អន្តរជាតិ
ក្រសួងហិរញ្ញវត្ថុអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មលើសង្សារបស់ប្រធានាធិបតីរុស្ស៊ី
04, Aug 2022 , 7:29 pm        
រូបភាព
លោកស្រី Alina Maratovna Kabaeva។ រូបភាព៖ Tass
លោកស្រី Alina Maratovna Kabaeva។ រូបភាព៖ Tass
ក្រសួងហិរញ្ញវត្ថុអាម៉េរិក នៅថ្ងៃទី៣ ខែសីហា បានប្រកាសដាក់ទណ្ឌកម្មលើមិត្តស្រីល្បីឈ្មោះរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អ្នកនាង Alina Maratovna Kabaeva។ ការដាក់ទណ្ឌកម្មនេះ ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃវិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់​លើមេដឹកនាំរុស្ស៊ី ដើម្បីដាក់សម្ពាធលើវិមានក្រេមឡាំងបញ្ឈប់ការធ្វើសង្រ្គាមនៅអ៊ុយក្រែន។

 
អ្នកនាង Alina Maratovna Kabaeva ដែលមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំរុស្ស៊ីត្រូវបានអាម៉េរិកដាក់ទណ្ឌកម្មក្រោយចោទប្រកាន់អ្នកនាងថា ធ្លាប់ធ្វើជាមន្ត្រីប្រតិបត្តិជាន់ខ្ពស់ ឬសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាភិបាលនៃរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិកនៅថ្ងៃទី៣ ខែសីហា។ មុនការដាក់ទណ្ឌកម្មរបស់អាម៉េរិកនេះ អ្នកនាង Kabaeva ក៏ត្រូវបានសហភាពអឺរ៉ុប និងអង់គ្លេសដាក់ទណ្ឌកម្មរួចមកហើយ។ 
 
ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍នេះបានពណ៌នាអ្នកនាង Kabaeva ដែលមានវ័យ ៣៩ ឆ្នាំនេះថាមានទំនាក់ទំនងជិតស្និទ្ធជាមួយពូទីន។ លើសពីនេះ អ្នកនាងក៏ធ្លាប់ជាសមាជិកមួយរូបនៃសភាជាន់ទាបរុស្ស៊ី ខណៈបច្ចុប្បន្នជាប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយជាតិដែលគាំទ្ររុស្ស៊ី។ 
 
មុនការប្រកាសដាក់ទណ្ឌកម្មនេះ កាសែត Wall Street Journal កាលពីខែមេសា បានចុះផ្សាយថា ការដាក់ទណ្ឌកម្មលើអ្នកនាង Kabaeva កំពុងស្ថិតក្រោមការពិចារណា។ យ៉ាងណាមិញសំណើនេះក៏បានបង្កការព្រួយបារម្ភ ដោយសារទង្វើបែបនេះអាចនឹងធ្វើឱ្យមានភាពតានតឹង និងរុញច្រានអ្នកនាង Kabaevaឱ្យកាន់តែជិតស្និទ្ធជាមួយលោកពូទីន។
 
ក្រៅតែពីអ្នកនាង Kabaeva ក្រសួងហិរញ្ញវត្ថុអាម៉េរិកក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលសំខាន់​ៗ ក្រុមហ៊ុនផលិតដែកធំមួយនិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួនពីរ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុដែលត្រូវបានចោទប្រកាន់ពីបទដំណើរការប្រតិបត្តិការប្រឆាំងនឹងទណ្ឌកម្មអាម៉េរិក និងធ្វើសកម្មភាពគាំទ្រដល់វិមានក្រឹមឡាំង។ 
 
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លិងខិន បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនរដ្ឋចំនួនបីដែលជាក្រុមហ៊ុនគ្រប់គ្រងដោយក្រសួងដឹកជញ្ជូនរុស្ស៊ី បុគ្គលចំនួន ៤ នាក់និងអង្គភាពមួយដែលប្រតិបត្តិការខុសច្បាប់នៅក្នុងទឹកដីអ៊ុយក្រែន ដោយសហការជាមួយរុស្ស៊ី និងអង្គភាពវិស័យការពារជាតិ និងបច្ចេកវិទ្យាចំនួន ២៤ផ្សេងទៀត។  
 
បន្ថែមពីនេះ លោក ប្លិងខិន បានបញ្ជាក់ថាអាម៉េរិកក៏កំពុងដាក់កំហិតទិដ្ឋាការលើមន្ត្រីរុស្ស៊ីចំនួន ៨៩៣ នាក់ និងមន្ត្រីរដ្ឋាភិបាលបរទេសចំនួន ៣១ នាក់ ដែលបានធ្វើសកម្មភាពគាំទ្រការបញ្ចូលតំបន់គ្រីមេជាទឹកដីរុស្ស៊ី ដោយបានគំរាមកំហែង ឬរំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com