ជាតិ
ប្រជាសហគមន៍៖ ជនល្មើស បន្តកាប់ដើមឈើជិត ១០ដើមទៀត​ នៅតំបន់វត្តមេត្តាធម្មជាតិ ខេត្តកំពង់ស្ពឺ
02, Aug 2022 , 8:59 pm        
រូបភាព
 ដើមឈើ ដែលត្រូវបានជនសង្ស័យបានកាប់រំលំ នៅក្នុងសហគមន៍ឧត្ដមស្រែពស់ ខេត្តកំពង់ស្ពឺ។ រូបភាព៖ Metta Nature
ដើមឈើ ដែលត្រូវបានជនសង្ស័យបានកាប់រំលំ នៅក្នុងសហគមន៍ឧត្ដមស្រែពស់ ខេត្តកំពង់ស្ពឺ។ រូបភាព៖ Metta Nature
ដោយ៖ ញឹក សំអូន

កំពង់ស្ពឺ៖ ២ថ្ងៃ ជនល្មើសបានលួចកាប់ដើមឈើអស់ជិត ១០ដើម នៅក្នុងតំបន់វត្តមេត្តាធម្មជាតិ។ នេះបើតាមលោក សយ សាត ប្រជាសហគមន៍ការពារនៅព្រៃមេត្តាធម្មជាតិ។



លោក សយ សាត ប្រជាសហគមន៍ការពារនៅព្រៃមេត្តាធម្មជាតិបានឱ្យដឹងថា នៅថ្ងៃទី ៣០-៣១ កក្កដា ជនឆ្លៀតឱកាសបានលួចកាប់ព្រៃឈើអស់ជាច្រើនដើម នៅតំបន់ក្បែរវត្តមេត្តាធម្មជាតិ ដែលស្ថិតក្នុងសហគមន៍ឧត្ដមស្រែពស់ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រៅពីកាប់ដើមឈើ ក៏នៅមានការដាក់អន្ទាក់ចាប់សត្វព្រៃផងដែរ។
 
«ដើមឈើតូចៗ ត្រូវបានជនខិលខូចកាប់អស់ជិត ១០ដើម ដើមធំៗ កាប់អស់ ២ដើម។ សម្រាប់ដើមឈើធំមានអាយុជិត ១០០ឆ្នាំ ហើយទំហំមនុស្សអោប ៣នាក់! វាជាព្រៃស្រោង»។ នេះបើតាមលោក សយ សាត។
 
លោក សយ សាត បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា ជនល្មើសដែលលួចកាប់ គឺសហគមន៍ស្គាល់ទាំងឈ្មោះ ស្គាល់ទីកន្លែងរស់នៅ តែមិនអាចធ្វើអ្វីគេបាននោះទេ ព្រោះសមត្ថកិច្ចនៅក្នុងតំបន់ គ្មានអ្នកណាចុះពិនិត្យ ឬអន្តរាគមន៍ឡើយ។
 
« អត់មានសមត្ថកិច្ចចុះចាប់ជនល្មើសកុំឱ្យដាក់អន្ទាក់សត្វ ឬកាប់ព្រៃឈើទេ គឺមានតែការគម្រាមសហគមន៍ថាបង្កអសន្តិសុខ»។ លោក សាត បញ្ជាក់បែបនេះ។
លោកបានបន្ថែមថា ឈើដែលជនឆ្លៀតឱកាសបានកាប់នោះ គឺប្រជាពលរដ្ឋនៅក្នុងសហគមន៍ បានឃាត់ទុក និងដឹកចេញពីព្រៃដើម្បីយកទុកធ្វើជាភស្តុតាង។ ចំពោះជនសង្ស័យដែលកាប់ឈើនោះ ប្រជាពលរដ្ឋក្នុងសហគមន៍ ឃាត់ខ្លួនមិនបានទេ ព្រោះពួកគេមានកាំបិត និងពូថៅ ។
 
តែយ៉ាងណា លោក សយ សាត នៅតែមានជំនឿចិត្តលើសកម្មភាពរបស់ប្រជាសហគមន៍ ដែលការពារធនធានធម្មជាតិនេះ ហើយរដ្ឋាភិបាល នឹងមើលឃើញថាជាសកម្មភាពការពារព្រៃឈើ និងសត្វព្រៃ សម្រាប់ប្រជាពលរដ្ឋទូទៅ មិនមែនបានផលប្រយោជន៍សម្រាប់សហគមន៍ទេ ។
  

លោក សយ សាត ប្រជាសហគមន៍ការពារនៅព្រៃមេត្តាធម្មជាតិ។ រូបភាព៖ លោក សយ សាត

បើតាមលោក សយ សាត ព្រៃសហគមន៍សរុបមានផ្ទៃដីជាង ២០០០ហិកតា ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ៨៨៧ហិកតាប៉ុណ្ណោះ។
 
លោក ឱម ម៉ាក់ធារី ប្រធានបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងយ៉ាងខ្លីថា វីដេអូដែលគេផ្សព្វផ្សាយនៅក្នុងបណ្ដាញហ្វេសប៊ុកជាវីដេអូចាស់។ លោកបញ្ជាក់ថា៖ «ក្រុមការងារខ្ញុំចុះទៅមើលធ្វើរបាយការណ៍ ថតទាំងវីដេអូឱ្យខ្ញុំមើលអត់មានកាប់អីផងហ្នឹង»។
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ពុំទាន់ទទួលបានដំណឹងថា​​ មានការកាប់ព្រៃឈើនៅសហគមនោះទេ ។លោកអះអាងថា កន្លងមកលោកបានឱ្យអភិបាលរងខេត្ត ចុះទៅត្រួតពិនិត្យស្រាវជ្រាវដោយផ្ទាល់ ហើយគ្មានឃើញការកាប់ទន្ទ្រានព្រៃអី្វទេ។
 
អភិបាលខេត្តកំពង់ស្ពឺរូបនេះ បានលើកឡើងថា បើមានបទល្មើសកើតឡើងនៅក្នុងតំបន់ឧត្ដមស្រែពស់ គឺត្រូវរាយការណ៍ទៅឱ្យអាជ្ញាធរដែលនៅជិតបំផុត ទើបអាចជួយអន្តរាគមន៍បានទាន់ពេលវេលា ។ បើមិនដូច្នេះទេ ព្រៃទាំងនោះ នឹងត្រូវគេកាប់ដឹកចេញអស់ហើយ។ លោកបន្តថា អាជ្ញាធរនៅទីនោះ មានខាងមន្ត្រីមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស មេឃុំ និងមេស្រុកជាដើម។
 
លោក វ៉ី សំណាង បានបញ្ជាក់បែបនេះ៖ «ខ្ញុំបានប្រាប់ហើយ បើមានរឿងបទល្មើសកើតឡើង(ការកាប់ទន្រ្ទាន ឬកាប់ព្រៃឈើ) ត្រូវប្រាប់ទៅខាងមន្ត្រីឧទ្យានុរក្សភ្លាម ខ្ញុំប្រាប់ទៅខាងសហគមន៍ច្រើនលើកច្រើនសារហើយ ឱ្យទាក់ទងទៅខាងហ្នឹង ទើបគេចុះអន្តរាគមន៍ទាន់ពេលវេលា! តែមិនដឹងថាគាត់ចង់បានអីទេ ខ្ញុំអត់យល់ដែរ»។
 
លោកបានបន្ថែមថា វិធានការការពារ គឺបានណែនាំទៅមន្ត្រីជំនាញ រួមទាំងសហគមន៍នៅទីនោះ ដើម្បីជំរុញសកម្មភាពចុះល្បាត និងពង្រឹងការការពារធនធានធម្មជាតិ។ ជាពិសេសត្រូវមានបង្គោលព្រំប្រទល់ច្បាស់លាស់ តាមរយៈការស្នើសុំទៅក្រសួងកសិកម្ម ឱ្យទទួលស្គាល់សហគមន៍ព្រៃឈើ ៕
 

Tag:
 ព្រៃឈើ
  សហគមន៍ឧត្ដមស្រែពស់
© រក្សាសិទ្ធិដោយ thmeythmey.com