ជាតិ
រដ្ឋបាលព្រៃឈើ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ មិនមានការប៉ះពាល់ទាល់តែសោះ
04, Aug 2022 , 5:21 pm        
រូបភាព
រូបពី កញ្ញា ប៉ូ សុភា
រូបពី កញ្ញា ប៉ូ សុភា
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ បានអះអាងថា ការភិវឌ្ឍតំបន់ភ្នំតាម៉ៅ ពុំបានប៉ះពាល់ដល់សត្វព្រៃក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅនោះទេ។ ផ្ទុយទៅវិញ ការភិវឌ្ឍនេះ បានបន្ថែមការកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាំងស្តុកទឹកជាដើម។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មពីសារធារណជន អង្កការសង្គមស៊ីវិលជាច្រើន ខណៈរូបភាពឈួសឆាយដីព្រៃជាច្រើនសន្លឹក ត្រូវប្រជាពលរដ្ឋចែកចាយបន្ត។


 
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ នៅថ្ងៃទី៤សីហានេះ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅនេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងរបស់សារធារណជននោះទេ។ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាំងស្តុកទឹក។ 
 
មិនតែប៉ុណ្ណោះ ការដោះដូរនេះ ក៏ជំនួសមកវិញនូវការបង្កើតសារមន្ទីរជាតិនៅភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។ ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង និងមានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ។ 
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ បញ្ជាក់ថា តំបន់ភ្នំតាម៉ៅនេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំពលរដ្ឋ។ សត្វព្រៃ ដែលលើកឡើងកន្លងមកគឺជាសត្វព្រៃ ត្រូវបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០ភាគរយ ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។ 
 
សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីខាងរដ្ឋបាលព្រៃឈើបានទេ ។
 
សត្វព្រៃ ដែលតែងតែត្រូវបានអង្គការ សកម្មជនបរិស្ថាន និងសាធារណជន លើកឡើងនោះ គឺជាសត្វព្រៃដែលកំពុងរស់នៅ ក្នុងទ្រងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបានដោះលែង ឲ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង៤០០ហិកតា និងមិនមានសត្វព្រៃ អាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ 
 
រដ្ឋបាលព្រៃឈើ អះអាងថា ការលើកឡើងកន្លងមក ធ្វើឲ្យមានការភ័នច្រលំថាការអភិវឌ្ឍតំបន់នេះ ប៉ះពាល់ដល់សត្វព្រៃ។ ការអភិវឌ្ឍតែងតែមានផលប៉ះពាល់បន្តិចបន្តួច តែត្រឡប់មកវិញ គឺបានផ្តល់ការងារជូនពលរដ្ឋច្រើននៅតំបន់ និងការផ្តល់កំណើនសេដ្ឋកិច្ចជាតិ។ 
 

Tag:
 រដ្ឋបាលព្រៃឈើ
  ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com