆ្នាំ២០២២ ចេញផ្សាយកន្លងទៅថ្មីៗនេះ។


ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប គឺជាការពង្រឹងភាពស៊ាំសហគមន៍ ដែលអាចឱ្យពួកគេសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ក្នុងការប្រកបមុខរបរ និងការរស់នៅប្រចាំថ្ងៃ។ ស្របពេលជាមួយគ្នា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ១ ០៨២លានដុល្លារ សម្រាប់ចំណាយលើកម្មវិធីផ្សេងៗរួមមាន ៖​ កម្មវិធីទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ត្រូវបានរដ្ឋាភិបាលគ្រោងចំណាយ ៣០០លានដុល្លារ ។

ប៉ុន្តែគិតមកត្រឹមឆមាសទី១ ឆ្នាំ២០២២ ចំណាយអស់ប្រមាណ ២៣លានដុល្លារ  ហើយឈានដល់ ១០០លានដុល្លារ នៅដំណាច់ឆ្នាំនេះ។ ថវិកាចំណាយ ដែលប៉ាន់ប្រមាណអស់ត្រឹម១០០លានដុល្លារនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ថមថយច្រើន ។ 
 
ទន្ទឹមនេះ រដ្ឋាភិបាលក៏គ្រោងថវិកាប្រមាណ ៥៩លានដុល្លារ ទៅលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧបត្ថម្ភកម្មករ និយោជិតព្យួរការងារ ខណៈកម្មវិធីអន្តរាគមន៍ដើម្បីរក្សាលំនឹងជីវភាពប្រជាជនក្រីក្រ ​ត្រូវបានគ្រោងប្រមាណ ៣៧៣លានដុល្លារ។ 
 
ម៉្យាងទៀត ដើម្បីជំរុញផលិតកម្ម និងសន្តិសុខស្បៀង ស្របពេលឡើងថ្លៃស្បៀង និងម្ហូបអាហារ រដ្ឋាភិបាលបានផ្ទេរសាច់ប្រាប់ចំនួន ១០០លានដុល្លារ ទៅលើកម្មវិធីសាច់ប្រាក់ពលកម្ម ក្នុងការអនុវត្តសកម្មភាពការងារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដោយដៃ នៅតាមមូលដ្ឋាន។ 
 
ក្រៅពីនេះ រដ្ឋាភិបាលក៏គ្រោងថវិកា ២៥០លានដុល្លារ លើកម្មវិធីហិរញ្ញប្បទានគាំទ្រកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី តាមរយៈការបោះផ្សាយមូលបត្ររដ្ឋជាលើកដំបូង ដែលកំពុងដំណើរការនីតិវិធី។ 
 
ដោយសារស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កំពុងធូរស្បើយច្រើន រដ្ឋាភិបាលអាចសន្សំថវិកាអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានមួយចំនួន ដែលអាចឆ្លើយតបតម្រូវការចំណាយមុនប្រមាណ ៥០លានដុល្លារក្នុងឆ្នាំ ២០២២ សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEAGAME) ឆ្នាំ ២០២៣។ 
 
សូមជម្រាបថា គិតត្រឹមដំណាច់ខែកក្កដា​ ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ ជាង ១៥,១២លាននាក់ ដោយក្នុងនោះ មានពលរដ្ឋជាង ៤០ម៉ឺននាក់បានចាក់នូវដូសជំរុញទីប្រាំ និងជាង៣លាននាក់ បានចាក់នូវដូសទីបួន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ចំនួននេះ គឺកម្ពុជាបានសម្រេចផែនការជាង៩៤ភាគរយ៕
 

Tag:
 កូវីដ-១៩ ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com