ជាតិ
ស្រូវជាង ៣០០០ហិកតានៅកំពង់ធំ ត្រូវបានខូចខាតដោយសារជំនន់ទឹកភ្លៀង
02, Aug 2022 , 7:59 pm        
រូបភាព
សកម្មភាពមន្រ្តីចុះពិនិត្យស្ថានភាពស្រូវខូចខាត ក្នុងខេត្តកំពង់ធំ។ រូបពី មន្ទីរកសិកម្ម ខេត្តកំពង់ធំ
សកម្មភាពមន្រ្តីចុះពិនិត្យស្ថានភាពស្រូវខូចខាត ក្នុងខេត្តកំពង់ធំ។ រូបពី មន្ទីរកសិកម្ម ខេត្តកំពង់ធំ
ភ្នំពេញ៖ ស្រូវ ៦២០០ហិកតាត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងស្រុកតាំងគោក បារាយណ៍ និងកំពង់ស្វាយខេត្តកំពង់ធំ។ ក្នុងនោះ ស្រូវប្រមាណ ៣២០០ហិកតា បានខូចខាតទាំងស្រុង។នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

 
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១ខែសីហា ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានសប្ដាហ៍នេះ បានធ្វើឱ្យប៉ះពាល់ស្រូវពលរដ្ឋចំនួន ៧ឃុំ ស្មើនឹង៩៦៦ហិកតា ក្នុងនោះ ត្រូវខូចខាតចំនួន ៤៩៩ហិកតា ស្មើនឹង ៥៨៣គ្រួសារ នៅក្នុងស្រុកតាំងគោក។ 
 
ស្រុកបារាយណ៍ ស្រូវរបស់ពលរដ្ឋបានរងផលប៉ះពាល់ចំនួន ៣ឃុំ រួមមានឃុំ បារាយណ៍​ ឈូកខ្សាច់ និងត្នោតជុំ ក្នុងនោះស្រូវស្រាលបង្កើនរដូវចំនួន ៤៨៦ហិកតា និងស្រូវធ្ងន់ ៣៥៥ហិកតា។​ ចំណែក ស្រុកកំពង់ស្វាយវិញ ស្រូវប៉ះពាល់ដោយសារជំនន់ទឹកចំនួន ៤៤២៥ហិកតា ក្នុងនោះខូចខាត ២៧០៧ហិកតា ស្មើនឹង២១៧១គ្រួសារ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ប្រសិនបើភ្លៀងមិនបន្តធ្លាក់ទៀតនោះទេ ផលប៉ះពាល់ និងការខូចខាត អាចត្រូវបានកាត់បន្ថយដោយសារទឹកបានស្រក ទៅតាមប្រព័ន្ធប្រឡាយបណ្ដើរៗហើយ។ 
 
តែយ៉ាងណា លោក គន់ គីមទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
បានណែនាំឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុងនិងមានវិធានការឆ្លើយតបទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ជាពិសេសជួយសង្គ្រោះអាយុជីវិតមនុស្ស។ លើសពីនេះ ត្រូវបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប់ប្រចាំពីផលប៉ះពាល់ និងខូចខាត ដើម្បីងាយស្រួលទំបន់បម្រុងស្បៀង និងផ្ដល់គ្រាប់ពូជស្រូវឱ្យពលរដ្ឋដាំដុះស្ដាឡើងវិញនៅពេលទឹកស្រក។
 
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី៣ ដល់៩ខែសីហា កម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់ភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយខ្យល់មូសុងនិរតីល្បឿនបង្គួរ ទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។ 
 
ស្ថានភាពបែបនេះបណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ដោយឡែក តំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់។ ផ្នែកខ្លះក្នុងភូមិសាស្រ្តខេត្តកោះកុងនិងព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ហើយនៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗផងដែរ៕  
 
 

Tag:
 កសិកម្ម
  ជំនន់ទឹកភ្លៀង
 ខូចស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com