អន្តរជាតិ
ស្រីលង្កា កំពុងរៀបចំផែនការ ២៥ឆ្នាំសម្រាប់ដោះស្រាយវិបត្តិដែលកើតមាន
04, Aug 2022 , 9:29 pm        
រូបភាព
លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា។ រូបភាព៖ AFP
លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា។ រូបភាព៖ AFP
ដោយ៖ ហ៊ួយ ស៊ីវលី

ប្រធានាធិបតីថ្មីស្រីលង្កា លោក Ranil Wickremesinghe នៅថ្ងៃទី២៣ ខែសីហា បាននិយាយថារដ្ឋាភិបាលរបស់ខ្លួនកំពុងរៀបចំគម្រោងសម្រាប់បង្ហាញគោលនយោបាយជាតិក្នុងរយៈពេល ២៥ ឆ្នាំបន្ទាប់ ដែលមានគោលបំណងកាត់បន្ថយបំណុលសាធារណៈ និងដើម្បីប្រែក្លាយប្រទេសទៅជាសេដ្ឋកិច្ចនាំចេញដែលមានការប្រកួតប្រជែង។

 
មកទល់ពេលនេះ វិបត្តិសេដ្ឋកិច្ចស្រីលង្កា នៅតែបន្តកើតឡើង ដោយហេតុនេះ លោកប្រធានាធិបតីថ្មី Ranil Wickremesinghe បានថ្លែងសុន្ទរកថា នៅថ្ងៃទី៣ ខែសីហា ទៅកាន់សភាថា ស្រីលង្កាត្រូវការដំណោះស្រាយរយៈពេលវែងមួយ និងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីបញ្ឈប់ការកើតឡើងវិញនៃវិបត្តិសេដ្ឋកិច្ច។ 
 
លោកបានបន្តថា រដ្ឋាភិបាលស្រីលង្កា បានចាប់ផ្តើមចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើផែនការសង្គ្រោះរយៈពេលបួនឆ្នាំ និងបានចាប់ផ្តើមការបញ្ចប់នៃផែនការរៀបចំរចនាសម្ព័ន្ធបំណុល។​ លោកគ្រោងនឹង​ដាក់​ផែនការ​នេះ​ទៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ពេល​អនាគត​ដ៏ខ្លី ហើយ​នឹង​ចរចា​ជាមួយ​ប្រទេស​ដែល​ផ្តល់​​កម្ចី។ 
 
នៅក្នុងផែនការសម្រាប់បង្ហាញផ្លូវគោលនយោបាយជាតិនេះ លោក Wickremesinghe បានសង្កត់ធ្ងន់ថា ជំនួសឱ្យការពឹងផ្អែកលើប្រាក់កម្ចីពីបរទេសសម្រាប់ការនាំចូលឥន្ធនៈ ស្រីលង្កាគួរតែផ្តួចផ្តើមប្រព័ន្ធមួយដែលប្រាក់ចំណូលពីការនាំចេញ និងការផ្ទេរប្រាក់របស់កម្មករបរទេស ត្រូវបានប្រើប្រាស់សម្រាប់ការទិញទំនិញ។ ម្យ៉ាងទៀត​ យើង​ក៏​ត្រូវ​កំណត់​ការ​នាំ​ចូល​លើទំនិញដែល​បាន​ជ្រើសរើស​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ទូទាត់​ថ្លៃ​ប្រេង។
 
ផែនការនេះ ក៏មានគោលបំណងបង្កើតចំនួនលើសនៅក្នុងថវិកាបឋមនៅឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយបំណុលសាធារណៈ ដែលបច្ចុប្បន្ននៅត្រឹម ១៤០ ភាគរយនៃផលិតផល​ក្នុង​ស្រុក​សរុប មកតិចជាង ១០០ ភាគរយនៅឆ្នាំ ២០៣២។ លោកប្រធានាធិបតី បានមានប្រសាសន៍យ៉ាងជឿជាក់ថា៖ «ប្រសិនបើយើងកសាងប្រទេសជាតិ និងសេដ្ឋកិច្ចតាមរយៈគោលនយោបាយសេដ្ឋកិច្ចជាតិ យើងនឹងអាចក្លាយជាប្រទេសអភិវឌ្ឍន៍ពេញលេញនៅឆ្នាំ ២០៤៨ នៅពេលដែលយើងប្រារព្ធខួបលើកទី ១០០ នៃឯករាជ្យភាពរបស់យើង»។
 
លោក Wickremesinghe ជាប្រធានាធិបតីថ្មី ដែលត្រូវបានជាប់ឆ្នោតកាលពីខែកក្កដា។ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានភៀសខ្លួនចេញពីប្រទេស និងកំពុងស្នាក់នៅសិង្ហបុរី បន្ទាប់ពីក្រុមបាតុករខឹងសម្បារចំពោះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ៕ 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com