អន្តរជាតិ
យន្តហោះចម្បាំងចិន ចូលក្បែរបន្ទាត់ពុះចែកច្រកសមុទ្រតៃវ៉ាន់ មុនទស្សនកិច្ចលោកស្រី ផេឡូស៊ី
02, Aug 2022 , 4:03 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ:
យន្តហោះ និងនាវាចម្បាំងរបស់ចិនជាច្រើនគ្រឿង នៅថ្ងៃទី២ ខែសីហា បានចូលទៅកៀកខ្សែបន្ទាត់ពុះខណ្ឌកោះតៃវ៉ាន់ និងចិន ដែលជាតំបន់ផ្លូវទឹកដ៏រសើបរវាងភាគីទាំងពីរនៅច្រកសមុទ្រតៃវ៉ាន់ ស្របពេលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថា ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នឹងទៅដល់តៃវ៉ាន់នៅយប់ថ្ងៃទី២ ខែសីហា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
តាមប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ និងប្រភពមួយចំនួនប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នឹងទៅដល់តៃវ៉ាន់នៅយប់ថ្ងៃទី២ ខែសីហា។ ប្រភពទាំងនោះអះអាងថា លោកស្រីនឹងស្នាក់នៅតៃវ៉ាន់មួយយប់ ហើយគ្រោងនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី៣ ខែសីហា និងសកម្មជនមួយក្រុមតូចដែលនិយាយបើកចំហពីស្ថានភាពសិទ្ធិមនុសុ្សនៅចិន។
 
គម្រោងទស្សនកិច្ចនេះ បានធ្វើឱ្យក្រុងប៉េកាំងខឹងជាខ្លាំងជុំវិញការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយរបស់អាម៉េរិក។ យ៉ាងណាមិញក្រសួងការបរទេសតៃវ៉ាន់ មិនបានបញ្ជាក់ពីផែនការរបស់លោកស្រី ផេឡូស៊ីទេ។ ប៉ុន្តែសេតវិមាន អះអាងថា លោកស្រី ផេឡូស៊ី មានសិទ្ធិទៅតៃវ៉ាន់ បើទោះជាកោះនេះមិនបានបញ្ចូលក្នុងបញ្ជីទស្សនកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិករបស់លោកស្រីក៏ដោយដែលមានសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុនចាប់ពីថ្ងៃទី១ ខែសីហា។ 
 
ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី​ ហើយព្រមទាំងគំរាមបាញ់ទម្លាក់យន្តហោះរបស់លោកស្រីថែមទៀត បើហ៊ានធ្វើដំណើរទៅតៃវ៉ាន់។
 
បើតាមប្រភពមួយប្រាប់ទីភ្នាក់ងារ Reuters បន្ថែមពីលើនាវាចម្បាំងចិនជាច្រើនគ្រឿងដែលកំពុងល្បាតនៅក្បែរបន្ទាត់ពុះខណ្ឌកោះតៃវ៉ាន់ និងចិននៅច្រកសមុទ្រតៃវ៉ាន់តាំងពីថ្ងៃទី១​ ខែសីហា យន្តហោះចិននៅព្រឹកថ្ងៃទី២ ខែសីហា ក៏បានហោះមកជិតខ្សែបន្ទាត់ពុះខណ្ឌនោះដែរ។ ។ ជាធម្មតា យន្តហោះរបស់ភាគីទាំងពីរមិនដែលហោះឆ្លងកាត់ខ្សែបន្ទាត់ពុះខណ្ឌនោះទេដែលជាតំបន់ផ្លូវទឹកដ៏រសើបរវាងក្រុងតៃប៉ិ និងក្រុងប៉េកាំង។ 
 
លើសពីនេះ ប្រភពខាងលើអះអាងថា យន្តហោះ និងនាវាចម្បាំងចិនបានចូលប៉ះខ្សែបន្ទាត់ពុះខណ្ឌនៅព្រឹកថ្ងៃទី២​ ខែសីហា ដែលត្រូវបានពណ៌នាថា ជាការបង្ករឿងយ៉ាងខ្លាំង។ យន្តហោះចិនបានហោះហើរជារង្វង់ចុះឡើងនៅម្ខាងច្រកសមុទ្រតៃវ៉ាន់ ដោយធ្វើចលនាប៉ះទៅនឹងខ្សែបន្ទាត់ពុះខណ្ឌនោះ ខណៈយន្តហោះតៃវ៉ាន់កំពុងមានវត្តមាននៅជិតនោះ។
 
ជុំវិញរឿងនេះ សារព័ត៌មាន CNA ចុះផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់បានពង្រឹងកម្លាំងប្រយុទ្ធក្នុងកម្រិតប្រកាសអាសន្នចាប់ពីព្រឹកថ្ងៃទី២ ដល់ថ្ងៃទី៤ ខែខែសីហា។ កងកម្លាំងក្នុងកម្រិតប្រកាសអាសន្នរបស់តៃវ៉ាន់បែងចែកទាំងសម្រាប់ពេលសង្រ្គាម និងពេលសន្តិភាព ហើយនៅពេលនេះស្ថិតនៅក្នុងពេលសន្តិភាពទេ ប៉ុន្តែកងកម្លាំងតៃវ៉ាន់នឹងផ្លាស់ប្តូរយុទ្ធសាស្រ្តទៅតាមកម្រិតនៃការគំរាមកំហែង៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com