ជាតិ
រយៈពេល៧ខែ រមណីយដ្ឋានអង្គររកចំណូលបានប្រមាណ៣.២លានដុល្លារ ពីទេសចរអន្តរជាតិ
06, Aug 2022 , 11:39 am        
រូបភាព
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅអង្គរតូច ក្នុងរមណីយដ្ឋានអង្គរ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅអង្គរតូច ក្នុងរមណីយដ្ឋានអង្គរ
ដោយ:
ភ្នំពេញ៖ រយៈពេល៧ខែនៃឆ្នាំ២០២២ ទេសចរអន្តរជាតិដើរកម្សាន្តនៅរមណីយដ្ឋានអង្គរប្រមាណ ៨ម៉ឺននាក់។ តាមរយៈភ្ញៀវទេសចរទាំងនោះធ្វើឱ្យរមណីយដ្ឋានអង្គរអាចរកចំណូលបាន ៣.២លានដុល្លារ ដោយក្នុងខែកក្កដា គ្រឹះស្ថានអង្គរអាចរកចំណូលបានច្រើនជាងគេ។


 
យោងតាមរបាយការណ៍ចំណូលប្រចាំខែពីទេសចរអន្តរជាតិរបស់គ្រឹះស្ថានអង្គរ ចាប់តាំងពីខែមករាឆ្នាំ២០២២មក ទេសចរអន្តរជាតិទៅកម្សាន្តនៅរមណីយដ្ឋានអង្គរកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងខែកក្កដា បើទោះអាកាសធាតុមិនសូវអំណោយផល តែទេសចរអន្តរជាតិ ដើរកម្សាន្តនៅរមណីយដ្ឋានអង្គររហូតដល់ជាង ២ម៉ឺននាក់ ដែលអាចឱ្យគ្រឹះស្ថានអង្គរទទួលបានចំណូលបានជាង ៩០ម៉ឺនដុល្លារ។ 
 
យ៉ាងណាមិញ តាមរយៈរបាយការណ៍សរុបពីខែមករា ដល់ខែកក្កដា រមណីយដ្ឋានអង្គរទទួលបានទេសចរអន្តរជាតិ ៨៣ ៨៥៤នាក់។ ជាមួយនឹងទិន្នន័យទេសចរនេះ គ្រឹះស្ថានអង្គរទទួលបានចំណូល ៣ ២០២ ៨៧០ដុល្លារ ពីការលក់សំបុត្រឱ្យទេសចរអន្តរជាតិ ចូលទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
 
សូមជម្រាបថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ មានតម្លៃ ៣៧ដុល្លាររយៈពេល ១ថ្ងៃ និង៦២ដុល្លារសម្រាប់៣ថ្ងៃ ហើយតម្លៃ ៧២ដុល្លារសម្រាប់រយៈពេល១សប្តាហ៍។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានអង្គរបានសម្រេចពន្យារពេលឱ្យទេសចរអន្តរជាតិ មានន័យថាសំបុត្ររយៈពេល ១ថ្ងៃអាចដើរកម្សាន្តបាន ២ថ្ងៃ និងមានសុពលភាព ៥ថ្ងៃ។ ចំណែកសំបុត្រ ២ថ្ងៃអាចទស្សនាបាន ៥ថ្ងៃ មានសុពលភាព៥ថ្ងៃ និងសំបុត្រ១សប្តាហ៍ អាចទស្សនាបាន ១០ថ្ងៃ មានសុពលភាព ៣០ថ្ងៃ៕
 

Tag:
 រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com