ជាតិ
លោក ថោង ខុន រំពឹងថា សៀមរាប នឹងទទួលបានទេសចរអន្តរជាតិ ៥០ម៉ឺននាក់នៅឆ្នាំ២០២៣
06, Aug 2022 , 10:31 am        
រូបភាព
ដោយ:
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថាខេត្តសៀមរាប នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៥០ម៉ឺននាក់នៅឆ្នាំ២០២៣។ ការរំពឹងនេះផ្អែកលើកំណើនទេសចរក្នុងឆ្នាំ២០២២ និងព្រឹត្តិការណ៍ធំៗ២ គឺស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម នៅឆ្នាំ២០២៣។


 
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) ជាផ្លូវការនៅថ្ងៃទី១សីហា ក្នុងខេត្តសៀមរាប។ ក្នុងកម្មពិធីនោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីការងើបឡើងវិញនៃទេសចរណ៍ខេត្តសៀមរាប និងផែនការអភិវឌ្ឍតំបន់ទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។ 
 
បើតាមលោក ថោង ខុន រយៈពេល៦ខែឆ្នាំ ២០២២នេះសៀមរាប ទទួលបានទេសចរអន្តរជាតិ៦ ម៉ឺននាក់ ហើយលោកសន្និដ្ឋានថារហូតដល់ដាច់ឆ្នាំ២០២២ សៀមរាបនឹងទទួលបានទេសចរអន្តរជាតិ ៤ម៉ឺននាក់ថែមទៀត។ ជាមួយគ្នានេះ សៀមរាបនឹងអាចទទួលបានទេសចរផ្ទៃក្នុង ២លាននាក់ឆ្នាំ ២០២២ ហើយប្រមាណ ៤លាននាក់នៅក្នុងឆ្នាំ២០២៣។

លោក ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍ ។
 
តាមរយៈកំណើនទេសចរនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា នៅឆ្នាំ២០២៣ សៀមរាបនឹងអាចមានទេសចរអន្តរជាតិ ៥០ម៉ឺននាក់។ «សៀមរាប នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក មួយភាគបួន នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង ២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ ៤លាននាក់ នៅក្នុងឆ្នាំ២០២៣»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
 
លោក ថោង ខុន រំពឹងបែបនេះ ព្រោះនៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយជើងហោះហើរត្រង់ពីសឹង្ហបុរី និងថៃ ទៅកាន់ខេត្តសៀមរាបក៏កើនឡើង។ ចំណែកជើងហោះហើរក្នុងស្រុកបានបន្តកើនឡើងដូចគ្នា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com