ជាតិ
៦ខែ ប្រជាសហគមន៍ខេត្តមណ្ឌលគិរី ប្រមូលឃ្មុំបានប្រមាណ ៣០តោន
05, Aug 2022 , 8:59 am        
រូបភាព
ដោយ៖ ញឹក សំអូន

៦ខែឆ្នាំ២០២២ ប្រជាសហគមន៍ខេត្តមណ្ឌលគិរី ប្រមូលឃ្មុំបានចន្លោះពី ២០ទៅ ៣០តោន និងរកចំណូលបានប្រមាណ ៦០ម៉ឺនដុល្លារ។ សម្រាប់កសិករម្នាក់ ជាមធ្យមអាចរកចំណូលបានជាង ២លានរៀល ក្នុងមួយរដូវកាលប្រមូលឃ្មុំ។



របររកឃ្មុំអាចជួយដោះស្រាយជីវភាពប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការការពារព្រៃឈើធម្មជាតិទៀតផង។ លោក មាស ពណ៌ កសិកររស់នៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី បានចូលជាសមាជិកនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិត្រពាំងក្អើម ក្នុងការប្រកបរបរចូលព្រៃរកឃ្មុំ តាំងពីឆ្នាំ២០១៥មក ។ ការចូលជាសមាជិកនេះ ជួយឱ្យលោក ព័ណ៌ មានជីវភាពល្អប្រសើរជាងមុន ព្រោះសហគមន៍ជាអ្នកទិញឃ្មុំទាំងអស់ ដែលពួកគេរកបាន និងរក្សាតម្លៃបានសមរម្យ។

លោកបន្តថា ការរកឃ្មុំមានផលលំបាកច្រើនពេលធ្វើដំណើរទៅឆ្ងាយ។ មួយទៀតឃ្មុំវានៅដើមឈើខ្ពស់ៗ ពិបាកយក ដោយពេលខ្លះវាទិចធ្វើឱ្យហើមមុខមាត់ និងរលាត់ដៃជើងក៏មានដែរ។ លោក ពណ៌ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗពី របៀបប្រមូលឃ្មុំនៅក្នុងសហគមន៍ គឺប្រមូលតាមបែបបច្ចេកទេស ដែលចេះតៗគ្នាពីដូនតាបានបន្សល់ទុកឱ្យ រួមទាំងទទួលបានការចុះអប់រំ និងបណ្ដុះបណ្ដាលពីអង្គការមូលនិធិសត្វព្រៃពិភពលោក WWF។

«របៀបយកឃ្មុំបែបប្រពៃណី យើងប្រើអង្គប់ភ្លើង តែមិនមែនយកភ្លើងដុត ឬថ្នាំពុលបាញ់វាទេ យើងប្រើតែផ្សេង ដើម្បីបង្ហុយឱ្យមេឃ្មុំហើរចេញពីសម្បុក ទើបយើងអាចប្រមូលទឹកឃ្មុំ»។ លោក មាស ពណ៌ លើកឡើងបែបនេះ រួចបញ្ជាក់ថា យើងមិនមែនយកឃ្មុំម្ដងទាំងអស់នោះទេ គឺដំបូងកាត់យក ៨០ភាគរយនៃចំនួនឃ្មុំ ហើយទុក ២០ភាគរយ ដើម្បីឱ្យមេឃ្មុំបន្តចិញ្ចឹមកូនវាបន្តទៀត។


លោក មាស ពណ៌ សមាជិកអ្នករកឃ្មុំសហគមន៍តំបន់ការពារធម្មជាតិត្រពាំងក្អើម។ រូបភាព៖ ញឹក សំអូន
 
បុរសវ័យ ៣៥ឆ្នាំរូបនេះប្រាប់ឱ្យដឹងបន្ថែមថា ឃ្មុំមួយឆ្នាំទៅមួយឆ្នាំ អាចកើតមានច្រើន ឬតិចទៅតាមរដូវកាល និងកត្តាអាកាសធាតុ។ ប្រសិនបើមានកម្ដៅថ្ងៃខ្លាំង ឬមានភ្លៀងខ្លាំង ឃ្មុំក៏មិនសូវមាននោះទេ។ លោក មាស ពណ៌ បញ្ជាក់ថា រដូវកាលរកឃ្មុំចាប់ពីខែ មីនា ដល់ខែមិថុនា។

«ជាមធ្យមខ្ញុំរកទឹកឃ្មុំបាន ១៥ ទៅ២០លីត្រ ពេលចូលរកម្ដងៗ។ ខ្ញុំចូលទៅ(រកឃ្មុំ) ចន្លោះពី ១០ ទៅ២០ដង។ ទឹកឃ្មុំលេខ១ លក់បាន ៦ម៉ឺន លេខ២ បានជាង ៥ម៉ឺន។ សរុបក្នុងមួយរដូវខ្ញុំរកចំណូលបានជាង ២លានរៀល»។ នេះបើតាមការរៀបរាប់របស់អ្នករកឃ្មុំរូបនេះ។

ដើម្បីងាយស្រួលយកសម្ភារ និងឧបករណ៍យកឃ្មុំ រួមទាំងស្បៀងអាហារទុកហូបក្នុងព្រៃ លោក មាស ពណ៌ បានប្រមូលគ្នាជាក្រុម មាន ៣ទៅ ៤នាក់ ចូលទៅម្ដងៗ ដោយប្រើពេលចាប់ពី៣ ទៅ៤ថ្ងៃ ទើបត្រឡប់មកផ្ទះវិញ។ ចំពោះសម្ភារដែលត្រូវយកចូលព្រៃរួមមាន សាំងម៉ូតូ អង្ករ អំបិល ប៊ីចេង ស្ករ និងសម្ភារផ្សេងៗទៀត។

បុរសកម្ពស់ប្រមាណ ១ម៉ែត្រ ៦៥ រូបនេះ បន្លឺសម្ដីថា ការប្រមូលទឹកឃ្មុំរបស់ពួកគេ ពេលខ្លះចូលទៅក្នុងព្រៃជាច្រើនថ្ងៃហើយ ត្រឡប់មកវិញអត់បានទឹកឃ្មុំក៏មានដែរ ព្រោះវាជាការរកបែបផ្សងព្រេង។

លោក សៀង សុធា ប្រធានផ្នែកគម្រោងអភិវឌ្ឍសហគមន៍ នៃអង្គការ WWF បានឱ្យដឹងថា ប្រជាសហគមន៍ខេត្តមណ្ឌលគិរី ប្រមូលឃ្មុំបានចន្លោះពី ២០ទៅ ៣០តោន និងរកចំណូលបានប្រមាណ ៦០ម៉ឺនដុល្លារ ៦ខែឆ្នាំ២០២២នេះ ។


លោក សៀង សុធា ប្រធានផ្នែកគម្រោងអភិវឌ្ឍសហគមន៍ នៃអង្គការ WWF។ រូបភាព៖ ញឹក សំអូន

លោក សុធា រៀបរាប់ថា ប្រជាពលរដ្ឋដែលចូលរកឃ្មុំត្រូវសម្អាតសម្ភារយកឃ្មុំឱ្យបានស្អាតជាប្រចាំ។ ហើយសម្រាប់ការយកឃ្មុំនេះ គឺយកតាមបច្ចេកទេស មិនអនុញ្ញាតឱ្យដាក់ថ្នាំ ឬដុតឃ្មុំ ដើម្បីយកវានោះទេ។

មន្ត្រីអង្គការ WWF រូបនេះ បានបន្ថែមថា មណ្ឌលគិរី មានឃ្មុំ ២ប្រភេទ គឺឃ្មុំចង្អេរ និងឃ្មុំផ្លិត។ ឃ្មុំទាំងនោះ វាក្រេបលម្អងផ្កាជាច្រើនប្រភេទនៅក្នុងព្រៃ។ លោកបន្តថា ក្នុងមួយរដូវអាចប្រមូលឃ្មុំបាន ៣ដង ដែលក្នុងមួយដង អាចយកបាន ៨០ភាគរយ និង ២០ភាគរយទៀត ទុកសម្រាប់ចិញ្ចឹមកូនឃ្មុំបន្ត។

លោក សៀង សុធា បញ្ជាក់បែបនេះ៖ «អ្វីដែលសំខាន់ គឺជនជាតិដើមភាគតិចយកឃ្មុំតាមបច្ចេកទេស ដោយមិនដុត ឬធ្វើឱ្យភ្លើងឆេះព្រៃឡើយ។ ពួកគេស្រឡាញ់ព្រៃ និងអភិរក្សការពារព្រៃ ព្រោះវាជាប្រភពចំណូលរបស់ពួកគេមួយផ្នែក ក្រៅពីការធ្វើស្រែចំការ»។

ត្រឹមតែដែនជម្រកសត្វព្រៃភ្នំព្រិក និងស្រែពក គឺគំរបព្រៃឈើអាចឱ្យប្រជាពលរដ្ឋក្នុងតំបន់នោះ ប្រមូលឃ្មុំបានចន្លោះពី ១០០ ទៅ១៥០តោន និងលក់បានប្រាក់ប្រមាណ ៣លានដុល្លារ ក្នុងមួយរដូវនៅឆ្នាំ២០២១។ នេះបើតាមមន្ត្រីអង្គការ WWF។


លោក សុធា លើកឡើងពីអត្ថប្រយោជន៍នៃរបររកឃ្មុំថា ការចងក្រងជាសហគមន៍ វាអាចជួយការពារព្រៃឈើ ក៏ដូចជាធនធានធម្មជាតិបានច្រើន ហើយការប្រមូលឃ្មុំមណ្ឌលគិរី ក៏ភ្ជាប់ជាមួយវប្បធម៌ជនជាតិដើមភាគតិចដែរ។

បច្ចុប្បន្នក្នុងខេត្តមណ្ឌលគិរីមានសហគមន៍រកឃ្មុំចំនួន ១០សហគមន៍ បែងចែកជា ១១ក្រុម ហើយមានសមាជិក ៤៤៩នាក់។ មន្ត្រីអង្គការ WWF បញ្ជាក់បែបនេះ រួចបន្លឺសម្ដីថា សម្រាប់អ្នកចូលជាសមាជិកសហគមន៍ នឹងទទួលបានការបណ្ដុះបណ្ដាលពីសមាគន៍ និងអ្នកជំនាញខាងមន្ទីរពាណិជ្ជកម្ម។ ដូច្នេះការប្រមូលផលឃ្មុំ នឹងមាននិរន្តភាព និងមានលក្ខណៈល្អ៕​



Tag:
 ទឹកឃ្មុំមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com