ជាតិ
ទទួលបានគោរមងារ ឬតំណែង តែកុំភ្លេចការទទួលខុសត្រូវ…
03, Aug 2022 , 8:59 am        
រូបភាព
 លោក នែម ភក្តី អ្នករាជធានីភ្នំពេញ

ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ចុងក្រោយនេះ ក្រោយពេលរាជ​រដ្ឋាភិបាលសម្រេច​ផ្លាស់​ប្តូរតំណែង ឬតែងតាំងតំណែងបន្ថែមជូនមន្រ្តីរាជការមួយចំនួន, ការជជែកគ្នាជា​ច្រើន​បានកើតឡើងទាំង​នៅតាមតុកាហ្វេ ទាំងនៅតាមទីផ្សារ នៅតាមហាងទំនើប និងនៅតាម​បណ្តាញ​សង្គម​ជា​ដើម។


មតិចម្រុះត្រូវបានគេលើកឡើងទាក់ទងទៅនឹងប្រធានបទខាងលើនេះ។ អ្នកខ្លះថា ការតែង​តាំង​មន្រ្តីបន្ថែមនៅក្នុងស្ថាប័ន គឺជាតម្រូវការចាំបាច់សម្រាប់បម្រើប្រជាពលរដ្ឋ។ ចំនួន​ប្រជា​ពលរដ្ឋកើនឡើង ដូច្នេះ ចំនួនមន្រ្តីទទួលបន្ទុកការងារសា​ធារណៈក៏ត្រូវ​តែកើន​ឡើងដែរ។ ការ​បន្ថែមនេះ គឺដើម្បីប្រសិទ្ធភាពការងាររដ្ឋទេតើ។ 
 
អ្នកខ្លះទៀត មុននឹងលើកហេតុផលផ្សេងៗយកមកសំអាង ពួកគេចាប់ផ្តើមត្អូញត្អែរឿ​ងចំណា​យរបស់​រដ្ឋ។ កញ្ចប់ថវិកានឹងប៉ោងជាងមុន ប្រសិនបើចំនួនមន្រ្តីថ្នាក់ដឹកនាំកាន់តែច្រើន។  ពួកគេ​ខ្លាចរឿងមួយដែលខ្មែរច្រើននិយាយតៗគ្នា គឺថា «គ្នាច្រើនអន្សមខ្លោច»។ អ្នកបង្ហាញក្តី​បារម្ភ​លើក​ឡើង​ទៀតថា«ប្រយ័ត្នបានតំណែង គោរមងារ ឬឋានៈ-បុណ្យស័ក្តិហើយ មន្រ្តី​ទាំងនោះ អត់​នាំគ្នា​ធ្វើការ​បម្រើរាស្រ្ត ហើយបែរជានាំគ្នាទៅរកស៊ីឆ្កុយទៅវិញ»។ 
 
អ្នកខ្លះទៀត ទោមនស្សរឿងការហៅគោរមងារឯកឧត្តម ឬលោកជំទាវ។ល។ ទោមនស្ស ព្រោះ ពួកគេគិតថា មានឯកឧត្តម ឬលោកជំទាវមួយចំនួន​ បង្ខំឲ្យគេហៅងារទាំង​នោះជាចំាបាច់ ប្រសើ​បើគេ​មិនហៅ ពួកគេមិនសប្បាយចិត្ត។ ត្រង់ចំណុចនេះ ខ្ញុំគិតថា ងារដែល​ប្រគល់​ឲ្យដោយ​​រាជរដ្ឋាភិបាល ដូច្នេះ ងារទាំងនេះត្រូវតែប្រើប្រាស់នៅក្នុង​ក្រប​ខណ្ឌការងា​រ​របស់​រដ្ឋ។ ក្រៅ​ក្របខណ្ឌការងាររបស់រដ្ឋ វាស្ថិតនៅលើកាលៈទេសៈ និងវាអាស្រ័​យទៅលើ​បុគ្គលរៀងៗខ្លួន។ សម្រាប់ខ្ញុំ រឿងនេះ មិនគួរចោទជាបញ្ហាធំដំឡើយ។ 
 
ខ្ញុំសូមងាកចេញពីចំណុចខាងលើបន្តិច ហើយងាកមកចាំអារម្មណ៍រឿងការទទួលខុសត្រូវ​របស់​មន្រ្តីរដ្ឋ ជាពិសេស មន្រ្តីជាន់ខ្ពស់បន្តិច។ តំណែងជាន់ខ្ពស់នៃរដ្ឋនីមួយៗ គឺជាតំណែង​មហាកិត្តិយសសម្រាប់បុគ្គលដែលទទួលបាន មិនថា ជានៅក្នុងប្រទេសណាក៏ដោយ។ កិត្តិយស​សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍ដែលខ្លួនឯងកំពុង​រស់នៅ។ មន្រ្តី គឺជាអ្នក​មានគំនិត អ្នកមានសេចក្តីដឹងរាក់ជ្រៅ អ្នកប្រឹក្សាការងារផែនដី។ល។ មន្រ្តីជាន់ខ្ពស់​នៃប្រទេសមួយ គឺជាបុគ្គលតំណាងឲ្យប្រទេសនោះ នៅលើឆាកអន្តរជាតិ។ 
 
បើផ្អែកលើនិយមន័យខាងលើនេះ មន្រ្តីត្រូវតែធ្វើអ្វីៗដើម្បីរាស្ត្រ(បម្រើរាស្រ្ត)​ ព្រោះមន្រ្តី​កើត​ចេញ និងស៊ីប្រាក់ខែរបស់រាស្រ្ត។ មេដឹកនាំនៃប្រទេសខ្លះធ្លាប់បាននិយាយថា មន្រ្តីត្រូវតែ​ស្មោះ​ត្រង់ជាមួយរាស្រ្ត បម្រើរាស្រ្ត ហើយបើមន្រ្តីណាចង់មាន ចង់បានជ្រុលពេក សូមឲ្យ​មន្រ្តីទាំងនោះ ប្តូរមុខរបរទៅធ្វើជាអ្នកជំនួញវិញទៅចុះ។ 
 
ជាការពិតមិនអាចប្រកែកបាន មន្រ្តីជាន់ខ្ពស់នៃប្រទេសមួយ ទទួលបានកិត្តិយសខ្ពស់​ក្នុង​សង្គម​មែន​។ តែ​សិទ្ធិ និងសេរីភាពមួយចំនួនក៏ត្រូវបានសង្គមដកហូតទៅវិញដែរ ព្រោះ ពួកគេ​ត្រូវ​តែធ្វើខ្លួនជាជនគំរូនៃសង្គម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com